ចិន៣នាក់ស្រ្តីខ្មែរម្នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារពីបទជួញដូរមនុស្សខុសច្បាប់

02-05-2018 10:55 am 1885

​បុរស​ជនជាតិ​ចិន​៣​នាក់ រួមជាមួយ​នឹង​ស្ត្រី​ខ្មែរ​១​នាក់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កួយ សៅ ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន ជា​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស ពាក់ព័ន្ធ​នឹង​ករណី នាំ​ស្ត្រី​ខ្មែរ​ទៅ​រៀបការ​នៅ​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​១ ខែ​ឧសភា ។​

​ជន​ដែល​ត្រូវ​ចោទ​ទាំង​៤ ត្រូវបាន​ចោទ​ពីបទ ការនាំយក​ចេញ​ដោយ​មិន​ស្របច្បាប់ ដោយ​មាន​គោលដៅ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ យោងតាម​មាត្រា​១០​នៃ​ច្បាប់ ស្តីពី ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ។ ជន​ដែល​ត្រូវ​ចោទ​ទាំង​៤​នោះ​រួមមាន ទី​១.​ឈ្មោះ JI JIAXIN ភេទ​ប្រុស ជនជាតិ​ចិន ជា​ប្តី ទី​២.​ឈ្មោះ តែម អឿន ភេទ​ស្រី ជនជាតិខ្មែរ ជា​ប្រពន្ធ ទី​៣.​ឈ្មោះ ZHANG LIANG ភេទ​ប្រុស ជនជាតិ​ចិន ជា​អ្នកទិញ​នារី​ខ្មែរ​ធ្វើ​ជា​ប្រពន្ធ និង​ទី​៤.​ឈ្មោះ YAN FAN ភេទ​ប្រុស ជនជាតិ​ចិន ជា​អ្នកទិញ​នារី​ខ្មែរ​ធ្វើ​ជា​ប្រពន្ធ ។​

​គូសបញ្ជាក់ថា ជន​ត្រូវ​ចោទ​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះសំណាក់​ម្កុដ​មាស ក្បែរ​ផ្សារ​ទំនើប​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ខណៈ​ពួកគេ​កំពុង​ពិភាក្សា​គ្នា និង​រៀបចំ​ឯកសារ​ចេញ​ទៅ​ប្រទេស​ចិន ក្រោមរូបភាព​រៀប​អា​ពិហ៍​ពិពាហ៍ ៕

ព័ត៌មានផ្សេងទៀត