មេទ័ព​​បី​រូប​​នឹងត្រូវ​​ព្យួរ​មុខតំណែង​ ដើម្បី​ឈរ​ឈ្មោះ​ជា​​បេក្ខជន​​តំណាងរាស្ត្រ ​

23-05-2018 11:25 am 3536
  ស្តាប់
ពីឆ្វេងទៅស្តាំ លោកគន់ គីម លោកប៉ុល សារឿន លោកមាស សុភា
ស្តាប់ជាសំឡេង

​យ៉ាងហោចណាស់ មន្ត្រី​កំពូល​ក្នុង​ជួរ​កង​យោធពលខេមរភូមិន្ទ​បី​រូប នឹងត្រូវ​ព្យួរ​មុខតំណែង ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ក្នុងនោះ​មាន​ទីមួយ គឺ​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ ទី​ពីរ​គឺ លោក​គន់ គីម អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ផង និង ជា​នាយសេនាធិការ​ចម្រុះ នៃ​កង​យោធពលខេមរភូមិន្ទ ទី​បី​គឺ​លោក​មាស សុភា ជា​អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ផង​។ 

​ការព្យួរ​មុខតំណែង​នេះ ត្រូវបាន​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​លោក​ឈុំ សុជាតិ អះអាង​នៅ​ថ្ងៃទី​២២ ខែ​ឧសភា ថា ដោយសារ​អ្នក​ទាំងនោះ ត្រូវ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅតាម​មណ្ឌល​ផ្សេងៗ សម្រាប់​ការប្រកួតប្រជែង​ការបោះឆ្នោតជាតិ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​លោក ឈុំ សុជាតិ មិនបាន​បញ្ជាក់ថា តើ​ការព្យួរ​តួនាទី​អ្នក​ទាំងនេះ នឹង​ចាប់ធ្វើ​នៅពេលណា ឲ្យ​ជាក់លាក់​នៅឡើយ​ទេ​។ ប៉ុន្តែ បើតាម​ច្បាប់បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ មន្ត្រី​កង​យោធពលខេមរភូមិន្ទ​ដូច​ពួកគាត់ ដែល​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​បែបនេះ ត្រូវដាក់​ពាក្យសុំ​ច្បាប់ឈប់​ពិសេស យ៉ាងតិច ៧​ថ្ងៃ មុន​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។ បើតាម​ប្រតិទិន​របស់​គ​.​ជ​.​ប យុទ្ធនាការ​ឃោសនាបោះឆ្នោត នឹង​ចាប់ផ្ដើម​ធ្វើ​រយៈពេល ២១ ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​៧ ខែកក្កដា ដល់​ថ្ងៃទី​២៧ ខែកក្កដា​។​

​លោក​ឈុំ សុជាតិ បញ្ជាក់ថា ការព្យួរ​តួនាទី អគ្គមេបញ្ជាការ​ជាន់ខ្ពស់​៣​រូប នៅ​កងយោធពល​ខេរ​ម​ភូមិន្ទ ដែល​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ គឺ​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ដែល​តម្រូវឱ្យ​បេក្ខជន​តំណាងរាស្ត្រ​ព្យួរ​តួនាទី ជា​បណ្តោះអាសន្ន​។​

​លោក​ឈុំ សុជាតិ បាន​លើកយក​មាត្រា​២៥ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ប្រកាស​៤.៣ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គឺ​តម្រូវឱ្យ​មន្ត្រីរាជការ មន្ត្រី​តុលាការ កងកម្លាំង​នគរបាលជាតិ កង​យោធពលខេមរភូមិន្ទ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ សមាជិក​ឧត្តមក្រុមប្រឹក្សា នៃ​អង្គចៅក្រម និង​បព្វជិត​សាសនា ដែល​មានបំណង​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដាក់​ពាក្យសុំ​ច្បាប់ឈប់​ពិសេស ឬ​លាចាក​សិក្ខាបទ​រហូតដល់ ថ្ងៃ​ប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​ជា​ស្ថាពរ យ៉ាងតិច​៧​ថ្ងៃ មុន​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។​

​សូមបញ្ជាក់ថា លោក​ប៉ុល សារឿន បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ​។ លោក​គន់ គីម បាន​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ​តែមួយគត់ នៅ​មណ្ឌល​ឧត្តរមានជ័យ និង លោក​មាស សុភា បាន​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ​តែមួយគត់​នៅ​មណ្ឌល​ព្រះវិហារ​៕

ព័ត៌មានផ្សេងទៀត