រដ្ឋមន្ដ្រីការបរទេសរុស្ស៊ីលោកSergei Lavrov បានចេញមុខច្រានចោលរបាយការណ៍របស់ក្រុមស៊ើបអង្កេតដឹកនាំដោយហូឡង់ ដែលថារុស្ស៊ីជាអ្នកបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរម៉ាឡេស៊ីMH17កាលពីឆ្នាំ២០១៤។ លោករដ្ឋមន្ដ្រីរុស្ស៊ីបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៥ឧសភាថា រដ្ឋមន្ដ្រីការបរទេសហូឡង់បានទូរស័ព្ទមកលោក និយាយថាគ្មានអ្វីត្រូវសង្ស័យឡើយដែលមីស៊ីលប្រភេទBUKហោះចេញពីរុស្ស៊ី។ ប៉ុន្ដែលោកLavrovបានសួរទៅវិញថាមានភស្ដុតាងអ្វីមកអះអាង រដ្ឋមន្ដ្រីការបរទេសហូឡង់មិនបានផ្ដល់ការពិតណាមួយឡើយ។
លោកLavrovបានចោទហូឡង់ថាចង់ប្រើសោកនាដកម្មធ្លាក់យន្ដហោះសម្លាប់មនុស្ស២៩៨នាក់នេះ ដើម្បីសម្រេចគោលនយោបាយរបស់គេប៉ុណ្ណោះ។ លោកថារបាយការណ៍ដែលក្រុមស៊ើបអង្កេតបានប្រកាសជាសាធារណៈជាលើកដំបូងមិនត្រឹមត្រូវទេ គ្មានអាវុធបែបនេះធ្លាប់ហោះឆ្លងកាត់ព្រំដែនអ៊ុយក្រែន-រុស្ស៊ីឡើយ។ វាជាការប៉ុនប៉ងមួយធ្វើឲ្យរុស្ស៊ីអាក់អន់ចិត្ដ និងក្លាយជាអ្នកបង្កហេតុនៅក្នុងក្រសែភ្នែកសហគមន៍អន្ដរជាតិប៉ុណ្ណោះ។
មន្ដ្រីស៊ើបអង្កេតជាន់ខ្ពស់ហូឡង់លោកWilbert Paulissen បាននិយាយកាលពីថ្ងៃទី២៤ឧសភាថា មីស៊ីលប្រភេទ BUK-TELARដែលបាញ់ទម្លាក់យន្ដហោះMH17 បានហោះមកពីកងវរសេនាធំប្រឆាំងយន្ដហោះចម្បាំងទី៥៣ មានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី។ លោកបានប្រាប់អ្នកសារព័ត៌មានថា កងវរសេនាធំទី៥៣ ជាផ្នែកមួយនៃកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី។
សូមរម្លឹកថា យន្ដហោះដឹកអ្នកដំណើរម៉ាឡេស៊ីMH17 ត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៤ ខណៈហោះពីទីក្រុងអាមស្ទែដាមប្រទេសហូឡង់ ឆ្ពោះទៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។ នៅលើយន្ដហោះផ្ទុកមនុស្សសរុប២៩៨នាក់ ភាគច្រើនជាជនជាតិហូឡង់។ នេះជាសោកនាដកម្មធំបំផុតទីពីររបស់ម៉ាឡេស៊ី បន្ទាប់ពីយន្ដហោះដឹកអ្នកដំណើរMH370ផ្ទុកមនុស្ស២៣៩នាក់ បានបាត់ដំណឹងតាំងពីថ្ងៃទី០៨ខែមីនាឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្នមិនដឹងទៅទីណា៕