លោក​​ស៊ុន​ ចាន់​ថុល​ បន្ត​​ធ្វើ​កំណែ​ទម្រង់​​សម្រួល​​សេវា​សា​ធារណៈ​​

25-04-2018 4:01 pm 970
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្វើការ​កំណែទម្រង់​ស៊ីជម្រៅ ដើម្បី​សម្រួល​សេវាសាធារណៈ ដល​ប្រជាពលរដ្ឋ ដោយ​ផ្ដោតលើ​ចំណុច​សំខាន់ៗ​៣ ខណៈដែល​បញ្ហា​សេវាសាធារណៈ​នេះ ទទួល​ការរិះគន់​ពី​ប្រជាជន​នា​ពេលកន្លងមក ថា​មាន​ការយឺតយ៉ាវ និង​មាន​អំពើពុករលួយ​ជាដើម​។ (​សេង បារាំង​)

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ បុគ្គលិក និង​កម្មករ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃទី​២៥ មេសា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សារ​ធាណ​ការ និង​ដឹកជញ្ជូន បាន​គូសបញ្ជាក់​ពី​កំណែទម្រង់​ស៊ីជម្រៅ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​សម្រួល​សេវាសាធារណៈ ដែល​ផ្ដោតលើ​ចំណុច​សំខាន់ៗ​បី​គឺ ធ្វើឱ្យបាន​លឿន ធ្វើឱ្យមាន​តម្លាភាព និង​ធ្វើឱ្យមាន​ប្រសិទ្ធភាព​។​

​ក្នុងនោះ​មានដូចជា ការបង្កើតឱ្យមាន​ឆៀក​ចល័ត​ដើម្បី​រំកិល​សេវា​នេះ​ឱ្យទៅ​ជិត​ប្រជាពលរដ្ឋ សេវា​ប្ដូរ​និង​ពន្យារ​បណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន ដោយ​ធ្វើការ​៧​ថ្ងៃ​ក្នុង​មួយ​សប្ដាណ៍ និង​ប្រើ​រយៈពេល​តែ​១៥​នាទី​គត់​ដើម្បី​ប្ដូរ ឬ​ពន្យា​បណ្ណ​បើកបរ​មួយ ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដែល​ប្រជាពលរដ្ឋ​ទិញ​ម៉ូតូ​ភ្លាម បាន​ផ្លាកលេខ​ភ្លាម​។​

​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ ក៏បាន​ព្រមាន​ពី​ការអនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ និង​ធ្វើ​ជាប្រចាំ​ចំពោះ​យានយន្ត​ផ្ទុកទំនិញ​លើស​ទំងន់​កម្រិត​កំណត់ និង​ការកែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ផងដែរ ព្រោះថា បើ​រថយន្ត​តែ​មួយគ្រឿង ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​២០​តោន គឺ​ស្មើនឹង​រថយន្ត ១៦០០០០​គ្រឿង​ធ្វើចរាចរ​នៅលើ​ផ្លូវ​នោះ ដែល​ធ្វើឱ្យ​ផ្លូវ​ឆាប់​ទ្រុឌទ្រោម និង​ខូចខាត​។​

​សូមបញ្ជាក់ថា បញ្ហា​ការផ្ដល់​សេវាសាធារណៈរ​បស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត នាពេល​កន្លងទៅ ត្រូវបាន​សារ​ធា​រណ​ជន​រិះគន់ថា ការផ្ដល់សេវា​មានការ​យឺត​យ៉ាង និង​មាន​អំពើពុករលួយ​ជាដើម​៕ 

 ពាក្យគន្លឹះ  លោកស៊ុនចាន់ថុល

ព័ត៌មានផ្សេងទៀត