រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្លាស់ប្តូរទម្រង់នៃសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្នើទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើឡើងនៅថ្ងៃទី០៧ ខែឧសភា ។
លិខិតដដែលបញ្ជាក់ថា ទម្រង់នៃសន្លឹកវិញ្ញាបនបត្រនេះ បានរក្សានូវរូបប្រាសាទអង្គរវត្ត ដែលអាចមើលឃើញក្រោមពន្លឺ, អក្សរ Copy នឹងលេចឡើងនៅពេលធ្វើការថតចម្លងសន្លឹកវិញ្ញាបនបត្រ និងរូបព្រះរាជសង្ហាពណ៌ក្រហម នឹងមើលឃើញពេលសីតុណ្ហភាពត្រជាក់ ។ ដោយឡែក ចំណុចដែលមានការកែប្រែ និងបន្ថែមថ្មីរួមមាន ៖ បន្ថែម QR Code សម្រាប់សាធារណៈជនអាចផ្ទៀងផ្ទាត់ព័ត៌មានលើប័ណ្ណ ស្ថិតនៅក្រោមផ្នែកខាងឆ្វេង នៃសន្លឹកវិញ្ញាបនបត្រ, ត្រូវបានដកចេញនូវពាក្យ «វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ» ដែលមានទម្រង់អក្សរតូចៗ ព្រាលៗ នៅលើសន្លឹកវិញ្ញាបនបត្រមុន, បានបញ្ចូលនូវផែនទីនៃព្រះរាជាណាចក្រកម្ពុជា ជាទម្រង់ព្រាលៗ នៅកណ្តាលសន្លឹកវិញ្ញាបនបត្រ និងពាក្យ « វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ » ដែលមានទម្រង់អក្សរតូចព្រាលៗ លក្ខណៈជាខ្សែបន្ទាត់កាត់ទទឹង ពេញផ្ទៃនៃផែនទី និងពាក្យ AIDOBMAC FO MODGNIK, KINGDOM OF CAMBODIA មានទម្រង់អក្សរតូចព្រាលៗ នៅតាមដងទន្លេមេគង្គ និងបន្ថែមលេខរៀងវិញ្ញាបនបត្រ ពី៧ខ្ទង់ ទៅ៨ខ្ទង់វិញ ៕ (ដោយ៖ គង់ ឧត្តម)