រដ្ឋមន្ត្រី​សិប្បកម្ម​បង្ហាញ​ពី​មូលហេតុ​ជុំវិញ​ករណី​ពុល​នៅ​ខេត្ត​ក្រចេះ​

18-05-2018 5:52 pm 1525
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​បញ្ជាក់​ពី​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត ស្រាវជ្រាវ ជុំវិញ​ករណី​ពុល​ស្រា និង​សង្ស័យ​ពុល​ទឹក នៅ​ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១៣​នាក់​ស្លាប់ និង​ជាង​២០០​នាក់​ផ្សេង​ទៀត ធ្លាក់ខ្លួន​ឈឺ​។​

ថ្លែង​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​ទី​១៧ ឧសភា លោក​រដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រោយ​ផ្ទុះ​ករណី​ពុល​នៅ​តំបន់​ខាងលើ​នេះ ក្រុម​មន្ត្រី​ជំនាញ នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ចុះ​ស្រាវជ្រាវ ស្វែងរក​ប្រភព និង​មូលហេតុ​ដែល​បណ្តាលឲ្យ​កើត​មាន​ការពុល​បែបនេះ​។ ជា​លទ្ធផល បាន​ពិនិត្យឃើញ​ថា ក្នុង​ស្រា​ដែល​ប្រជាពលរដ្ឋ​ផឹក គឺ​មាន​ជាតិ​មេ​តា​ណុល​ខ្ពស់ ទើប​បណ្តាលឲ្យ​ពុល​។ មួយវិញទៀត ការពុល បណ្តាលមកពី​ការហូរ​ច្រោះ​សារធាតុ​”​ខ្យា​នី​ត​” ជា​ប្រភេទ​សារធាតុ​គីមី សម្រាប់​លាង​សម្អាត​មាស ដែល​មាន​ជាតិពុល​ខ្លាំង ចេញពី​ការដ្ឋាន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ស្ថិតនៅ​ខេត្ត​មណ្ឌលគិរី ចូល​មក​ព្រែក​ទេ​រ នៅ​ពេល​ភ្លៀង​ធ្លាក់​។​

សំឡេង​

លោក​រដ្ឋមន្ត្រី មានប្រសាសន៍​បន្ត​ថា នាពេលនេះ ក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម បាន​បញ្ជូន​សំណាក​រកឃើញ​ទាំងនេះ ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​ត្រួតពិនិត្យ និង មាន​វិធានការ​។ ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី បាន​អះអាង​ថា នឹង​ស្នើ​ឲ្យមាន​វិធានការលើ​ការធ្វើអា​ជីវ​កម្ម​រ៉ែ​មាស ទាំង​មាន​អាជ្ញា​បណ្ណ និង​គ្មាន​អាជ្ញា​បណ្ណ ពិសេស​គឺ​ការគ្រប់គ្រង​ទៅ​លើ​ការប្រើប្រាស់​សារធាតុ​”​ខ្យា​នី​ត​” ដែល​ជា​ធាតុគីមី​មាន​ជាតិពុល​ខ្លាំង​។​

សំឡេង

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក យស មុនី​រ៉ាត់  អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​អះអាង​ថា បច្ចុប្បន្ន​នេះ​ក្រុមមន្ត្រី​ជំនាញ​កំពុង​សិក្សា​យ៉ាង​លម្អិត ទៅលើ​សំណាក​រ៉ែ​មាស នៅ​តំបន់​ខេត្ត​មណ្ឌលគិរី ដោយ​មិន​ទាន់​វាយតម្លៃថា យ៉ាង​មិច​នោះទេ​។​

សំឡេង

​កាលពីដើម​ខែ​ឧសភា​កន្លងទៅនេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​កន្តួ​ត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ជាច្រើន​រយ​នាក់ បាន​ធ្លាក់ខ្លួន​ឈឺ​និង​ស្លាប់​ជា​បន្តបន្ទាប់ ដោយសារ​ពុល​ស្រា និង​ពុល​ទឹក​នៅ​តាម​ព្រែក​ទេ​រ​។ 
​លោក​ផុន ភា មេ​ប៉ុស្តិ៍​ឃុំ​កន្តួ​ត បាន​ប្រាប់​វិទ្យុ​វាយោ​ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ការពុល​ស្រា និង​ទឹក បាន​ធូរស្បើយ​អស់ហើយ​។ ដោយឡែក​សម្រាប់​ការប្រើប្រាស់​ទឹក គឺ​ពួកគេ​ប្រើប្រាស់​ទឹកបរិសុទ្ធ​តាមរយៈ​ការ​ផ្គត់​ផ្គង​ពី​មន្ត្រី​អាជ្ញាធរ និង​ក្រុមហ៊ុន​ឯកជន​។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ​សាលា​ខេត្តក្រចេះ បាន​ចុះ​ជីក​អណ្តូង​ជូន​ដល់​ប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់​ផង​ដែរ​។​

សំឡេង​

​គួរបញ្ជាក់​ថា បាន​បើ​តាម​ការអះអាង​ពី​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បានបញ្ជាក់​ថា យោង​តាម​ការធ្វើ​ពិសោធន៍​ទឹក​នៅ​តាម​ព្រែក​ទេរ កាលពី​ថ្ងៃ​ទី​១៧ ឧសភា ឃើញថា សារធាតុ​ពុល នៅក្នុង​ទឹក​នោះ បាន​សាបរលាប​អស់ហើយ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត