រុស្ស៊ី​​នៅតែ​​ប្រកែក​​ដាច់អហង្ការ​ថា​​គ្មាន​ការប្រើ​​អាវុធ​គីមី​​នៅ​ស៊ី​រី​ឡើយ​

28-04-2018 10:23 am 572
  ស្តាប់
រូបភាពក្មេងៗ​​ដែលសារព័ត៌មាន​ចេញផ្សាយថា​​រងគ្រោះ​ដោយ​អាវុធគីមីនៅស៊ីរី
ស្តាប់ជាសំឡេង

​សហរដ្ឋអាមេរិក បារាំង និង​អង់គ្លេស​កាលពី​ថ្ងៃទី​១៤​មេសា បាន​រួមដៃគ្នា​បើក​ការវាយប្រហារ​លើ​ប្រទេស​ស៊ី​រី ក្រោម​ហេតុផល​ថា​ស៊ី​រី​ប្រើ​អាវុធ​គីមី​សម្លាប់​ប្រជាជន នៅក្នុង​ទីក្រុង​ហ្គូ​តា​នៃ​ប្រទេ​ស៊ីរីកាល​ពី​ថ្ងៃទី​០៧​មេសា​។ ភ្លាមៗ​រុស្ស៊ី​ដែលជា​សម្ព័ន្ធមិត្ដ​ស៊ីរី បាន​ចេញមុខ​ច្រានចោល​ការចោទប្រកាន់ ហើយ​អះអាងថា​គ្មាន​ការប្រើ​អាវុធ​គីមី​ឡើយ​។ 

​ជាថ្មី​ម្ដងទៀត​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការ​ហាមឃាត់​អាវុធ​គីមី​(OPCW) លោក​Alexander Shulgin​និយាយ​ក្នុង​សន្និសីទកាសែត​ពី​ទី​ក្រុងឡាអេ​ប្រទេស​ហូ​ង​ឡង់​កាលពី​ថ្ងៃទី​២៦​មេសា​ថា ព័ត៌មាន​លេច​ធ្លាយ​ថា​មាន​ការប្រើ​អាវុធ​គីមី​គឺជា​រឿង​ប្រឌិដ្ឋ​។ លោក​ថា​វីដេអូ​ឃើញ​មាន​ក្មេងៗ​ត្រូវបាន​គេ​ជួយសង្គ្រោះ ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញសារព័ត៌មាន​នានា ជា​ព័ត៌មាន​មិន​ពិត​។​

​ចំពោះ​ការវាយប្រហារ​របស់​អា​មេរិក បារាំង និង​អង់គ្លេស​លើ​ប្រទេស​ស៊ី​រី រំលោភ​យ៉ាងធ្ងន់ធ្ង​រលើ​ច្បាប់​អន្ដរជាតិ​។ ប្រទេស​ទាំងបី​ធ្វើ​សកម្មភាព​ទាំង​គ្មាន​ភស្ដុតាង​ច្បាស់លាស់​។ ពេលនេះ​អង្គការ​ហាមឃាត់​អាវុធ​គីមី កំពុងតែ​ចាប់ផ្ដើម​ការស៊ើបអង្កេត​នៅក្នុង​ប្រទេស​ស៊ី​រី​ហើយ​។ នេះ​បើតាម​ការគូសបញ្ជាក់​បន្ថែម​ពី​រុស្ស៊ី​។​

​គួរ​ជម្រាបជូន​ថា រឿងរ៉ាវ​ប្រើ​អាវុធ​គីមី​សម្លាប់​ប្រជាជន​នៅ​ស៊ី​រី កំពុង​ក្លាយជា​ប្រធានបទ​ក្ដៅ​សម្រាប់​រុស្ស៊ី ស៊ី​រី អាមេរិក បារាំង និង​អង់គ្លេស យកមក​វាយប្រហារ​គ្នា​ទៅវិញទៅមក​។ នៅ​ខាង​ភាគី​ស៊ី​រី​មាន​រុស្ស៊ី និង​អ៊ីរ៉ង់​ជា​អ្នកគាំទ្រ ដោយឡែក​អាមេរិក​វិញ​មាន​អង់គ្លេស​និង​បារាំង​ចាំ​គាំទ្រ​។ ម្ខាងៗ​បានបង្ហាញ​ភាពជឿជាក់​រៀងៗ​ខ្លួន ដោយ​មួយ​ថា​មិន​បានធ្វើ​ហើយ​មួយទៀត​ចោទថា​ពិតជា​បានធ្វើ​។ 

​មិនទាន់មាន​ការសម្របសម្រួល​ដោះស្រាយ​បញ្ហា​ឡើយ ប៉ុន្ដែ​ខណៈ​នេះ​ក្រុម​ជំនាញ​អង្គការ​ហាមឃាត់​អាវុធ​គីមី កំពុង​បំពេញបេសកកម្ម​ដើម្បី​បញ្ចប់​មន្ទិលសង្ស័យ ថា​អាវុធ​គីមី​ពិតជា​បាន​ប្រើ​មែនឬ​មិនមែន​។ ដូច្នេះ​យើង​រង់ចាំ​មើល​ទាំងអស់គ្នា​៕

ព័ត៌មានផ្សេងទៀត