ភ្លាមៗ នៅក្រោយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបណ្តុំដោយក្រុមបញ្ញវន្ត និងអ្នកប្រជាធិបតេយ្យជំនាន់ថ្មី បានប្រកាសពីការសម្រេចចិត្តចូលរួមការបោះឆ្នោតនាខែកក្កដាខាងមុខ ស្រាប់តែ គណបក្សនេះ រងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ពិសេសអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិតែម្តង។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោកសាម អ៊ីន តបទៅវិញថា លោកមិនខឹងនឹងអ្នកទាំងនោះទេ។ លោកនិយាយថា ការចូលរួមវាប្រសើរជាងធ្វើពហិការ។ លោកសាម អ៊ីន អះអាងថា លោកយល់ពីអារម្មណ៍អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិពីព្រោះពួកគេកំពុងរងនូវភាពអយុត្តិធម៌ ដោយសារតែបក្សដែលខ្លួនស្រឡាញ់ត្រូវគេរំលាយ។ លោកថា ការចូលរួមការបោះឆ្នោត គឺជាឱកាសមួយសម្រាប់ឲ្យគណបក្សលោក បានផ្សព្វផ្សាយពីវប្បធម៌នយោបាយថ្មី គោលនយោបាយថ្មី និងផ្តល់ជាជម្រើសថ្មីដល់ប្រជាពលរដ្ឋខ្មែរ ដែលចង់បាននូវការផ្លាស់ប្តូរ និងចង់បាននូវអ្វីដែលថ្មីសម្រាប់ប្រទេសកម្ពុជា។ លោកសង្ឃឹមថា តាមរយៈការពន្យល់នេះ នឹងធ្វើឲ្យអ្នកទាំងនោះផ្លាស់ប្តូរចិត្ត ហើយងាកមកគាំទ្រគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្រាប់កសាងប្រជាធិបតេយ្យជាថ្មីឡើងវិញ។
ជាបន្តសូមស្តាប់លោកសាម អ៊ីន តាមរយៈកិច្ចសម្ភាសន៍ជាមួយខុន ប៊ុនថុល ដូចតទៅ៖