ករណី​ពុល​នៅ​ក្រចេះ៖រកឃើញ​សារ​ធាតុគីមី​កម្រិតខ្ពស់ក្នុង​ស្រាសនិង​ក្នុង​ទឹក​ព្រែក​ទេ​

07-05-2018 4:32 pm 5921
  ស្តាប់
ស្តាប់ជាសំឡេង

​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បានបង្ហាញ​លទ្ធផល នៃ​ការពិសោធន៍ ស្រាស​និង​ទឹក​ព្រែក​ទេ ស្ថិតនៅក្នុង​ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ដោយ​ជា​លទ្ធផល នៃ​ការធ្វើ​តេស្ត​វិភាគ​បឋម រកឃើញថា នៅក្នុង​ស្រា មាន​សារធាតុ​មេ​តា​ណុល រហូតដល់ ​១១,២២ ភាគរយ ដែល​កម្រិតស្តង់ដា អនុញ្ញាតឲ្យ​មាន​ខ្ពស់បំផុត​ត្រឹមតែ​ ០,១៥ ភាគរយ ​ប៉ុណ្ណោះ​។ 

​ចំណែក ទឹក​ព្រែក​ទេ រកឃើញ​មាន​សារធាតុ Chromium រហូតដល់​១៧៣ មីក្រូ​ក្រាម​ក្នុង​ទឹក​មួយ​លីត្រ ដែល​កម្រិតស្តង់ដា អនុញ្ញាតឲ្យ​មាន​ខ្ពស់បំផុត​ត្រឹមតែ​៥០​មីក្រូ​ក្រាម​ក្នុង​ទឹក​មួយ​លីត្រ​។ ក្រៅពីនោះ​ការពិសោធន៍ ក៏បាន​រកឃើញ​សារធាតុ​នី​ទ្រី​ត រហូតដល់ ៧-២៣ មី​លី​ក្រាម​ក្នុង​ទឹក​មួយ​លីត្រ ដែល​កម្រិតស្តង់ដា អនុញ្ញាតឲ្យ​មាន​ខ្ពស់បំផុត​ត្រឹមតែ ៣ មី​លី​ក្រាម​ក្នុង​ទឹក​មួយ​លីត្រ​។ សារ​ធាតុគីមី ដែល​រកឃើញ​នៅក្នុង​ស្រាស​និង​ទឹក​នេះ មាន​ឥទ្ធិពល​អាចធ្វើឲ្យ​មនុស្ស​ស្លាប់បាន ប្រសិនបើ​ផឹក​ក្នុង​បរិមាណ​ច្រើន​។​

​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​វិភាគ​បឋម​នេះ  ត្រូវបាន​លោក​ចាន់ បូ​រិន្ទ ប្រធាន​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម  ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News នៅ​រសៀល​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។​

​គួរ​ជម្រាបជូន​ថា ការ​ធ្វើតេស្ត​វិភាគ​លើកដំបូង របស់​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ធ្វើឡើង​៥​ថ្ងៃក្រោយ មាន​ករណី​ពុល​កើតឡើង នៅភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ កាលពី​ថ្ងៃទី​៣​ខែ​ឧសភា​។ រហូតមកដល់​រសៀល​ថ្ងៃទី​៧​ខែឧសភា​នេះ បាន​បណ្តាលឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​កើន​ដល់​១៤​នាក់ និង​ធ្លាក់ខ្លួនឈឺ​កំពុង​សម្រាក​ព្យាបាល នៅ​ប​ន្ទីរ​ពេទ្យ​កើនឡើង​ដល់​ជាង​២០០​នាក់​៕


ព័ត៌មានផ្សេងទៀត