បារាំង​និង​អង់គ្លេស​៖​​វិធានការ​​ហាមឃាត់​​អាវុធ​គីមី​​មិនអាច​​ដើរ​ថយក្រោយ​​ដាច់ខាត​

30-04-2018 3:30 pm 381
  ស្តាប់
ប្រធានាធិបតី​បារាំង(ឆ្វេង)​​និងនាយករដ្ឋមន្ដ្រីអង់គ្លេស
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​បារាំង​លោក​អេ​ម៉ា​នូអែល ម៉ា​ក្រុង និង​នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោក​ស្រីថេ​រេសា ម៉េ កាលពី​ថ្ងៃទី​២៩​មេសា​បាន​ជំរុញ​ឲ្យ​ពិភពលោក​បន្ដ​ប្រយុទ្ធប្រឆាំង​នឹង​អាវុធ​គីមី​។ ការទទូច​របស់​មេដឹកនាំ​ទាំងពីរ​ធ្វើឡើង​ចំ​ថ្ងៃ​ប្រារព្ធ​ខួប​ទី​២១ នៃ​អនុសញ្ញា​ហាមឃាត់​ការប្រើប្រាស់​អាវុធ​គីមី​។ សារ​បង្ហោះ​នៅលើ​ប្រព័ន្ធ​Twitter​ជា​ភាសា​បារាំង​និង​អង់គ្លេស លោក​ម៉ា​ក្រុង​និយាយថា “​នៅ​ថ្ងៃ​ខួប​ទី​២១​នៃ​អនុសញ្ញា​ហាមឃាត់​អាវុធ​គីមី និង​បន្ទាប់ពី​មាន​ហេតុការណ៍​កើតឡើង​នៅ​ឌូ​ម៉ានិង​សាលី​សប៊ូ​រី ខ្ញុំ​និង​អ្នកស្រី​ម៉េ​បាន​អំពាវនាវ​រួមគ្នា ឲ្យ​ពិភពលោ​ករួម​ដៃ​ជាមួយ​ពួកយើង​ប្រឆាំងនឹង​ការប្រើប្រាស់​អាវុធ​គីមី​។​”

​ការិយាល័យ​លោកស្រី​ម៉េ​បាន​សរសេរ​សារ​បង្ហោះ​នៅលើ​Twitter​ស្រដៀង​គ្នា​នេះ​ថា “​យើង​មិនគួរ​ត្រឡប់​ថយក្រោយ​ទេ ក្នុងករណី​ហាមឃាត់​ការផលិត​អាវុធ​គីមី ការ​រក្សាទុក​អាវុធ​គីមី រួមទាំង​ការប្រើប្រាស់ ព្រោះ​វា​ជា​អាវុធ​គ្រោះថ្នាក់​បំផុត​។​” សេចក្ដីថ្លែងការណ៍​រប​ស់លោក​ម៉ា​ក្រុង​និង​លោកស្រី​ម៉េ ចេញ​ក្នុងពេល​ត្រឹមតែ​ពីរ​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​អាមេរិក បារាំង និង​អង់គ្លេស បើក​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ប្រឆាំង​របប​គ្រប់គ្រង​របស់​ប្រធានាធិបតី​ស៊ី​រី​លោក​បា​សា អាល់​អាសាដ​។ ប្រទេស​ទាំងបី​ចោទថា រដ្ឋាភិបាល​ស៊ី​រី​ប្រើ​អាវុធ​គីមី​សម្លាប់​មនុស្ស​ជាង​៤០​នាក់ នៅ​ជិត​ទីក្រុង​ដា​ម៉ាស​កាលពី​ថ្ងៃទី​៧​មេសា​។​

​បច្ចុប្បន្ន​ក្រុម​ត្រួតពិនិត្យ​មកពី​អង្គការ​ហាមឃាត់​អាវុធ​គីមី កំពុងបើក​ការស៊ើបអង្កេត​ក្នុងប្រទេស​ស៊ី​រី​ស្វែងរក​ការពិត ថា​មាន​ការប្រើ​អាវុធ​គីមី​មែនឬ​មិនមែន ខណៈ​រុស្ស៊ី​ធ្លាប់​អះអាង​ជា​រឿង​ប្រឌិដ្ឋ​។ រុស្ស៊ី​ក៏​ច្រានចោល​ការចោទប្រកាន់រ​បស់​អង់គ្លេស​ផងដែរ ដែលថា​រុស្ស៊ី​ប្រើ​សារ​ធាតុគីមី​បំពុល​អតីតមន្ដ្រី​ចារកិច្ច​រុស្ស៊ី​និង​កូនស្រី នៅក្នុង​ទីក្រុង​សាលី​សប៊ូ​រី​ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃទី​០៤​មីនា។

​គួរ​បញ្ជាក់ថា អាវុធ​គីមី​ត្រូវបាន​ប្រើប្រាស់​ជា​លើកដំបូង​នៅ​សមរភូមិ​ក្នុង​សង្គ្រាមលោក​លើកទីមួយ និង​នៅ​ឆ្នាំ​១៩៨៨​ដោយ​មេដឹកនាំ​ផ្ដាច់ការ​អ៊ីរ៉ាក់​សា​ដាម ហ៊ូ​សេន ប្រឆាំងនឹង​ជន​ស៊ីវិល​នៅ​ប្រទេស​អ៊ីរ៉ាក់​។ ប៉ុន្ដែ​នៅ​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​១៩៩៧ អនុសញ្ញា​ហាមឃាត់​អាវុធ​គីមី​ក៏​ចូល​ជា​ធរមាន ក្នុង​គោលបំណង​បំផ្លាញចោល​អាវុធ​ទាំងអស់នេះ​៕

ព័ត៌មានផ្សេងទៀត