លោក​អាត់ ធន់​ ថា​ការរំលោភ​សិទ្ធិ​កម្មករ​នៅតែ​កើតមាន​

30-04-2018 7:27 pm 796
  ស្តាប់
ស្តាប់ជាសំឡេង

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (​ស៊ី​ខៅ​ឌូ​) បាន​លើកឡើងថា​រោងចក្រ    សហគ្រាស​ជាច្រើន​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ នៅតែ​មិន​គោរព​ច្បាប់​ការងារ ដោយនៅ​បន្ត​កេងប្រវ័ញ្ច គាបសង្កត់ ប្រើ​អំពើហិង្សា ចំណែក​លក្ខខណ្ឌ​ការងារ និង​ស្ថានភាព​កម្មករ​នៅ​មិនទាន់​ដោះស្រាយបាន​នៅឡើយ​។ ​

​ថ្លែងប្រាប់​វិទ្យុ​វា​យោ នា​រសៀល​ថ្ងៃ​ចន្ទ​នេះ លោក​អាត់ ធន់ បាន​បញ្ជាក់ថា រោងចក្រ​សហគ្រាស​មួយចំនួន​បាន​គោរព​តាមច្បាប់​ការងារ​បាន​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​នៅមាន​ជាច្រើន​ទៀត​ដែល​មិនបាន​គោរព​តាម​នោះទេ ដោយ​នៅតែ​បន្ត​កេងប្រវ័ញ្ច គាបសង្កត់ បញ្ឈប់​កម្មករ​ដោយ​មិន​គិត​ប្រាក់​ឈ្នួល​ដល់​កម្មករ ហាមឃាត់​មិនឲ្យ​តវ៉ា និង​ខ្លះ ថែមទាំង​មិន​ឲ្យមាន​ការរៀបចំ​សហជី​ពទៀត​ផង​។​

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា រូបនេះ​បន្តថា នៅក្នុង​ការធ្វើ​អា​ជី​រកម្ម និយោជក​ត្រូវ​គិតដល់​សិទ្ធិ និង​កម្លាំង​កម្មករ ដោយ​មិន​ត្រូវធ្វើ​ទុក​បុក​ម្នេញ​ដល់​ពួកគេ​ឡើយ ព្រោះ​កម្មករ​ជា​ចលករ​សំខាន់​ដែល​ជួយ​ជំរុញឲ្យមាន​ការផលិ​ត​។ ដូច្នេះ​បើ​រោងចក្រ​សហគ្រាស​ទាំងនោះ នៅតែ​បន្ត​កេងប្រវ័ញ្ច និង​គាបសង្កត់​លើ​កម្មករ នោះ​ការធ្វើ​អាជីវកម្ម​របស់គេ​ក៏​មិន​ជោគជ័យ​ដែរ​។ 

​សម្លេង​លោក​អាត់ ​ធន់​៖

​គួរ​បន្ថែមថា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ លោក​អាត់ ធន់ បញ្ជាក់ថា រដ្ឋាភិបាល​ត្រូវ​អនុវត្តន៍​ច្បាប់​ឲ្យបាន​ពេញលេញ និង​ដាក់​ទោសទណ្ឌ​ឲ្យបាន​ត្រឹមត្រូវ ចំពោះ​មន្ត្រី​ទាំងឡាយណា​ដែល​មិន​គោរព​តាមច្បាប់​ការងារ​។ ក្រុមហ៊ុន​ត្រូវគោរព​សិទ្ធិ​កម្មករ សហជីព​ត្រូវ​ចូលរួម​បណ្តុះបណ្តាល​ដល់​កម្មករ​ឲ្យ​យល់​ពី​សិទ្ធិ​ខ្លួន សិទ្ធិ​និយោជក និង​សហជីព​ជាដើម​។ ចំពោះ​ការទាមទារ តវ៉ា និង​ការដោះស្រាយ​ត្រូវធ្វើ​ទៅ​តាមច្បាប់​ដោយ​សន្តិវិធី​ផងដែរ​៕

ដោយ​៖ ប៉ា សុ​ខេង

ព័ត៌មានផ្សេងទៀត