​កម្ពុជា​នឹង​ជំរុញ​ខ្លួន​ក្លាយ​ជា​សង្គម​សេដ្ឋកិច្ច​ឌី​ជី​ថល​នៅ​ឆ្នាំ​២០៣០

09-05-2018 4:03 pm 2061
  ស្តាប់
លោក វង្សី វិស្សុត រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានព្រឹកនេះ ។ រូបថតដោយ គង់ ឧត្តម ។
ស្តាប់ជាសំឡេង

​គម្រោង​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៨​នេះ តែ​យ៉ាងណាក៏ដោយ ដើម្បី​ធ្វើឱ្យ​សង្គម​កម្ពុជា ក្លាយ​ជា​សង្គម​សេដ្ឋកិច្ច​ឌីជីថល យើង​ត្រូវ​ចំណាយពេល​១៥​ឆ្នាំ ហើយ​ដោយ​ដើរ​លើ​ផ្លូវត្រូវ និង​មាន​ប្រសិទ្ធភាព ក្នុងទិសដៅ​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​មធ្យម នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០ ។ នេះ​បើ​តាម​លោក វង្សី វិស្សុត រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​ឧសភា ។​

​លោក​បញ្ជាក់ថា កិច្ចការ​នេះ អាច​សម្រេច​ទៅ​បាន លុះត្រា​ណា​តែ​មាន​ការ​ធ្វើ​ត្រូវ ទាំង​ការអនុវត្ត ច្បាប់ លើកស្ទួយ​នូវ​វិនិយោគិន​ក្មេងៗ​ជំនាន់​ក្រោយ និង​បង្កើត​បរិយាកាស​ល្អ​ចំពោះ​អ្នករកស៊ី​ផ្នែក​បច្ចេកវិទ្យា​ជាដើម​…
​សំឡេង​៖

​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ក៏​មាន​គម្រោង​ក្នុង​ការជួយ​គាំទ្រ​ទៅដល់​សហគ្រិន​វ័យក្មេង ដែល​បើក​អាជីវកម្ម​ខ្នាត​តូច​ដូចជា កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​, គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​, ជំនាញ​, គំនិត​ស្មារតី​សម្រាប់​បង្កើត​នូវ​ក្រុមហ៊ុន​មួយ  ដើម្បី​លើកទឹកចិត្ត​ដល់​អ្នក​ដែល​មាន​សមត្ថភាព និង​អ្នក​ដែល​មាន​សក្តានុពល​ទៅមុខ​វែងឆ្ងាយ ។​

​គូសបញ្ជាក់ថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ក្រោម​ប្រធានបទ សេដ្ឋកិច្ច​ឌីជីថល និង​សហគ្រិនភាព និង​នវានុវត្តន៍ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ គឺ​ធ្វើឡើង​ដើម្បី​ចែករំលែក​ចំណេះដឹង និង​ពិភាក្សា​ស៊ីជម្រៅ​ជាមួយ​អ្នកពាក់ព័ន្ធ អំពី​ទស្សនទាន បញ្ហា​ប្រឈម កាលានុវត្តន៍​ភាព យន្តការ និង​អាទិភាព​គោលនយោបាយ ដែល​គួរ​ដាក់​ចេញ​សម្រាប់​អនុវត្ត​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា ក៏ដូចជា​ដើម្បី​លើកកម្ពស់​សហគ្រិនភាព និង​នវានុវត្តន៍ នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា ៕ (​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត