លោក​ហ៊ុន​សែន​នឹង​ចាកចេញ​ទៅ​សិង្ហ​បុរី​ចំនួន​២​ថ្ងៃ​

24-04-2018 3:08 pm 1071
លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌា​ កាលពីដើមឆ្នាំ២០១៨ ។ រូបថតពី Page លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ។

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ ក្រោម​មូលបទ «​ភាពរឹងមាំ និង​នវានុវត្តន៍​របស់​អាស៊ាន​» ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី ២៨ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ប្រទេស​សិង្ហ​បុរី តាម​ការអញ្ជើញ​របស់​លោក លី សៀន​ឡុង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល ។​

​ឥស្សរជន​កម្ពុជា​អមដំណើរ​មាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​, លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ព្រម​ជាមួយនឹង​សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា​ដទៃទៀត ។​

​កិច្ចប្រជុំ​នេះ ថ្នាក់ដឹកនាំ​នឹង​ធ្វើ​ការពិភាក្សា និង​ផ្លាស់ប្តូរ​ទស្សនៈ​ស្តី​ពី​ការកសាង​ភាពរឹងមាំ និង​នវានុវត្តន៍​របស់​អាស៊ាន ការបង្កើត​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន កិច្ចសហប្រតិបត្តិការ​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ទំនាក់ទំនង​ក្រៅ​តំបន់​អាស៊ាន និង​ទិសដៅ​អនាគត ព្រមទាំង​បញ្ហា​នៅក្នុង​តំបន់ និង​អន្តរជាតិ​ដែល​ជា​ផលប្រយោជន៍​រួម ៕ (​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត