ក្រសួងរ៉ែ និងថាមពល សុំមិនធ្វើអត្ថាធិប្បាយបន្ថែម ជុំវិញមូលហេតុ ដែលបណ្តាលឲ្យកើតមានករណី ពុលទឹក នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ បណ្តាលឲ្យប្រជាពលរដ្ឋ១៣នាក់ស្លាប់ និងធ្លាក់ខ្លួនឈឺជាង២០០នាក់ នោះទេ។ មិនអត្ថាធិប្បាយ ដោយសារតែមានក្រសួងស្ថាប័ន ពាក់ព័ន្ធជាច្រើនបានចេញនូវ សេចក្តីប្រកាសពីលទ្ធផលស្រាវជ្រាវ ជុំវិញករណីពុលនេះ ពិសេសគឺក្រសួងសុខាភិបាល។ នេះបើតាមការបញ្ជាក់ពីលោក ម៉េង សក្តិធារ៉ា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន នាថ្ងៃទី២៣ ឧសភានេះ។
អ្នកនាំពាក្យរូបនេះ បានអះអាងថា អ្វីដែលជាផែនការសកម្មភាពបន្ត របស់ក្រសួងរ៉ែ និងថាមពល គឺធ្វើយ៉ាងណាដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មរុករករ៉ែ អណាធិបតេយ្យ ឲ្យបានជាដាច់ខាត។
សំឡេង
ការបញ្ជាក់ពីមន្ត្រីក្រសួងរ៉ែ និងថាមពលនេះ ធ្វើឡើងបន្ទាប់ពីមានក្រសួងពាក់ព័ន្ធជាច្រើន បានបង្ហាញពីលទ្ធផលស្រាវជ្រាវជុំវិញករណីពុល នៅខេត្តក្រចេះ។ ភ្លាមៗក្រោយពេលកើតហេតុ រដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង បានអះអាងថា ការស្លាប់របស់ប្រជាពលរដ្ឋ ទាំងនោះ ដោយសារតែការផឹកស្រា មានជាតិមេតាណុលខ្ពស់ ទើបបណ្តាលឲ្យពុលស្លាប់។
ប៉ុន្មានថ្ងៃក្រោយមក លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏បានប្រកាសអះអាងថា ករណីពុលក្នុងខេត្តក្រចេះ គឺបណ្តាលមកពីការផឹកទឹកព្រែក ដែលមានជាតិស្យានីតខ្ពស់ កើតចេញពីក្រុមហ៊ុនរុករករ៉ែមាស ប្រើសម្រាប់លាងមាស នៅក្នុងខេត្តមណ្ឌលគិរី ហើយបានហូរចូល តាមដងព្រែកទេរ បង្កការពុលតែម្តង។
សូមបញ្ជាក់ថា លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏ធ្លាប់បានមានប្រសាសន៍ថា ករណីពុលស្លាប់ប្រជាពលរដ្ឋ និងធ្លាក់ខ្លួនឈឺក្នុងខេត្តក្រចេះ ជាច្រើននាក់នោះ ពុំមានពាក់ព័ន្ធទៅនឹងសារធាតុស្យានីតនោះទេ៕