រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លើកឡើង​ពី​បញ្ហា​ប្រឈម​៨​ចំណុច​លើ​វិស័យ​កសិកម្ម​

04-05-2018 6:15 pm 1642
  ស្តាប់
ស្តាប់ជាសំឡេង

​បើទោះបី​វិស័យ​កសិកម្ម​ជា​វិស័យ​មួយ​ដែល​បាន​រក​ប្រាក់​ចូល​ជូន​ជាតិ​បាន​ច្រើន​ដូច​វិស័យ​ធំៗ​ផ្សេងៗ​ទៀត​ក៏​ដោយ ប៉ុន្តែ​វិស័យ​នេះ​នៅតែ​មាន​បញ្ហារ​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ លោក វេន សាខុន ថ្លែង​បែប​នេះ​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៧-២០១៨​និង​លើក​ទិសដៅ​ឆ្នាំ​២០១៨-២០១៩​កាលពី​ថ្ងៃ​ទី​២​ខែ​ឧសភា នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ ។​

​បញ្ហារ​ប្រឈម​ដែល​កំពុង​ជះ​ឥទ្ធិពល​អវិជ្ជមាន​លើ​វិស័យ​កសិកម្ម​មាន​ចំនួន​៨​ចំណុច​ដូចជា ៖

១/​សមត្ថភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ការងារ​ស្រាវជ្រាវ និង​សេវា​ផ្សព្វផ្សាយ​កសិកម្ម នៅ​មិនទាន់​ឆ្លើយតប​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ និង​ទីផ្សារ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​នៅឡើយ​។

២/​ផលិតកម្ម​ដំណាំ​កសិកម្ម មាន​កំណើន​ផលិតភាព​ទាប ការធ្វើ​ពិពិធ​កម្ម​និង ពាណិជ្ជូប​នីយកម្ម​កសិកម្ម​នៅមានកម្រិត កង្វះ​ការវិនិយោគ​លើ​ការកែច្នៃ គុណភាព​កសិផល មិន​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ និង​ថ្លៃដើម​ផលិតកម្ម​ខ្ពស់ ពិបាក​ប្រកួតប្រជែង​ជាមួយ ផលិតផល​នាំ​ចូល​ព្រមទាំង​ប្រព័ន្ធ​ស្រោចស្រព​នៅមានកម្រិត​។ ចំ​ណែ​ការនាំ​ចេញ​កសិផល​ពុំទាន់​ឆ្លើយតប នឹង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា និង ការនាំ​ចេញ​ទំនិញ​កែច្នៃ​ឱ្យបាន ១២% នៃ​បរិមាណ  ចេញ​សរុប​នៅ​ឆ្នាំ​២០២៥​។​

៣/ បច្ចុប្បន្ន​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​មាន​ការធ្លាក់​ចុះ​ខណៈ​ដែល​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​ឧស្សាហកម្ម​មាន​ការកើនឡើង​។ ៤/ ការគ្រប់គ្រង និង​ការប្រើប្រាស់​ដី​កសិកម្ម​ឱ្យចំ​គោលដៅ និង​សក្តានុពល​ភាព​នៅតាម​ភូមិសាស្ត្រ​នីមួយៗ នៅតែ​ជា​បញ្ហា​។​

៥/ កិច្ច​សហការ​ពី​សំណាក់​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិនទាន់​បានរ​លូន​នៅឡើយ ក្នុង​ការទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ និង​ជលផល ការនាំ​ចេញ​ជ័រ និង​កៅស៊ូ​មិន​ទាន់​កែ​ច្នៃ ការនាំ​ចូល​សត្វ និង​សម្ភារៈកសិកម្ម រួម​ទាំង​ការត្រួតពិនិត្យ​អនាម័យ និង​ភូតគាម​អនាម័យ​នៅតាម​តំបន់ និង​តាម​ច្រកព្រំដែន​នៅមានកម្រិត​។

​៦/​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ ក៏​ដូចជា​ការកែទម្រង់​រដ្ឋបាល​សាធារណៈ ការកែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ និង​សេវា​សាធារណៈ​ពុំទាន់​បាន​ល្អប្រសើរ​តាម​ការរំពឹងទុក​។ ៧/ ផលិតកម្ម​ក្នុងស្រុក​ពុំទាន់​បាន​បំពេញ​គ្រប់គ្រាន់​ទៅតាម​តម្រូវការ និង​មាន​ការ​នាំចូល​បន្ថែម​។

​៨ /​ការលំបាក​ក្នុង​ការរក​ទីផ្សា​រលក់​ផលិតផល​កសិកម្ម នៅ​មាន​ចំនុច​ខ្វះខាត​មួយចំនួន​ក្នុង​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា បញ្ហា​ថ្លៃដើម​ផលិតកម្ម និង​ការកែច្នៃ​ខ្ពស់​គួបផ្សំ​នឹង​ការប្រែប្រួល​ពាណិជ្ជកម្ម​ដែល​តម្រូវ​ឱ្យ​កម្ពុជា​ពង្រឹងសមត្ថភាព​ទីផ្សារ​ក្នុងស្រុក​និង ទាញ​យក​អត្ថប្រយោជន៍​ជា​អតិបរិមា​ពី​ការចូលរួម​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​។

​​បើ​តាម​របាយការណ៍រ​បស់​ក្រសួង​កសិម្ម​បាន​បញ្ជាក់ថា វិស័យ​កសិកម្ម​បាន​ចូលរួមចំណែក​ប្រមាណ ២៤,៩​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ឆ្នាំ​២០១៧​ដែល​មាន​ការកើនឡើង​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ​គឺ​ពី ០,២​ភាគរយ នៅ​ឆ្នាំ ២០១៥ ដល់​១,៧៩​ភាគរយ នៅ​ឆ្នាំ​២០១៧-២០១៨៕

ព័ត៌មានផ្សេងទៀត