កុលាលភាជន៍​ចំនួន​៦៤​មាន​ប្រភព​ពី​បុរីរម្យ​ត្រូវបាន​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា​

30-04-2018 11:53 am 805
  ស្តាប់
កុលាលភាជន៍ ដែលត្រូវបានវិទ្យាស្ថាន Smithsonian ប្រគល់​ជូន​អាជ្ញាធរជាតិអប្សរា កាលពីដើមខែមេសា ឆ្នាំ២០១៨ ។ រូបថតពី អាជ្ញាធរជាតិអប្សរា ។
ស្តាប់ជាសំឡេង

​កុលាលភាជន៍​ចំនួន​ចំនួន​៦៤ មាន​ដូចជា​ចាន ក្រឡ ដន្លាប់ ខួច មាន​ស្រទាប់​រលោង​ពណ៌​បៃតង​និង​ពណ៌​ត្នោត ត្រូវបាន​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​វិទ្យាស្ថាន Smitsonian តាមរយៈ​ស្ថានទូត​សហរដ្ឋអាមេរិក ដើម្បី​រក្សា​ទុក អភិរក្ស និង​សិក្សា ។ 

​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ លោក អ៊ា ដា​រិទ្ធ បានឱ្យដឹងថា ប្រវត្តិ​នៃ​វត្ថុ​ទាំងអស់​ខាងលើ ត្រូវបាន​អ្នក​ស្រឡាញ់​វត្ថុ​បុរាណ​ជនជាតិ​ជប៉ុន​និង​អាមេរិក ប្រមូល​ទិញ​ពី​ខេត្ត​បុរី​រម្យ ប្រទេស​ថៃ​បច្ចុប្បន្ន យក​ទៅ​សហរដ្ឋអាមេរិក​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០ ហើយ​បន្ទាប់មក​បាន​ប្រគល់ជូន​វិទ្យាស្ថាន Smithsonian ។ ដោយមាន​កិច្ចសហការ​ល្អ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា វិទ្យាស្ថាន Smithsonian ក៏​បាន​ប្រគល់​កុលាលភាជន៍​ទាំងនេះ ឱ្យ​អង្គភាព​កុលាលភាជន៍​អង្គរ​ជា​អ្នកមើលការខុសត្រូវ ។​

​ចំពោះ​ភាជន៍​មួយចំនួន​ដែល​នៅ​ល្អ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​យក​ទៅ​តាំង​ពិ​ព័​រណ៌​បង្ហាញជា​សាធារណៈ ក្រោម​គម្រោង​តាំង​ពិ​ព័​រណ៌​វត្ថុ​បុរាណ​ដែល​ស្រាវជ្រាវ​បាន​ជាង​២០​ឆ្នាំ​ពី​តំបន់​អង្គរ ។ 

​វត្ថុ​ទាំងនោះ​នឹង​ត្រូវ​រក្សាទុក​ដើម្បី​សិក្សា​ប្រៀបធៀប​ពី​សម័យកាល បច្ចេកទេស និង​គុណភាព រវាង​កុលាលភាជន៍​ដែល​មាន​ប្រភព​ពី​ខេត្ត​បុរីរម្យ ប្រទេស​ថៃ និង​តំបន់​អង្គរ ព្រោះ​កុលាលភាជន៍​អាច​ឆ្លុះបញ្ចាំង​ពី​សម័យកាល​មួយ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ និង​បង្ហាញ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​សម័យអង្គរ ថា​តើ​ខ្មែរ​យើង​មានលទ្ធភាព​ផលិត​ភាជន៍​បានល្អ​កម្រិតណា ។ 

​នា​សម័យ​បុរាណ ភាជន៍​ត្រូវបាន​គេ​ប្រើប្រាស់​ប្រចាំថ្ងៃ ធ្វើ​ជា​គ្រឿង​តាំង​លម្អ​ក្នុងផ្ទះ និង​សម្រាប់​ប្រើ​ក្នុង​ពិធី​សាសនា​ផ្សេងៗ ដូចជា​ពិធីសែនព្រេន និង​បួងសួង​ជាដើម ។​

​គូសបញ្ជាក់ថា ពិធី​ប្រគល់​កុលាលភាជន៍​នេះ បាន​ប្រព្រឹត្ត​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក កាលពី​អំឡុង​ដើម​ខែ​មេសា​ឆ្នាំ​២០១៨ រវាង​លោក អ៊ា ដា​រិទ្ធ និង​លោក ធី សេរីវុឌ្ឍ តំណាង​អាជ្ញាធរ​ជាតិ​អប្សរា និង​លោកស្រី Monica Davis តំណាង​ស្ថានទូត​អាមេរិក ។ នេះ​ជា​លើកទីមួយ​ហើយ ដែល​កុលាលភាជន៍​ដ៏​ច្រើន​បែប​នេះ ត្រូវបាន​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា ៕ (​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត