សាលា​ក្រុង​ស្នើ​ឲ្យ​​ពលរដ្ឋ​​មាន​​ទំនួល​ខុស​ត្រូវ​​ខ្ពស់​​ចំពោះ​​បញ្ហា​សំរាម​ក​ក​​ស្ទះ​លូ​

04-05-2018 4:52 pm 2850
  ស្តាប់
ស្តាប់ជាសំឡេង

​ជំនន់​លិច​ទីក្រុង​ភ្នំពេញ​បាន​ក្លាយជា​បញ្ហា​ចម្បង និង​ជា​ចំណុច​អាទិភាព​ដែល​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី​ប្ដេជ្ញា​ដោះស្រាយ​ក្នុង​អាណត្តិ​របស់ខ្លួន​។ បើតាម​សាលាក្រុង មាន​ត្រឹមតែ​ការកសាង​បណ្ដាញ​លូ​រំដោះ​ទឹក និង​ស្ថានីយ៍​បូមទឹក ពិតជា​មិនអាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ទាំងស្រុង​នោះទេ បើ​គ្មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ក្នុងការ​ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ​។ 

ប្រព័ន្ធ​លូបង្ហូរទឹក​ចេញពី​ទីក្រុង ត្រូវបាន​រដ្ឋបាល​សាលា​រាជា​ធានី​ភ្នំពេញ​អះអាងថា ខ្លួន​បាននិងកំពុង​យកចិត្តទុកដាក់​ខ្ពស់ ដោយមាន​ទាំង​ការស្ដារ​ប្រឡាយ​បង្ហូរ​ទឹកស្អុយ និង​ការសាងសង់​ប្រព័ន្ធ​លូ​ថ្មីៗ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​ក្នុង​រដូវវស្សា​។ 

ក៏ប៉ុន្តែ​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក​ម៉េត មាស​ភក្ដី បាន​ប្រាប់​ឲ្យដឹងថា បញ្ហា​ស្ទះលូ ឬ​ប្រឡាយ​បង្ហូរទឹក​ក្នុង​ទីក្រុង​ដោយសារតែ​សំរាម នៅតែ​ជា​បញ្ហា​ប្រឈម​ចម្បង​នៅឡើយ ដែល​នេះ​កើតចេញពី​ការធ្វេសប្រហែស​របស់​ប្រជាពលរដ្ឋ ក្នុងការ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​។ លោក​ថា កន្លងទៅ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​អប់រំ​ណែនាំ និង​ស្នើឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​ផលប៉ះពាល់ ដែល​បណ្ដាលមកពី​សំរាម​កកស្ទះ​លូបង្ហូរទឹក​ច្រើន​មកហើយ​ដែរ​។​

​លោក​ម៉េត មាស​ភក្ដី​៖

ជា​ឧទាហរណ៍​ជាក់ស្ដែង​មួយ ជុំវិញ​បញ្ហា​សំរាម​ដែល​ធ្វើឲ្យ​កកស្ទះ​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​ភូមិសាស្ត្រ​ស្ទឹងមានជ័យ ដោយ​សាលា​រាជធានី​បញ្ជាក់ថា ថ្មីៗ​នេះ​អាជ្ញាធរ​ស្ដារ​សំរាម​បាន​ប្រមាណ​ជាង​១​ម៉ឺន​ម៉ែត្រគូប ដែល​ចំនួន​នេះ​ធ្វើឡើង​មិន​ដល់​មួយ​ភាគបី​នៃ​ប្រឡាយ​ស្ទឹងមានជ័យ​ផង​នោះ​។​

​ទោះជា​យ៉ាងណាក្ដី មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​អះអាងថា តាមរយៈ​វិធានការ​ដោះស្រាយ​បន្ទាន់​ចំពោះ​បញ្ហា​ជន់​លិច​ទីក្រុង​ក្នុង​រដូវវស្សា​នេះ បច្ចុប្បន្ន​រាជធានី​ភ្នំពេញ​អាច​កាត់បន្ថយ​ការ​ជន់​លិច​បានជា​អតិប្បរមា​។ បើ​ប្រៀបធៀប​កាលពីពេល​កន្លងទៅ សាលា​រាជធានី​បញ្ជាក់ថា បច្ចុប្បន្ន​មិន​មានការ​ជន់​លិច​ធ្ងន់ធ្ងរ​ដូច​មុន​ទៀតឡើយ និង​ថា​ប្រសិនបើ​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មិន​លើសពី​៣០​មី​លី​ម៉ែត្រ​ទេនោះ វា​នឹងមិន​អាចធ្វើឲ្យ​ទី​ក្រុងភ្នំពេញ​ជួប​ទឹកជំនន់​រយៈពេល​យូរ​នោះទេ​៕


 ពាក្យគន្លឹះ  ប្រព័ន្ធលូបង្ហូរទឹក

ព័ត៌មានផ្សេងទៀត