ផ្ទុះ​ករណី​ពុល​លើ​ប្រជាពលរដ្ឋ​១៦​នាក់​បន្ថែមទៀត​ហើយ​នៅ​ខេត្ត​ក្រចេះ​

12-05-2018 10:45 am 1114
  ស្តាប់
ស្តាប់ជាសំឡេង

​បើទោះជា​មានការ​ហាមប្រាម ពី​ក្រសួងសុខាភិបាល និង​អាជ្ញាធរ​ក៏ដោយ ក៏​ករណី​ពុល នៅ​ខេត្តក្រចេះ នៅតែ​បន្ត​មាន ជា​បន្តបន្ទាប់​។ ជាក់ស្តែង កាលពី​ថ្ងៃទី​១១ ឧសភា មាន​ប្រជាពលរដ្ឋ​ចំនួន​១៦​នាក់​បន្ថែមទៀត បាន​ពុល  ក្នុងនោះ​ម្នាក់​បាន​ស្លាប់​។​

​បើតាម​សមត្ថកិច្ច​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ មាន​កម្មករ​ធ្វើ​ចំការ នៅ​ភូមិ អូ​ទូ ឃុំ​ស្វាយ​ជ្រះ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ចំនួន​១៦​នាក់ សង្ស័យ​ជា​ករណី​ពុល បណ្តាលឲ្យ​ស្លាប់​ម្នាក់ និង​១៥​នាក់​ផ្សេងទៀត កំពុង​សង្គ្រោះ​។​

​អាជ្ញាធរ​បាន​ឲ្យដឹងទៀតថា កម្មករ​រងគ្រោះ​ទាំង​១៦​នាក់​នោះ មាន​ស្រុកកំណើត​នៅ​ខេត្ត ត្បូវឃ្មុំ ប៉ុន្តែ​ទៅ​ធ្វើការ​នៅ​ខេត្តក្រចេះ ហើយ​នៅ​យប់​ថ្ងៃទី​១១ ខែ​ឧសភា ក៏​កើតឡើង​នូវ​អការៈ ថប់ដង្ហើម ទន់ដៃទន់ជើង ក្អួត  ទើប​បណ្តាលឲ្យក​ម្មក​រមា្ន​ក់​ស្លាប់ និង​១៥​នាក់​ទៀត (​មាន​ស្រី​៦) ផ្សេងទៀត ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

​គួរ​រំលឹក​បន្តិច​ថា កាលពី​ថ្ងៃទី​៥ ខែ​ឧសភា មាន​ផ្ទុះ​ករណី​ពុល​សារ​ធាតុគីមី នៅ​ភូមិ ស្រែ​នន និង​ភូមិ​អាល​ច ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​បណ្តាលឲ្យ​ពលរដ្ឋ​ចំនួន​១៣​នាក់​ស្លាប់ (​ស្រី​៨​នាក់​) និង​ធ្លាក់ខ្លួន​ឈឺ​ចំនួន ២៨០​នាក់​(​ស្រី​១៦២​នាក់​កុមារ ៦៩​នាក់​)​។ ករណី​ពុល​នេះ ត្រូវបាន​ក្រសួងសុខាភិបាល​អះអាង​ថា ដោយសារ​ប្រជាពលរដ្ឋ​ពិសារ​ស្រាស ដែលមាន​ជាតិ​មេ​តា​ណុល​ខ្ពស់ និង​ទឹក​ដែលមាន​កំហាប់​លើស ។
​ដោយឡែក​នៅ​ថ្ងៃទី​០៩ ខែ​ឧសភា ក៏មាន​ករណី​ពុល​ថ្មី​មួយទៀត នៅ​ខេត្តមណ្ឌលគិរី បណ្តាលឲ្យ​ពលរដ្ឋ​ចំនួន​១៤​នាក់​ធ្លាក់ខ្លួន​ឈឺ និង​កើនឡើង​ដល់​៨០​នាក់ គិត​ត្រឹម​ថ្ងៃទី​១០ ឧសភា​។ ករណីនេះ អាជ្ញារ​ធរ​បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំងនោះ មាន​អាការៈ​ក្អួតចង្អោ ដែល​សង្ស័យថា​ពុល​ទឹក​ផងដែរ​។​

​បន្ទាប់ពី​មាន​ការពុល​ជា​បន្តបន្ទាប់ ក្រសួងសុខាភិបាល​ក៏បាន សេចក្តីណែនាំ​ឲ្យ​ពលរដ្ឋ​ទាំងអស់​ស្ថិតក្នុង​តំបន់​ដែល​រង​ការពុល ត្រូវ​បញ្ឈប់​បណ្តោះអាសន្ន​នូវ​ការប្រើប្រាស់ និង​បរិភោគ​ទឹក ប្រភព​ចេញពី​តំបន់​នោះ និង​ហាម​ដាច់ខាត មិនត្រូវ​ពិសារ​ស្រាស ដែល​បិទ រឺលក់​ក្នុង​មូលដ្ឋាន ដែល​រងគ្រោះ ហើយ​ត្រូវអនុវត្ត ការហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត​៕

ព័ត៌មានផ្សេងទៀត