លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ញើលិខិតជូនប្រធានគណៈកម្មការ រៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ស្តីពីសំណើសុំផ្តល់តម្រាយផ្លូវសាធារណៈ ទីតាំងសាធារណៈ និងទីតាំងផ្សារ ដែលគួរបញ្ចៀស នៅពេលធ្វើដំណើរការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
នៅក្នុងលិខិតបានបញ្ជាក់បន្ថែមថា ដើម្បីឲ្យការឃោសនារកសម្លេងឆ្នោត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ខាងមុខធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនគណបក្សនយោបាយទាំងអស់ និងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ ដែលរំខានដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ ហាមឃាត់ការប្រមូលផ្តុំ ដង្ហែក្បូនឃោសនា តាមផ្លូវ វិថី មហាវិថី ទីប្រជុំជន និងទីតាំងសាធារណៈមួយចំនួនក្នុងរាជធានីភ្នំពេញ។
លិខិតដដែលក៏បានបង្ហាញឱ្យដឹងថា ផ្លូវ និងមហាវិថីដែលត្រូវចៀសវាងក្នុងការហែក្បូនរួមមាន៖កំណាត់មហាវិថីព្រះនរោត្តម(ចាប់ពីវិមានឯករាជ្យ ដល់ស្តុបមន្ទីរពេទ្យព្រះអង្គឌួង) ,មហាវិថីសហព័ន្ធរុស្សី, កំណាត់មហាវិថីព្រះមុន្នីវង្ស(ចាប់ពីស្តុបបេ កា សេ ដល់ស្តុបអតីតមន្ទីរពេទ្យចិន),កំណាត់មហាវិថីព្រះសីហនុ (ចាប់ពីនាគបាញ់ទឹក វិថីសុធារស ដល់ស្តុបអតីតមន្ទីរពេទ្យចិន), កំណាត់មហាវិថីម៉ៅ សេទុង (ចាប់ពីស្តុបចេនឡា ដល់ស្តុបទេពផន),កំណាត់ផ្លូវទេព ផន (ចាប់ពីកែងស្តុបមហាវិថីព្រះមុន្នីវង្ស ដល់ស្តុបនាងគង្ហីង),កំណាត់មហាវិថីសុធារស (ចាប់ពីកែងផ្លូវលេខ១៥៤ ដល់មហាវិថីព្រះសីហនុ),មហាវិថីព្រះសុរាម្រិត,ផ្លូវជុំវិញព្រះបរមរាជវាំង (កំណាត់ផ្លូវលេខ២៤០ ផ្លូវលេខ ១៨៤ និងផ្លូវលេខ១៩)។
ក្រៅពីមហាវិថី និងផ្លូវ គឺនៅមានទីប្រជុំជន មួយចំនួនផងដែរ ដែលត្រូវចៀសវាងរួមមាន៖ផ្លូវជុំវិញផ្សារធំថ្មី ,ផ្សារអូរឫស្សី,ផ្សារអូឡាំពិក,ផ្សារទួលទំពូង,ផ្សារដេប៉ូនិងផ្លូវជុំវិញផ្សារដើមគរ។ចំណែកទីសាធារណៈដែលត្រូវចៀសវាងការឃោសនាដែលនោះរួមមាន៖សួនព្រះបរមរាជវាំង, ទីធ្លាព្រះមេរុ,សួនមុខវត្តបទុមវត្តី(តែអនុញ្ញាតជូននៅទីវាលការីឡា ចុងខាងត្បូងសួនវត្តបទុមវត្តី),ទីតាំងវិមានឯករាជ្យ និងសួនច្បារ វិមានឯករាជ្យទាំងមូល,ទីធ្លារូបសំណាកលោកយាយពេញ,សួនច្បារអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ និងសួនច្បារសម្តេចហ៊ុន សែន៕