គ ជ ប​៖ រយៈពេល​១៣​ថ្ងៃ គណបក្ស​ចំនួន​១០​បាន​ចុះបញ្ជី​ឈ្មោះ​រួចរាល់ និង​៤​ទទួលស្គាល់​ផ្លូវការ

13-05-2018 11:22 am 2208
  ស្តាប់
ស្តាប់ជាសំឡេង

​គ ជ ប បានផ្តល់​រយៈពេល ១៤​ថ្ងៃ សម្រាប់​គណបក្សនយោបាយ​ទាំងអស់ អាច​ស្នើសុំ​ចុះបញ្ជី​ឈ្មោះ ប្រគួតប្រជែង ក្នុង​ការបោះឆ្នោត​នីតិកាល​ទី​៦ នា​ថ្ងៃទី​២៩  ខែ​កក្ត​ដា ឆ្នាំ​២០១៨​ខាងមុខ​។ គិត​រហូតមក​ពេលនេះ រយៈពេល ១៣​ថ្ងៃ​ហើយ ដែល​គណបក្សនយោបាយ​ចំនួន​១០ បាន​ចុះបញ្ជី​ឈ្មោះ​រួចរាល់ ។​

​គិត​មក​ត្រឹម​ល្ងាច​ថ្ងៃទី​១២ ខែ​ឧសភា នេះ មាន​គណបក្សនយោបាយ​ចំនួន​១០ ដែល​បាន​ចុះបញ្ជី​ឈ្មោះ​រួចរាល់ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត ហើយ​គណបក្ស​៤​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ ដោយ គណកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ ជ ប​។ នេះ​បើ​យោងតាម​កិច្ចសម្ភាសន៍​លោក ឌឹ​ម សុ​វណ្ណា​រុំ  សមាជិក និង​អ្នកនាំពាក្យ គ ជ ប កាលពី​ម្សិលមិញ​។​

​លោ​បាន​បញ្ជាក់ថា ក្នុងចំណោម​គណបក្សនយោបាយ​ទាំង​១០ គឺមាន​គណបក្ស​ចំនួន​៤ ដែល​ត្រូវបាន គ​.​ជ​.​ប ទទួលស្គាល់​ជា​ផ្លូវការ​រួចហើយ រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា​, គណបក្ស​យុវជន​កម្ពុជា​,​គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​រួបរួម​ជាតិ .................

​លោក ឌឹ​ម សុ​វណ្ណា​រុំ ៖

​លោ​កឌឹម សុ​វណ្ណា​រុំ បាន​បន្តថា ក្រៅពី​គណបក្ស​ដែល​បាន​ចុះបញ្ជី​រួចរាល់ ក៏មាន​គណបក្សនយោបាយ ចំនួន​៧​ទៀត កំពុង​បំពេញ​លក្ខខណ្ឌ​តម្កល់​ប្រាក់ ១៥​លាន​រៀល​នៅ​រតនាគារជាតិ  និង​គណបក្ស​៦​ផ្សេងទៀត បានទទួល​ទម្រង់ ១០០៨​ពាក្យសុំ​ចុះឈ្មោះ​ពី គ ជ ប ផងដែរ​។​

​គួរបញ្ជាក់​ផងដែ​រថា គ ជ ប បានផ្តល់​រយៈពេល ចំនួន ១៤​ថ្ងៃ សម្រាប់​គណបក្សនយោបាយ​ទាំងអស់ អាច​ស្នើសុំ​ចុះឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខភាព​តំណាងរាស្ត្រ ដែល​គិត​ចាប់ពី​ថ្ងៃទី​៣០​ខែ​មេសា រហូតដល់ ថ្ងៃទី​១៤ ខែឧសភា​ឆ្នាំ​២០១៨ ។​

​ដូច្នេះ​នៅសល់​រយៈពេល​ត្រឹមតែ​១​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ដែល​គណបក្សនយោបាយ​អាច​ស្នើសុំ​ចុះបញ្ជី ឈ្មោះ​បោះឆ្នោត និង​បញ្ជី​ឈ្មោះ​បេក្ខភាព​តំណាងរាស្ត្រ របស់ខ្លួន  ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត នីតិកាល​ទី​៦ ឆ្នាំ​២០១៨​ខាងមុខនេះ​៕


ព័ត៌មានផ្សេងទៀត