អ្នកស្លាប់ដោយសារកណីពុលស្រា និងសង្ស័យពុលទឹក នៅខេត្តក្រចេះ កើនឡើងជាបន្តបន្ទាប់ និងផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ការពុលនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបង្ហាញពីលទ្ធផលពិសោធន៍ ដោយរកឃើញសារធាតុគីមីក្នុងស្រាស និង ទឹកព្រែកទេ នៅខេត្តក្រចេះ ដែលជាហេតុផលនាំឲ្យមានអ្នកស្លាប់ និងរងគ្រោះរាប់សិបនាក់ ខណៈដែលក្រសួងសុខាភិបាលមិនទាន់ច្បាស់។ ដោយ គួន សំបូរ
អ្នកស្លាប់ក្នុងករណីពុលស្រា និង សង្ស័យពុលទឹក នៅឃុំកន្តួច ស្រុកចិត្របុរី ខេត្តក្រចេះ បានកើនឡើងដល់១៤នាក់ហើយ ខណៈជាង២០០នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ បើតាមរបាយការណ៍បឋមរបស់ក្រសួងសុខាភិបាល អ្នកស្លាប់ទាំងនោះ មានអាយុពី២៤-៧៣ឆ្នាំ បន្ទាប់មានអាការៈឈឺពោះ, ក្អួតចង្អោរ, ឈីក, អស់កម្លាំង, ទន់ដៃទន់ជើង, វិលមុខ និង ថប់ដង្ហើម។ ចំពោះអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ ដែលបានបញ្ជូនមក មន្ទីរពេទ្យកាល់ម៉ែត គឺមានរោគសញ្ញាពុលស្រា ដែលមានជាតិមេតាណុលខ្ពស់។
យោតាមការស្រាវជ្រាវ លើសំណាកស្រាមួយចំនួនដែលក្រុមការងារ បានផ្ញើរមកពីភូមិពាក់ព័ន្ធ បានបង្ហាញថា ស្រាទាំងនោះមានផ្ទុកជាតិមេតាណុលខ្ពស់ ដែលធ្វើឱ្យពុល។ដោយឡែកការវិភាគសំណាកទឹកដែលផ្ញើមកពីភូមិពាក់ព័ន្ធ ពុំទាន់ទទួលបានលទ្ធផលនៅឡើយ លទ្ធផលនេះ នឹងត្រូវបង្ហាញ នៅថ្ងៃទី ៨ ឧសភា។នេះបើតាមលោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល។
ដោយឡែកសម្រាប់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបង្ហាញពីលទ្ធផលពិសោធន៍របស់ខ្លួន ដោយរកឃើញថា មានសារធាតុគីមីក្នុងស្រាស និង ទឹកព្រែក នៅខេត្តក្រចេះ ដែលជាហេតុផលនាំឲ្យមានអ្នកស្លាប់ និង រងគ្រោះរាប់សិបនាក់។
ដោយតាមលទ្ធផលនៃការធ្វើតេស្តវិភាគបឋម នៅក្នុងមន្ទីរពិសោធន៍ «វិទ្យាស្ថានស្តង់ដារកម្ពុជា» របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចុះផ្សាយសារព័ត៌មានហ្វេសញ៉ូថា គំរូសំណាកស្រាស មានសារធាតុមេតាណុល ១១,២២ភាគរយៈ ខណៈកម្រិតស្តង់ដា អនុញ្ញាតឲ្យមានខ្ពស់បំផុតត្រឹមតែ០,១៥ភាគរយ។
រីឯទឹកព្រែក មានសារធាតុក្រូម (Chromium) រហូតដល់១៧៣ មីក្រូក្រាមក្នុងទឹកមួយលីត្រ ដែលកម្រិតស្តង់ដា អនុញ្ញាតឲ្យមានខ្ពស់បំផុតត្រឹមតែ៥០មីក្រូក្រាមក្នុងទឹកមួយលីត្រ)និងមានសារធាតុនីទ្រីតរហូតដល់ ៧-២៣ មីលីក្រាមក្នុងទឹកមួយលីត្រ (ដែលកម្រិតស្តង់ដា អនុញ្ញាតឲ្យមានខ្ពស់បំផុតត្រឹមតែ ៣ មីលីក្រាមក្នុងទឹកមួយលីត្រ)។
សូមបញ្ជាក់ថា ហេតុការណ៍ពុលទឹកព្រែក បានកើតឡើងនៅក្នុងភូមិស្រែនន ឃុំកន្ទួត ខេត្តក្រចេះ។ បើតាមអភិបាលខេត្ត ក្នុងចំណោមគ្រួសារសរុបនៅភូមិស្រែនន មានពលរដ្ឋជាង១០០គ្រួសារកំពុងធ្លាក់ខ្លួនឈឺ លើកលែងតែ១០គ្រួសារប៉ុណ្ណោះ។ អាជ្ញាធរបានសន្និដ្ឋានជំហានដំបូងថា បញ្ហាអាចមកពីពលរដ្ឋ យកទឹកព្រែកមកប្រើប្រាស់ដោយមិនបានឆ្លងកាត់ប្រព័ន្ធចម្រោះឡើយ ដោយគ្រាន់តែកូរសាជូរ រួចយកមកប្រើប្រាស់តែម្ដង។
ម្លោះហើយបានជាក្រសួងសុខាភិបាល បានចេញនូវវិធានការឱ្យបញ្ឈប់ការបិតនិងលក់ស្រាស ក្នុងមូលដ្ឋាន។ បំរាមប្រជាជនក្នុងភូមិកុំអោយប្រើប្រាស់ទឹកអូរក្នុងតំបន់សង្ស័យ និងជួយដឹកទឹកស្អាតផ្គត់ផ្គង់ដល់អ្នកភូមិ។ អប់រំ អនាម័យ រស់នៅ និង ហូបចុក ដល់ប្រជាជនក្នុងភូមិ។
ជាមួយគ្នានេះ សម្រាប់ខេត្តក្រចេះដដែល ក៏មានពលរដ្ឋក្មេង ចាស់ ប្រុស ស្រី ចំនួន៤៤នាក់ សង្ស័យពុលនំអន្សមអាំង ស្ថិតនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង។ នៅក្នុងនោះ មានអ្នករងគ្រោះធ្ងន់ធ្ងរចំនួន២៨នាក់។ លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ការពុលនំអន្សមអាំងនេះ គឺកើតមានតាំងពីថ្ងៃទី០៦ ខែឧសភាមក ដោយសារតែនំអន្សមអាំង ខ្វះភាពអនាម័យ និងការទុកដាក់មិនត្រឹមត្រូវ។ តែយ៉ាងណាករណីពុលនេះ មិនបានបង្កឱ្យ ប្រជាពលរដ្ឋស្លាប់ដូចពុលទឹកនឹងស្រាឡើយ៕