លោក​​អិុត​ សំហេង​​៖ ​UN​ ប្រកាន់​​ជំហរ​​គាំ​ទ្រ​​វិស័យ​​ការ​ងារ​​និង​​វិជ្ជា​ជីវៈ​​កម្ពុជា​

04-05-2018 3:37 pm 1138
  ស្តាប់
ស្តាប់ជាសំឡេង

​លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បាន​អះអាងថា អង្គការសហប្រជាជាតិ នៅតែ​ប្រកាន់​ជំហរ​គាំទ្រ និង​ចូល​រួមជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ជានិច្ច ក្នុង​ការអភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខណៈ​រដ្ឋមន្ត្រី​រូបនេះ មាន​សុទិដ្ឋិនិយម​ថា ទៅ​អាណត្តិ​ថ្មី​ខាងមុខ វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅតែ​បន្ត​រីកចម្រើន​ទៅមុខ​។ (​សេង បារាំង​)

​ក្នុងជំនួប​ពិភាក្សា​ជាមួយ​លោកស្រី​ផា​លីន តា​មេ​សិស អ្នកសម្របសម្រួល​នៃ​អង្គការសហប្រជាជាតិ និង​ជា​តំណាង UNDP ថ្មី​ប្រចាំ​កម្ពុជា លោក អិុត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យដឹងថា UN មាន​គម្រោង​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ថ្មីៗ​ទៀត​នៅ​កម្ពុជា ហើយ UN នៅតែ​ប្រកាន់​ជំហរ​គាំទ្រ និង​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​

​លោក​អិុត សំហេង បាន​បញ្ជាក់ថា «​អង្គការសហប្រជាជាតិ សង្ឃឹមថា គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​លើ​វិស័យ​កា​ងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹងត្រូវ​បញ្ចូល​ក្នុង​កម្មវិធី​អភិវឌ្ឍន៍ ក៏ដូចជា​យុទ្ធសាស្ត្រ​អាទិភាព របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សម្រាប់​រយៈពេល​៥ ឆ្នាំ​ទៅមុខទៀត​»​។ ជាមួយគ្នា​នោះ​លោក​អិុត សំហេង បាន​គូសបញ្ជាក់ថា គោលនយោបាយ​អភិវឌ្ឍ​ន៍​នានា​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​បាន​ផ្សារភ្ជាប់​ជាមួយ​កិច្ចសហប្រតិបត្តិការ របស់​អង្គការសហប្រជាជាតិ​រួចទៅហើយ​ដែរ​។    

​រដ្ឋមន្ត្រីក្រសួង​ការងារ​រូបនេះ បាន​គូសបញ្ជាក់​ទៀតថា កម្ពុជា​និង​អង្គការសហប្រជាជាតិ នឹង​បង្កើន​ភាពជិតស្និទ្ធ​ជាមួយគ្នា​បន្ថែមទៀត​ដែរ លើ​ការបន្ត​ពង្រឹង​វិស័យ​ការងារ ការទាក់ទាញ​អ្នកវិនិយោគ បង្កើន​នូវ​ឱកាស​ការងារ​សម្រាប់​យុវជន ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​បង្កើន​សមត្ថភាព​បច្ចេកទេស​វិជ្ជាជីវៈ ក៏ដូចជា​បង្កើន​ផលិតភាព​ការងារ​បន្ថែមទៀត​ ​ឆ្លើយ​តប​​ទៅនឹង​ទីផ្សារការងារ និង​ការដោះស្រាយ​ការងារ​សម្រាប់​យុវជន​។ លោក​អិុត សំហេង មាន​សុទិដ្ឋិនិយម​ថា ទៅ​អាណត្តិ​ថ្មី​ខាងមុខ វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅតែ​បន្ត​រីកចម្រើន​ទៅមុខ រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា​ផងដែរ​៕

ព័ត៌មានផ្សេងទៀត