ក្រសួង​ប្រកាស​បញ្ឈប់​ការ​ពិសា​ស្រាស​និង​ប្រើប្រាស់​ទឹក​ព្រែក​ទេរ​នៅ​ខេត្ត​ក្រចេះ​

08-05-2018 1:09 pm 2262
  ស្តាប់
អ្នករងគ្រោះ សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ នាពេលកន្លងមក ។
ស្តាប់ជាសំឡេង

​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ដង​ព្រែក ដៃ​ព្រែក​ទេ​រ បញ្ឈប់​នូវ​ការ​ពិសា​ស្រាស និង​បញ្ឈប់​ការប្រើប្រាស់​ទឹក​ព្រែក​ទេរ និង​ទឹក​តាម​ដៃ​ព្រែក​ទេ​រ ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​ក្រុម​មន្ត្រី​ជំនាញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ពិនិត្យ ស្រាវជ្រាវ និង​ដកហូត​ស្រា​ដែលមាន​ជាតិពុល និង​ពិនិត្យឃើញថា ទឹក​ក្នុង​ព្រែក​ទេរ ត្រូវបាន​សាប​អស់​ជាតិពុល​សិន បន្ទាប់មក ក្រសួង​និង​អាជ្ញាធរ​មូលដ្ឋាន នឹង​ជូនដំណឹង​តាម​ក្រោយ ។ 

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា ក្រោយ​បាន​ចុះ​ទៅ​តេស្ត​វិភាគ​បឋម​នៅនឹងកន្លែង នៅក្នុង​មន្ទីរ​ពិសោធន៍​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​រួចមក ក្រសួង​បាន​រកឃើញថា គំរូ​សំណាក​ស្រាស មាន​សារធាតុ​មេ​តា​ណុល ១១,២២% ដែល​កម្រិតស្តង់ដា អនុញ្ញាត​ឱ្យ​មាន​ខ្ពស់បំផុត ត្រឹមតែ ០,១៥% ប៉ុណ្ណោះ ។ 

​ចំណែកឯ គំរូ​សំណាក ទឹក​ព្រែក​ទេ​រ មាន​សារធាតុ​ក្រូម (Chromium) រហូតដល់ ១៧៣ មីក្រូ​ក្រាម​ក្នុង​ទឹក​មួយ​លីត្រ ដែល​កម្រិតស្តង់ដា​អនុញ្ញាត​ឱ្យ​មាន​ខ្ពស់បំផុត​ត្រឹមតែ ៥០​មីក្រូ​ក្រាម​ក្នុង​ទឹក​មួយ​លីត្រ និង​មាន​សារធាតុ​នី​ទ្រី​ត រហូតដល់ ៧-២៣ មី​លី​ក្រាម​ក្នុង​ទឹក​មួយ​លីត្រ ដែល​កម្រិតស្តង់ដា អនុញ្ញាត​ឱ្យ​មាន​ខ្ពស់បំផុត ត្រឹមតែ​៣ មី​លី​ក្រាម ក្នុង​ទឹក​មួយ​លីត្រ​ប៉ុណ្ណោះ ។​

​សារធាតុ​គីមី​ដែល​មាន​បរិមាណ​លើស​កម្រិត​នៅក្នុង​ស្រាស និង​ទឹក​ព្រែក​ទេ ក្នុង​ខេត្ត​ក្រចេះ​នេះ ជាដើម​ចម បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​រងគ្រោះ​ជាច្រើន​បន្ត​ដល់​បច្ចុប្បន្ន ។​

​គូសបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ បាន​កើត​មាន​ផ្ទុះ​ជំងឺ ដែល​មាន​អា​ការៈឈឺ​ពោះ ក្អួតចង្អោ ឈឺ​ក អស់កម្លាំង ទន់​ដៃ​ជើង វិលមុខ ថប់ដង្ហើម សន្លប់ រួច​បាន​បណ្តាលឱ្យ​មនុស្ស​មួយចំនួន​បាន​ស្លាប់ និង​កំពុង​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ក្រចេះ និង​បញ្ជូន​មកកាន់​រាជធានី​ភ្នំពេញ ។​

​តាម​របាយការណ៍​ពី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថា គិត​ត្រឹម​ម៉ោង​១០:០០​ព្រឹក ថ្ងៃទី​០៧ ខែ​ឧសភា មាន​មនុស្ស​ស្លាប់​ចំនួន​១៤​នាក់ និង​អ្នករងគ្រោះ​កំពុង​សម្រាក​ព្យាបាល​ចំនួន ២៣៤​នាក់ ៕ (​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត