ស៊ុយអែត នៅតែ​ប្រកាស​បន្ត​ជួយ​កម្ពុជា​រហូតដល់​ឆ្នាំ​២០២២

26-05-2018 4:53 pm 1307
  ស្តាប់
ស្តាប់ជាសំឡេង

បើទោះជា​មាន​ការលើកឡើង​ព័ត៌មាន​ជុំវិញ​ជំនួយ របស់​រដ្ឋាភិបាល​ស៊ុយអែត ថា​នឹងត្រូវ​ផ្តាច់​ពី​កម្ពុជា​ក៏ដោយ ប៉ុន្តែ ឥឡូវនេះ​រដ្ឋាភិបាល​ស៊ុយអែត​នៅតែ​ប្រកាសថា នឹង​ជួយ​កម្ពុជា​បន្ត​រយះពេល​៥​ឆ្នាំ​ទៅមុខទៀត​។​

​ក្នុងជំនួប​ទ្វេភាគី​រវាង​លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក Johannes Oljelund​អគ្គនាយក​នៃ​ក្រសួងការបរទេស​ស៊ុយអែត ក្នុងនោះ​លោក​អគ្គនាយក​តំណាងអោយ​រដ្ឋាភិបាល​ស៊ុយអែត បានប្រកាស​ពី​គោលជំហរ​របស់ខ្លួន ត្រៀម​ផ្តល់​កិច្ចសហប្រតិបត្តិការ​ជួយ​កម្ពុជា ជា​បន្តទៀត​ចាប់ ពី​ឆ្នាំ​២០១៨-២០២២​។​

​ក្នុង​ដំណើរ​ទស្សនៈកិច្ច លោក JonannesOljelund​បានបង្ហាញ​ពី​ការគាំទ្រ​ដល់​ការអភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ​នៅ​កម្ពុជា  ដើម្បី​ជំរុញ​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​រវាង​កម្ពុជា​-​ស៊ុយអែត​កាន់តែ​រឹងមាំ​។​

​ដោយឡែក​លោក​អូន ព័ន្ធមុនីរ័ត្ន បាន​សម្តែង​ការ​សាទរ ចំពោះ​រដ្ឋាភិបាល​ស៊ុយអែត ដែល​បន្ត​ជួយ​កម្ពុជា​លើ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម រយៈពេល​៥​ឆ្នាំ​បន្តទៅទៀត​។ លោក​បន្ថែមថា រដ្ឋាភិបាល​ស៊ុយអែត បាន​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​អោយ​កាន់តែ​ស្អិតរ​មួ​ត​បន្ថែមទៀត ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​ក៏​បានបង្ហាញ​ពី​ការវិវត្តន៍​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ក្នុង​រយៈពេល​ជាង​២​ទ​ស្សវ​ត្យ​ន៍​កន្លងមកនេះ ដែល​កម្ពុជា​អាច​រក្សាបាន​ស្ថេរភាព​កំណើនសេដ្ឋកិច្ច​ជាង​៧​ភាគរយ​ក្នុង​មួយឆ្នាំ​ទៀតផង​។​

​គួររំលឹកថា ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ស៊ុយអែត ក៏មាន​អ្នកវិភាគ​មួយចំនួន បាន​លើកឡើងថា​វត្តមាន​ស៊ុយអែត​នាពេលនេះ​គឺ​មក ដើម្បី​ផ្តាច់​ជំនួញ​ពី​កម្ពុជា ដោយសារ​ស្ថាន​នយោបាយ និង​ការ​បំបិទ​សារព័ត៌មាន​។​

​គួរ​បញ្ជាក់ថា ក្នុង​រយះពេល​ជាង​៥​ឆ្នាំ​ចុងក្រោយ​នេះ ស៊ុយអែត បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា គិត​ជា​ទឹក​ប្រមាណ​ជាង​១០០​លាន​ដុល្លា​រអា​មេ​រិច​ក្នុង​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ផងដែរ​៕

ព័ត៌មានផ្សេងទៀត