ដើម្បីឆ្លើយតបទៅនឹងកំណើនដ៏ឆាប់រហ័សរបស់ប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ រហូត៣% ក្នុងមួយឆ្នាំៗ សាលារាជធានីភ្នំពេញ ដែលមានចូលរួមសហការជាមួយសាលាក្រុងប៉ារីសប្រទេសបារាំង បានរៀបចំអភិវឌ្ឍន៍តំបន់មួយនៃភាគខាងត្បូងក្រុងភ្នំពេញ ដើម្បីអោយក្លាយជាក្រុងបៃតង ដែលមានបរិយាសល្អ និងស្រស់បំព្រង។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា សាលារាជធានីភ្នំពេញ និងសាលាក្រុងប៉ារីសប្រទេសបារាំង បានរួមសហការគ្នាអភិវឌ្ឍន៍តំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញ អោយក្លាយជាទីក្រុងបៃតង ដែលសោភ័ណភាពស្រស់បំព្រង។ ការប្រកាសនេះ ក្នុងពិធីបិទសិក្ខាសាលាស្តីពី ការបង្ហាញលទ្ធផល និងវឌ្ឍនភាពគម្រោងសហការលើការអភិវឌ្ឍនគរូបនីកម្ម រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសាលាក្រុងប៉ារីស កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងទៀតថា ភាគខាងត្បូងរាជធានីភ្នំពេញ គឺជាទំហំ នៃការអភិវឌ្ឍដ៏ធំមួយ ដូច្នេះហើយបានជាសាលាក្រុងប៉ារីស ដែលមានបទពិសោធន៍លើការរៀបចំទីក្រុង បានជួយរៀបចំតំបន់នោះ ឲ្យមានភាពស្រស់បំព្រង និងក្លាយជាតំបន់បៃតង ដែលមានបរិស្ថានល្អ។
លោកអភិបាលបញ្ជាក់ទៀតថា រាជធានីភ្នំពេញ មានការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន និងអគារនានា អោយស្របតាមបរិយាកាសថ្មីនៃសង្គម សេដ្ឋកិច្ចកម្ពុជា។ រាជធានីភ្នំពេញ បានចាប់ផ្តើម មានការអភិវឌ្ឍឆ្លើយតប នឹងកំណើនប្រជាជនទីក្រុង ដែលកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់ជាង ៣% ក្នុង១ឆ្នាំៗ។