ទោះបីកូរ៉េខាងជើងព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែរ មិនថាស្ថិតក្រោមកិច្ចព្រមព្រៀងការទូតណាមួយក៏ដោយ ត្រូវប្រើរយៈពេលយូរមិនអាចបញ្ចប់ភ្លាមៗទេ។ យោងតាមការវិភាគថ្មីមួយពីអតីតមន្ដ្រីអាមេរិក បើមានកិច្ចព្រមព្រៀងហើយយ៉ាងហោចណាស់ក៏ត្រូវចំណាយពេលដល់១០ឆ្នាំដែរ ទើបសង្ឃឹមថាអាចបញ្ចប់បានការរំលាយចោលអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។
ដើម្បីច្បាស់ព័ត៌មានបន្ថែម ជាបន្ដសូមស្ដាប់សេចក្ដីរាយការណ៍ពីពេញ ផេង នៅក្នុងនាទីវិភាគព្រឹត្ដិការណ៍អន្ដរជាតិដូចតទៅ៖
សំឡេង៖
កិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន គ្រោងនឹងធ្វើនៅថ្ងៃទី១២មិថុនាខាងមុខនេះហើយដោយសិង្ហបុរីជាម្ចាស់ផ្ទះ។ កិច្ចប្រជុំមានរបៀបវារៈជាច្រើនដែលមេដឹកនាំទាំងពីរត្រូវពិភាក្សា តែអ្វីដែលសំខាន់បំផុតនិងត្រូវបានដឹងជាសាធារណៈ គឺពិភាក្សាពីដំណើរការរំលាយចោលអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ ព្រោះតែបញ្ហានុយក្លេអ៊ែរ ទើបភាគីពាក់ព័ន្ធជំរុញឲ្យមានកិច្ចជំនួបកំពូលកើតឡើង។
កិច្ចប្រជុំគ្រោងទុកនេះធ្លាប់រងភាពរង្គ្រោះរង្គើក្នុងពេលថ្មីៗ ដោយសារមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ប្រកាសចង់លុបចោលកិច្ចប្រជុំក្រោមហេតុផល បើអាមេរិកទទូចឲ្យកូរ៉េខាងជើងដកហូតអាវុធនុយក្លេអ៊ែរជាឯកតោភាគី មានន័យថាកូរ៉េខាងជើងបោះបង់នុយក្លេអ៊ែរ តែអាមេរិកនៅបំពាក់នុយក្លេអ៊ែរដដែល។ ជាមួយនឹងអ្វីដែលលោកគីម ជុងអ៊ុនបានប្រកាស លោកដូណាល់ ត្រាំឯនេះបានប្រកាសនៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកូរ៉េខាងជើងកាលពីថ្ងៃទី២៤ឧសភាថា លោកនឹងលុបចោលកិច្ចប្រជុំតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប៉ុន្ដែមួយថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃទី២៥ឧសភាលោកត្រាំបានប្រកាសថាកិច្ចប្រជុំអាចចាប់ផ្ដើមឡើងវិញ ក្រោយមានចំណាត់ការការទូតគឹកូរ៉េខាងជើងចេញសេចក្ដីថ្លែងការណ៍ ស្នើឲ្យអាមេរិកពិចារណាចំពោះការលុបចោលកិច្ចប្រជុំ។
បច្ចុប្បន្នទាំងអាមេរិកនិងកូរ៉េខាងជើងកំពុងខិតខំយ៉ាងសស្រាក់សស្រាំ ជួយជំរុញឲ្យកិច្ចប្រជុំកំពូលជាប្រវត្ដិសាស្ដ្រអាចដំណើរការដោយរលូន។ មន្ដ្រីអាមេរិកនិងមន្ដ្រីកូរ៉េខាងជើងបានជួបពិភាក្សាគ្នាពីការរៀបចំកិច្ចប្រជុំ ដោយមន្ដ្រីអាមេរិកមួយក្រុមបានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងជើងតែម្ដងកាលពីថ្ងៃទី២៧ឧសភា។ ដោយឡែកមន្ដ្រីអាមេរិកមួយក្រុមនិងមន្ដ្រីកូរ៉េខាងជើងមួយក្រុមទៀត បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរីហើយដែរ ជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំដើម្បីរៀបចំដំណើរការបន្ដ។ ជំនួបរវាងលោកដូណាល់ ត្រាំជាមួយលោកគីម ជុងអ៊ុនរំពឹងខ្ពស់ថាអាចចាប់ផ្ដើមតាមការគ្រោងទុក ប៉ុន្ដែអ្វីជាមន្ទិលសង្ស័យគឺលទ្ធផលក្រោយបញ្ចប់កិច្ចប្រជុំ ថាកូរ៉េខាងជើងយល់ព្រមលុបបំបាត់អាវុធនុយក្លេអ៊ែរដោយរបៀបណា ហើយប្រើពេលយូរប៉ុនណា។
ជុំវិញករណីនេះមានអ្នកជំនាញបីរូបបានចេញមកបកស្រាយ។ ការវាយតម្លៃមួយបានចេញផ្សាយកាលពីថ្ងៃទី២៨ឧសភា ដោយអ្នកជំនាញនៅសាកលវិទ្យាល័យStanford ខណៈសេតវិមានកំពុងព្យាយាមផ្ទៀងផ្ទាត់ថាកូរ៉េខាងជើងនឹងលុបចោលអាវុធនុយក្លេអ៊ែរដោយរបៀបណា។ លោកSiegfried Hecker អ្នកវិទ្យាសាស្ដ្រនុយក្លេអ៊ែរម្នាក់ធ្លាប់បានធ្វើដំណើរទៅកូរ៉េខាងជើង ដើម្បីត្រួតពិនិត្យតំបន់នុយក្លេអ៊ែរនៅទីនោះ បានសហការធ្វើជាអ្នកវិភាគជាមួយលោកRobert Carlin បានចំណាយពេលជាច្រើនឆ្នាំនៅស្ថាប័នCIAនិងក្រសួងការបរទេស រួមនឹងលោកElliot Serbinជាជំនួយការស្រាវជ្រាវលោកHecker។
អ្នកជំនាញទាំងបីបានកំណត់កម្មវិធីជាក់លាក់ចំនួន២២កម្មវិធីដើម្បីអាចវិភាគបាន ក្នុងនោះមានដូចជាឃ្លាំងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ឃ្លាំងមីស៊ីលឬឧបករណ៍កែច្នៃនុយក្លេអ៊ែរកូរ៉េខាងជើងជាដើម ដែលអ្នកចរចាអាមេរិកចាំបាច់ត្រូវនិយាយជាមួយកូរ៉េខាងជើង។ អ្នកជំនាញបានប៉ាន់ប្រមាណថាការផ្អាកកម្មវិធីទាក់ទងនឹងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង អាចចំណាយពេលតិចជាងមួយឆ្នាំ ប៉ុន្ដែបើចង់ឲ្យរំលាយចោលឬកំណត់ឲ្យបោះបង់តែម្ដង យ៉ាងហោចណាស់ក៏ត្រូវចំណាយពេលពី៦ទៅ១០ឆ្នាំដែរ។
អ្នកវិភាគនិងអ្នកជំនាញផ្នែកអាវុធបានចង្អុលបង្ហាញថា កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ នឹងត្រូវចំណាយពេលច្រើនដោយសារតែភាពស្មុគស្មាញនៃការចរចា និងការខ្វះទំនុកចិត្ដរវាងភាគីទាំងពីរ។ ម្យ៉ាងកូរ៉េខាងជើងក៏ត្រូវការពេលវេលា សម្រាប់សង្គ្រោះការព្រួយបារម្ភផ្នែកសន្ដិសុខ។ លោកHeckerដែលធ្លាប់បម្រើការជានាយកមន្ទីរពិសោធន៍Los Alamosជាតិ បានប្រាប់កាសែតThe New York Timesថា លោកជឿជាក់ពិតជាត្រូវការពេលវេលារហូតដល់១៥ឆ្នាំ។ ការធានារំលាយចោលនុយក្លេអ៊ែរ មិនអាចសម្រេចបានដោយការសន្យារបស់អាមេរិក ឬកិច្ចព្រមព្រៀងលើក្រដាសនោះទេ វាត្រូវការរយៈពេលយូរសម្រាប់សហការគ្នានិងពឹងពាក់គ្នាទៅវិញទៅមក៕