មុនការបោះឆ្នោត អាណត្តិទី៦ ចូលមកដល់ គណបក្សប្រជាជនកម្ពុជា អះអាងថា គណបក្សខ្លួនមានសន្លឹកបៀរច្រើនសន្លឹក សម្រាប់ប្រកួត។ សន្លឹកបៀរនេះ គឺសំដៅទៅលើស្នាដៃ និង សមិទ្ធផលនានាក្នុងការដឹកនាំប្រទេសកម្ពុជា។ ការលើកឡើងនេះ ដើម្បីឆ្លើយតបនឹងក្តីបារម្ភរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅថ្ងៃទី០១ ខែឧសភានេះ បានបង្ហាញភាពលំបាក ក្នុងការទស្សន៍ទាយពីការប្រាស់ប្រើសន្លឹកបៀររបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច សម្រាប់លេង ក្នុងន័យសំដៅលើការប្រកួតប្រជែង ការបោះឆ្នោតថ្នាក់ជាតិ នៅចុងខាង កក្កដា ឆ្នាំ២០១៨នេះ។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន បានលើកឡើងថា«គណបក្សប្រជាជនកម្ពុជា អាចមានសន្លឹកបៀរច្រើនសន្លឹក សម្រាប់លេង ហើយយើងពិបាកទស្សន៍ទាយថា គាត់នឹងប្រើសន្លឹកបៀរណាមួយ នៅពេលណា សម្រាប់លេង»។
តែយ៉ាងណាក្តី លោក សាម អ៊ីន បញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានសន្លឹកបៀរតែ៤ទេ សម្រាប់លេង ឬសម្រាប់ប្រកួតគឺ សន្លឹកទី១៖ គុណតម្លៃខ្ពស់ សំដៅលើសាមគ្គីភាព យុត្តិធម៌ អហិង្សា។សន្លឹកទី២៖ គោលបំណងល្អគឺ ប្រជាពលរដ្ឋរស់នៅថ្លៃថ្នូរ និងប្រទេសជាតិ មានអធិបតេយ្យពេលលេញ។ សន្លឹកទី៣៖ គោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុង និង សន្លឹកទី៤៖ គោលនយោបាយសមស្រប(ស៥) មាន៖ សេដ្ឋកិច្ច សុខាភិបាល សិក្សាធិការ យុវជន និង សង្គមកិច្ច។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា គណបក្សប្រជាជនកម្ពុជា ពិតជាមានសន្លឹកបៀរ សម្រាប់លេងច្រើនមែន។ សន្លឹកបៀរនេះ គឺលោកសំដៅទៅលើស្នាដៃ និង សមិទ្ធផលនានា ក្រោមការដឹកនាំរបស់បក្សប្រជាជន អស់រយៈពេលជាច្រើនឆ្នាំមក។បើតាមលោក សុខ ឥសាន សង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់បក្សប្រជាជន ប្រទេសជាតិ មានសុខសន្តិភាពពេញលេញ បានផ្តល់ឱកាសដល់ការអភិវឌ្ឍ និង រីកចំរើនដូចសព្វថ្ងៃ។
សំឡេង៖
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានសម្រេចយកថ្ងៃអាទិត្យទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ជាកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៦នៃរដ្ឋសភា ស្របតាមច្បាប់ស្តីពីការរៀបចំបោះឆ្នោត។ នៅថ្ងៃទី៣០មេសា គ.ជ.ប. បានចាប់ផ្តើមទទួលចុះឈ្មោះគណបក្សនយោបាយ និង បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៦។ នៅថ្ងៃផ្តើមដំបូងនេះ គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន និងគណបក្សយុវជនកម្ពុជា បានទៅចុះឈ្មោះមុនគេ។
រីឯគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបញ្ជាក់ជំហរថា នឹងចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខនេះ។ ក៏ប៉ុន្តែគណបក្សមួយនេះថា អាចនឹងដកខ្លួនវិញក្នុងករណី មិនមានការសម្រួលដល់ ការលើកស្លាកគណកប្ស ការរំខានក្នុងការធ្វើសកម្មភាពជួបជុំអ្នកគាំទ្រជាដើម៕