រដ្ឋបាល​ខេត្ត​ក្រចេះ​អំពាវ​ឱ្យ​ពលរដ្ឋ​ផ្អាក​ប្រើប្រាស់​ទឹក​ដែល​សង្ស័យ​មាន​សារធាតុ​គីមី​

06-05-2018 5:19 pm 2371
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រោយពី​មាន​ប្រជាពលរដ្ឋ​មួយចំនួន​ស្លាប់ និង​មួយចំនួនទៀត​ត្រូវ​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់ ដោយ​សង្ស័យ​ថា បណ្តាលមកពី​ពុល​សារធាតុ​គីមី​នៅក្នុង​ទឹក​ដែល​យក​ពី​ព្រែក​ទេ​រ និង​ដៃ​អូរ​ព្រែក​ទេ​រ មក​បរិភោគ និង ប្រើប្រាស់ រដ្ឋបាល​ខេត្ត​ក្រចេះ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​នេះ ហាមប្រាម​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​តំបន់​ខាងលើ​ឱ្យ​បញ្ឈប់​ការបរិភោគ និង​ប្រើប្រាស់​ទឹក តាម​ដៃ​ព្រែក​នេះ និង​ប្រភពទឹក​ផ្សេងៗ​ដែល​មិន​មាន​អនាម័យ​ក្នុង​តំបន់​នោះ​ជាបន្ទាន់ ដើម្បី​ធានា​សុ​វត្តិភាព និង​បង្ការ​គ្រោះថ្នាក់​បន្ថែមទៀត​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​រដ្ឋបាល​ខេត្ត​ក្រចេះ ដែល​ចេញ​នៅ​ថ្ងៃ​ទី​០៦ ឧសភា ឆ្នាំ​២០១៨​។ 

​រដ្ឋបាល​ក្រចេះ​ក៏​បាន​បញ្ជាក់​ឱ្យដឹង​ដែរ​ថា ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នៅក្នុង​ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ បន្ទាប់​ពី​បរិភោគ និង​ប្រើប្រាស់​ទឹក ដែល​សង្ស័យ​ថា​មាន​សារធាតុ​គីមី​ពុល​រួចមក មាន​អការៈ ឈឺ​ពោះ ក្អូតចង្អោរ ឈឺ​ក អស់កម្លាំង ទន់​ដៃ​ជើង វិលមុខ ថប់ដង្ហើម សន្លប់ រួច​បណ្តាលឱ្យ​ស្លាប់​មួយ​ចំនួន និង​ខ្លះទៀត​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ក្រចេះ និង​ខ្លះទៀត​បញ្ជូន​មកកាន់​រាជធានី​ភ្នំពេញ​។​

​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ អាជ្ញាធរខេត្ត បាន​រៀបចំ​ការផ្ទត់ផ្គង់​ទឹក​ប្រើប្រាស់ និង​បរិភោគ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ចំណុច​ភូមិ​ឧបសម្ព័ន្ធ​យ៉ែ និង​ភូមិ​ឧបសម្ព័ន្ធ​ទេរ​ចម្លង នៃ​ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ឃុំ​កន្ទួត​។​

​គួរ​បញ្ជាក់ដែរថា រហូតមកដល់​ពេលនេះ​ពលរដ្ឋ​ដែល​បាន​ស្លាប់​ដោយសារ​ពុល​ទឹក​នៅ​ខេត្ត​ក្រចេះ បាន​កើន​ដល់​៨​នាក់​ហើយ ខណៈ​ជនរងគ្រោះ​មាន​ចំនួន​ជិត​១០០​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​ឡើយ​៕

ព័ត៌មានផ្សេងទៀត