ក្រសួងសុខាភិបាលបានរកឃើញហើយនូវមូលហេតុដែលបណ្តាលអោយប្រជាពលរដ្ឋនៅខេត្តក្រចេះ រងគ្រោះ និងស្លាប់ជាបន្តបន្ទាប់ ដែលករណីនេះបង្កការភ្ញាក់ផ្អើល និងភ័យខ្លាច រហូតប្រជាពលរដ្ឋមួយចំនួនបានបោះបង់លំនៅដ្ឋាន របស់គេទៀតផង។
ករណីពុលស្លាប់ប្រជាពលរដ្ឋនៅខេត្តក្រចេះ បើតាមការសន្និដ្ឋាន របស់ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី៨ខែឧសភា បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលពុលគឺដោយសារពិសាស្រាស ដែលមានជាតិមេតាណុលខ្ពស់លើសកម្រិត និងពុលដោយសារការបរិភោគទឹកយកពីព្រែកតេ និងអូរគគី ដែលមានជាតិគីមីពុលដោយសារថ្នាំបាញ់ស្មៅ និងសត្វល្អិត ដែលហូរចូលក្នុងព្រែក និងអូនោះ ដោយមានកំហាប់លើសកម្រិត។
យោងតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា លទ្ធផលទទួលបានពីមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល និងមន្ទីរពិសោធន៍នៃវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា(តិចណូ) សំណាកស្រាស និងទឹក ដែលយកចេញពីប្រភពដែលសង្ស័យថាពុល ត្រូវបានបញ្ជូនមកពិសោធន៍៖
១៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ លទ្ធផលទទួលបានពីការធ្វើតេស្តលើសំណាកស្រាស ឃើញថា មានជាតិមេតាណុលខ្ពស់លើសកម្រិតរហូតដល់១៤,៩%ដែលធ្វើអោយពុលខ្លាំង ហើយកម្រិតមិនពុលនោះមិនត្រូវលើសពី០,១%ឡើយ។
២៖នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៨ លទ្ធផលទទួលបានពីការធ្វើតេស្តលើសំណាកទឹក ឃើញថា មានជាតិពុលដែលបណ្តាលមកពីថ្នាំបាញ់សម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត ហូរចូលក្នុងព្រែកតេ និងអូរគគី មានលើសពីកម្រិតស្តង់ដាររហូតដល់ពី ១២,៣៩ppdដល់ ២៦,១២ppd (ppd:part per billion =microgram per liter) ហើយកំហាប់សរុបមិនត្រូវលើសពី ០,៥ ppd ឡើយ(តាមស្តង់ដារអឺរ៉ុប)។
ក្រសួងក៏បានហាមមិនអោយប្រជាពលរដ្ឋដែលរស់នៅតំបន់កើតហេតុការណ៍ក្នុងខេត្តក្រចេះនោះ ដាច់ខាតបញ្ឈប់ការពិសាស្រាស ដែលបិត និងលក់ក្នុងមូលដ្ឋាន និងហាមដាច់ខាតមិនត្រូវប្រើប្រាស់ទឹកព្រែកតេ និងទឹកអូរគគី ជាបណ្តោះអាសន្ន ហើយប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តអនាម័យលើចំណីអាហារស្អាត រស់នៅ និងហូបស្អាត។
សូមរំលឹកថា មានហេតុការណ៍មួយបានកើតឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្រែនននិងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ មានករណីពុល ដែលសង្ស័យថាពុលទឹក ធ្វើអោយប្រជាពលរដ្ឋមានរោគសញ្ញា៖ ឈឺពោះ, ក្អួតចង្អោរ, ឈីក, អស់កម្លាំង, ទន់ដៃទន់ជើង, វិលមុខ និងថប់ដង្ហើម រហូតបណ្តាលឲ្យស្លាប់និងជនរងគ្រោះជាច្រើននាក់ផ្សេងទៀតត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យកាល់់ម៉ែតរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងករណីនេះបណ្តាលអោយជនរងគ្រោះបានស្លាប់ចំនួន១៣នាក់ ក្នុងនោះមានស្រី៨នាក់និងអ្នកធ្លាក់ខ្លួនឈឺមានចំនួន២៨០នាក់ ក្នុងនោះស្រី១៦២នាក់ និងកុមារ៦៩នាក់។សម្រាប់ជនរងគ្រោះដែលបាត់បង់ជីវិតទាំង១៣នាក់ គឺស្លាប់នៅផ្ទះចំនួន៦នាក់, ស្លាប់នៅមន្ទីរពេទ្យបង្អែកម្នាក់, ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត២នាក់, ស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យកាល់ម៉ែត២នាក់និងស្លាប់នៅតាមផ្លូវពេលបញ្ចូនដល់មន្ទីរពេទ្យកាល់ម៉ែត២នាក់៕