មន្ត្រី​គ​.​ជ​.​ប និង​មន្ត្រី​CPP ស្នើ​ឲ្យ​អ្នកស្រី​រ៉ូ​ណា​ស្មី​ត​ស្វែងយល់​ពី​ច្បាប់​នៅ​កម្ពុជា​

01-05-2018 1:35 pm 2630
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ​ទី​៣០ ខែ​មេសា អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូ​ណា ស្មី​ត បញ្ជាក់ថា ពុំ​មាន​ការបោះឆ្នោត​ណា​ដែល​ត្រឹមត្រូវ​នោះទេ បើសិនជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូលរួម​បោះឆ្នោត ។ លោកស្រី​លើកឡើងថា អ្នក​គ្រប់គ្រង​រដ្ឋ​អំណាច​នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន មានឱកាស​ចុងក្រោយ​មួយ ដើម្បី​បញ្ចៀស​ស្ថានភាព​បច្ចុប្បន្ន ហើយ​ត្រឡប់​ទៅ​រក​ផ្លូវ​ប្រជាធិបតេយ្យ ដែល​មាន​ការចូលរួម​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​ការបោះឆ្នោត​ពិតប្រាកដ ជាពិសេស​ធានា​ឱ្យបាន​នូវ​ភាពស្មើគ្នា​សម្រាប់​គណបក្ស​នយោបាយ​ទាំងអស់ ។ 

​លោក សោម សូ​រី​ដា អគ្គលេខាធិកា​រង​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ប្រាប់ថា លោក​មាន​ការសោកស្តាយ​ទៅ​នឹង​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកស្រី រ៉ូ​ណា ស្មី​ត ដែល​ការលើកឡើង​នេះ ហាក់​មិន​បាន​ឆ្លុះបញ្ចាំង​ទៅ​នឹង​ច្បាប់​របស់​កម្ពុជា រហូត​ហ៊ាន​វាយតម្លៃថា ការបោះឆ្នោត​នៅ​កម្ពុជា នឹង​មិន​ស្របច្បាប់ បើសិនជា​គ្មាន​អតីត​គណបក្សប្រឆាំង​ធំជាងគេ​ចូលរួម ។​

​លោក​បញ្ជាក់ថា តាម​ច្បាប់​នៅ​កម្ពុជា ការបោះឆ្នោត​ដោយ​ស្មើភាព គឺ​សំដៅ​ទៅលើ​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ស្របតាម​ច្បាប់​គណបក្សនយោបាយ​នៅ​ក្រសួង​មហាផ្ទៃ មាន​សិទ្ធិ​ស្មើៗ​គ្នា ក្នុង​ការចុះបញ្ជី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​…
​សំឡេង​៖

​យ៉ាងណាម៉ិញ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លើកឡើងថា ការទាមទារ​ឱ្យមាន​ការដោះលែង​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ក្តី និង​ដក​បម្រាម​ហាមឃាត់​លើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្តី ពី​សំណាក់ អ្នកស្រី រ៉ូ​ណា ស្មី​ត គឺ​សុទ្ធតែ​ពុំ​អាច​ទៅ​រួច​បាន​ទេ ក៏​ព្រោះ​ដោយសារ​មេដឹកនាំ​នៃ​គណបក្ស​នេះ បាន​ប្រព្រឹត្តិ​ល្មើសច្បាប់ និង​បាន​រំលោភ​លើ​គោលការណ៍​លិទ្ធិប្រជាធិបតេ​យ្យ​ធ្ងន់ធ្ងរ ។ 

​លោក​បន្តថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​ជា​ស្ថាពរ​តាម​សាលដីការ បិទផ្លូវ​តវ៉ា​របស់​តុលាការ​កំពូល​រួចហើយ ដូច្នេះ គណបក្ស​នេះ​នឹង​មិន​មាន​ដង្ហើម​សម្រាប់​ក្រោក​មក​ចូលរួម​ការបោះឆ្នោត​នៅ​ពេល​ខាង​មុខ​បាន​ឡើយ ។ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ​បញ្ជាក់ថា អវត្តមាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មិន​បាន​ធ្វើឱ្យ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​ត្រូវ​ស្លាប់​ទេ ។ 

​យ៉ាងណាក៏ដោយ លោក សុខ ឥសាន អះអាង​បញ្ជាក់ថា ទាំង​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​រូប ពុំ​ត្រូវបាន​សម្របសម្រួល​ឱ្យ​រួច​ខ្លួន បាន​ចូលធ្វើ​សកម្មភាព​នយោបាយ​នៅ​កម្ពុជា​ទេ​…
​សំឡេង​៖

​មន្ត្រី​គណបក្ស​ប្រជាជន​រូបនេះ ស្នើ​ឱ្យ​អ្នកស្រី រ៉ូ​ណា ស្មី​ត មេត្តា​ពិនិត្យ និង​ស្វែងយល់​អំពី​ច្បាប់​នៅ​កម្ពុជា​ជាមុន កុំ​កាន់ជើង​ទៅលើ​អ្នក​ល្មើសច្បាប់​…
​សំឡេង​៖

​គូសបញ្ជាក់ថា សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកស្រី​រ៉ូ​ណា ស្មី​ត ធ្វើឡើង​ស្របពេល​ដែល​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​កំពុង​ចាប់ផ្តើម​យុទ្ធនាការ​ចុះបញ្ជី​គណបក្សនយោបាយ និង​បេក្ខជន ដើម្បី​ចូលរួម​ការបោះឆ្នោត​ថ្នាក់ជាតិ ដែល​មាន​រយៈពេល​២​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​៣០​ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៨ ៕ (​ដោយ​៖ គង់ ឧត្តម​)​

ព័ត៌មានផ្សេងទៀត