អាមេរិក​​សោក​ស្ដាយ​​ដែល​​អតីត​​គណបក្ស​​សង្គ្រោះ​​ជាតិ​​មិន​បាន​​ចូល​រួម​​ការ​បោះឆ្នោត​

18-05-2018 5:21 pm 2643
  ស្តាប់
ស្តាប់ជាសំឡេង

​សហរដ្ឋអាមេរិក​មាន​ការសោកស្តាយ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការសម្រេចចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការហាម​មិនឲ្យ​ឥស្សរជន​សំខាន់ៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការបោះឆ្នោតជាតិ នៅ​ខែកក្កដា ឆ្នាំ​២០១៨​។ ការសម្រេចចិត្ត​នេះ រារាំង​អ្នកបោះឆ្នោត​កម្ពុជា​រាប់លាន​នាក់ មិនឲ្យ​អនុវត្តន៍​សិទ្ធិតាម​លទ្ធិប្រជាធិបតេយ្យ​របស់គេ នៅក្នុង​ការបោះឆ្នោត​ឲ្យ​បេក្ខជន​តាម​ជម្រើស ហើយ​ធ្វើឲ្យមាន​ការចោទជា​សំណួរ​ទៅលើ​ភាពត្រឹមត្រូ​វនៃ​ដំណើរការ​បោះឆ្នោត​នេះ​។ យើង​អំពាវនាវ​ឲ្យ​ដ្ឋា​ភិបាល​កម្ពុជា​អនុញ្ញាតឲ្យគ​ណ​បក្ស​សង្គ្រោះ​ជាតិ ដាក់​បេក្ខជន​ចូលរួម​ក្នុង​ការបោះឆ្នោត​នេះ​ជាបន្ទាន់​។​

​នេះ​ជា​ការលើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក លោក​Heather Nauert នៅក្នុង​សេចក្ដីថ្លែងការណ៍​ខ្លី​មួយ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។ សេចក្ដីថ្លែងការណ៍​នេះ បាន​ធ្វើឡើង​ក្រោយ គ​.​ជ​.​ប បញ្ចប់​ការចុះបញ្ជី​គណបក្សនយោបាយ ទាំង​ដែល​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ហាក់ដូចជា​រុញ​ទូក​បណ្ដោយ​ទឹក លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​និយាយថា លោក​ក៏​សោកស្ដាយ​ដែរ ដែល​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង​ប្រព្រឹត្ត​ល្មើសច្បាប់​ដោយ​ខ្លួនឯង ដែល​ធ្វើឲ្យ​បាត់សិទ្ធិ​មិន​អាចចូល​រួម​ការបោះឆ្នោតបាន​។ លោក​សុខ ឥសាន ក៏បាន​ណែនាំ​ឲ្យ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ពិនិត្យមើល​លើ​ទង្វើ​ល្មើសច្បាប់​របស់​បក្សប្រឆាំង និង​ថា​ការអំពាវនាវ​នេះ​គឺ​បាន​រំលោភ​អំណាចតុលាការ និង​នីតិរដ្ឋ​នៅ​កម្ពុជា​។​

​លោក​សុខ ឥសាន​៖

សូម​ជម្រាប​ដែរថា ក្រោយ​ការចាប់ខ្លួន​លោក​កឹម សុខា​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ តុលាការ​កំពូល​ក៏​បានសម្រេច​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ តាម​បណ្ដឹង​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ជាមួយគ្នា​នោះ ក្រុម​អ្នកតំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូប ក៏​ត្រូវបាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ តាមច្បាប់​ស្ដីពី​គណបក្សនយោបាយ​ថ្មី​៕

​ដោយ៖ ធុច ធារ៉ា

ព័ត៌មានផ្សេងទៀត