មេដឹកនាំគណបក្សប្រឆាំងម៉ាឡេស៊ីលោកMahathir Mohamad កំពុងប្រឈមនឹងការចោទប្រកាន់ពីរដ្ឋាភិបាល ស្ថិតក្រោមច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយ។ លោកMahathirបាននិយាយថា លោកសង្ស័យយន្ដហោះផ្ទាល់ខ្លួនរបស់លោក ត្រូវបានគេលួចបំផ្លាញបន្ទាប់ពីអ្នកបើកបររកឃើញផ្នែកខ្លះនៃយន្ដហោះរងការខូចខាតមុនពេលហោះហើរ។ យន្ដហោះនោះលោកប្រើសម្រាប់ធ្វើដំណើរពី Kuala LumpurទៅLangkawi ដើម្បីដាក់ពាក្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ដ្រី។
ភ្លាមៗក្រោយទទួលបានព័ត៌មាន រដ្ឋាភិបាលបានបញ្ជាឲ្យបើកការស៊ើបអង្កេតជាបន្ទាន់ ប៉ុន្ដែអាជ្ញាធរអាកាសចរណ៍ស៊ីវិលនិយាយថា មិនបានរកឃើញការបំផ្លិញបំផ្លាញណាមួយទេ។ ប្រធានអាកាសចរណ៍ស៊ីវិលនិយាយថាការអះអាងរបស់លោកMahathirជារឿងខុសឆ្គង ជាការបំផុសព័ត៌មានក្លែងក្លាយដើម្បីប្រយោជន៍នយោបាយ។ អគ្គស្នងការប៉ូលិសម៉ាឡេស៊ីប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើចាំបាច់ប៉ូលិសអាចកោះហៅលោកMahathirឲ្យចូលបំភ្លឺ ជាមួយនឹងការស៊ើបអង្កេតពីករណីបំផុសព័ត៌មានក្លែងក្លាយ។
ជាការឆ្លើយតបលោកMahathir Mohamadថា លោកនឹងរងការចោទប្រកាន់ស្ថិតក្រោមច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយ? បើសិនដូច្នេះសូមចោទប្រកាន់លោកចុះ លោកមិនខ្លាចឡើយ។ ថ្លែងពេលជួបអ្នកគាំទ្រគណបក្សប្រឆាំងរាប់ពាន់នាក់កាលពីថ្ងៃព្រហស្បតិ៍ លោកMahathirសង្កត់ធ្ងន់ថា “នៅថ្ងៃទី០៩ឧសភាយើងនឹងទម្លាក់រដ្ឋាភិបាលដែលដឹកនាំដោយលោក Najib Razak”។
សូមបញ្ជាក់ថា លោកMahathir Mohamadមេដឹកនាំបក្សប្រឆាំងដែលមានវ័យ៩២ឆ្នាំហើយនោះ កំពុងតែប្រជែងគ្នាយ៉ាងខ្លាំងជាមួយនាយករដ្ឋមន្ដ្រីNajib Razak សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ដ្រីថ្មីម៉ាឡេស៊ី។ លោកNajibត្រូវគេរំពឹងថាអាចនឹងបន្ដជាប់ឆ្នោត ខណៈអ្នកតាមដានស្ថានការណ៍ថា សំឡេងគាំទ្រអាចប្រកៀកប្រកិតគ្នា។ ការបោះឆ្នោតនឹងប្រព្រឹត្ដទៅនៅថ្ងៃទី០៩ខែឧសភានេះ៕