លោក​ស៊ុន ចាន់ថុល​៖​​ពលរដ្ឋ​​មួយចំនួន​ មិនទាន់​​គោរព​ច្បាប់​​ចរាចរណ៍​​បាន​ត្រឹមត្រូវ​​

11-05-2018 2:59 pm 1276
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ស៊ុន ចាន់ថុល បានឲ្យដឹងថា ការប្រើប្រាស់​ល្បឿន​ហួសកំណត់​ក្នុង​ការបើកបរ​នៅតែ​ជា​មូលហេតុ​ចម្បង​បណ្តាលឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​។ លោក​ក៏បាន​ជំរុញ ឱ្យ​សមាជិក​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រឹតបន្តឹង​លើ​ការបើកបរ​ហួសកំណត់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​ជាមួយគ្នានេះ លោក​ស៊ុន ចាន់ថុល បាន​វាយតម្លៃថា ប្រជាពលរដ្ឋ​មួយចំនួន នៅ​មិនទាន់​គោរព​ច្បាប់​ចរាចរណ៍​បាន​ត្រឹមត្រូវ​នៅឡើយ ដូចជា​ការ​ជិះ​ម៉ូតូ​បញ្ជ្រាសទិស​ចរាចរណ៍​, មិន​ពាក់​មួកសុវត្ថិភាព​ក្នុងពេល​បើកបរ ដែល​ទាំងនេះ គឺជា​មូលហេតុ​ចំបង​បណ្តាលឱ្យ​ស្លាប់ និង​របួស​។ 

យោង​របាយការណ៍​របស់​នាយកដ្ឋាន​នគ​រ​បាល​ចរាចរ និង​សណ្ដាប់ធ្នាប់​សាធារណៈ បាន​បង្ហាញថា ក្នុង ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​បាន​កើតឡើង​ចំនួន ៣៥៣១​ករណី បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៧៨០​នាក់ រងរបួស​ចំនួន ៥ ៥៣៩​នាក់ ។​

​មូលហេតុ​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​បណ្តាលមកពី​ការបើកបរ​ហួស​ល្បឿន​កំណត់​។​ក្នុងចំណោម​អ្នក​ដែល​គ្រោះថ្នាក់​ដល់​អាយុ​វ​ជីវិត​ច្រើនជាងគេ គឺ​អ្នក​ដែល​បើកបរ​ម៉ូតូ ដោយ​មិនបាន​ពាក់មួក​ការពារ​សុវត្ថិភាព គឺ​ប្រមាណ​ជាង ៧០% ដែលជា​រឿង​ដ៏​គួរឲ្យ​ព្រួយបារម្ភ​បំផុត​។ 

​ក្នុងនាម​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាច​រណ៍ លោក​ស៊ុន ចាន់ថុល បាន​ជំរុញ ឱ្យ​សមាជិក​គណៈកម្មាធិការ​ការ ត្រូវ​រឹតបន្តឹង​លើ​ការបើកបរ​ហួសកំណត់​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​ការពិភាក្សា​លើ​សេចក្តីព្រាង​របាយការណ៍​សកម្មភាព​ការងារ​ប្រចាំ​ខែមេសា ឆ្នាំ​២០១៨ ស្តីពី​ការត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺ​ផ្តោត​សំខាន់​ទៅលើ​បញ្ហា​ចម្បង​នានា​ទាក់ទង​នឹង​ការតាក់តែង​លិខិតបទដ្ឋាន ការផ្សព្វផ្សាយ​អប់រំ​ច្បាប់ និង​ឯកទេស​ជំនាញ លទ្ធផល​ត្រួតពិនិត្យ​រឹតបន្តឹង​អនុវត្តន៍​ច្បាប់ សភាពការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ប្រតិកម្ម​របស់​សាធារណជន បញ្ហា​និង​ភាព​ប្រឈម ផែនការ និង​ទិសដៅ​អនុវត្តន៍​ការងារ​បន្ត​៕ 

ព័ត៌មានផ្សេងទៀត