លោក​គីម ជុង​អ៊ុន​​​សន្យា​​​​​​​ឈប់បាញ់មីស៊ីល​គ្រប់ប្រភេទ​ទាំងអស់​​

21-04-2018 8:50 am 1806
  ស្តាប់
មេដឹកនាំ​កូរ៉េខាងជើង​​លោកគីម ជុងអ៊ុន
ស្តាប់ជាសំឡេង

​លោក​គីម ជុង​អ៊ុន​បាន​និយាយ​នៅ​ថ្ងៃទី​២១​មេសា​នេះ​ថា កូរ៉េខាងជើង​នឹង​ផ្អាក​រាល់​ការធ្វើ​តេស្ដ​មី​ស៊ី​ល​ទាំងអស់ ហើយនឹង​បិទ​ទីតាំង​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​ផងដែរ​។ ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង ដកស្រង់​សម្ដី​លោក​គី​មឲ្យដឹងថា ពី​ថ្ងៃទី​២១​មេសា​នេះ​តទៅ កូរ៉េខាងជើង​នឹង​បញ្ឈប់​រាល់​ការធ្វើ​តេស្ដ​មី​ស៊ី​ល​និង​ការបាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​។ ការសម្រេចចិត្ដ​ដូច្នេះ​ដើម្បីឲ្យ​សេដ្ឋកិច្ច​កូរ៉េខាងជើង​បន្ដ​ងើប​ឡើងវិញ និង​ដើម្បី​សន្ដិភាព​នៅលើ​ឧបទ្វីប​កូរ៉េ​។​

​បន្ទាប់ពី​ការប្រកាស​ជា​សាធារណៈ​របស់លោក​គីម ជុង​អ៊ុន លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​បាន​សាទរ​យ៉ាងខ្លាំង​។ តាម​សារ​បង្ហោះ​នៅលើ​ប្រព័ន្ធ​Twitter​លោក​ត្រាំ​និយាយថា នេះ​គឺជា​ព័ត៌មាន​ដ៏​ល្អ​បំផុត​សម្រាប់​កូរ៉េខាងជើង​និង​សម្រាប់​ពិភពលោក​។ វា​គឺជា​ដំណើរការ​ដ៏​ធំ ដូច្នេះ​សូម​រង់ចាំ​កិច្ច​ជំនួប​កំពូល​នៅ​ពេលខាងមុខ​។ កាលពី​ថ្ងៃទី​១៩​មេសា​លោក​ដូណាល់ ត្រាំ​គូស​បញ្ជាក់ដែរថា នៅតែមាន​ផ្លូវ​ដើរ​សម្រាប់​កូរ៉េខាងជើង បើសិន​ព្រម​រំលាយចោល​កម្មវិធី​នុយក្លេអ៊ែ​រ​។​

​ការប្ដេជ្ញាចិត្ដនឹ​ងឈប់​បាញ់​មី​ស៊ី​លរបស់​កូរ៉េខាងជើង​នេះ​ទៀតសោត ធ្វើឡើង​មិន​ដល់​មួយ​សប្ដាហ៍​ផង មុនពេល​លោក​គីម ជុង​អ៊ុន​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន​។ ថ្នាក់ដឹកនាំ​ទាំងពីរ​នឹង​ជួបគ្នា​នៅ​ថ្ងៃទី​២៧​មេសា នៅ​តំបន់​គ្មាន​យោធា​ជា​ព្រំដែន​រវាង​កូរ៉េខាងត្បូង​និង​ខាងជើង​។ មាន​របៀបវារៈ​សំខាន់ៗ​ជាច្រើន​ត្រូវ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​។ បន្ទាប់មកទៀត​លោក​គីម ជុង​អ៊ុន​គ្រោង​នឹង​ជួប​លោក​ដូណាល់ ត្រាំ​នៅ​ខែមិថុនា​។ បើសិន​ដូច​ការគ្រោងទុក នោះ​ជា​កិច្ច​ជំនួប​តទល់​លើកទីមួយ​រវាង​ប្រធានាធិបតី​អាមេរិក​និង​មេដឹកនាំ​កូរ៉េខាងជើង​។​

​សូមបញ្ជាក់ថា ស្ថិតក្រោម​ការដឹកនាំរ​បស់​លោក​គីម ជុង​អ៊ុន កូរ៉េខាងជើង​បាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នូវ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​។ ការអភិវឌ្ឍ​រួមទាំង​ការ​ធ្វើតេស្ដ​មី​ស៊ី​ល ហើយ​កាលពី​ឆ្នាំមុន​បាន​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៦​ទៀត​នោះ កូរ៉េខាងជើង​ត្រូវ​ទទួលយក​ទណ្ឌកម្ម​ឥត​ស្រាកស្រាន្ដ​ពី​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ពី​អាមេរិក ពី​សហភាព​អឺរ៉ុប ពី​កូរ៉េខាងត្បូង និង​បណ្ដា​ប្រទេស​ជាច្រើន​។ ចំពោះ​ការផ្លាស់ប្ដូរ​ឥរិយាបថ​របស់​កូរ៉េខាងជើង​ក្នុង​ពេលនេះ គឺជា​រឿង​ដែល​អន្ដរជាតិ​ចង់បាន​បំផុត​សម្រាប់​ស្វែងរក​សន្ដិភាព​នៅលើ​ឧបទ្វីប​កូរ៉េ នៅក្នុង​តំបន់ និង​ក្នុង​ពិភពលោក​ទាំងមូល​៕

ព័ត៌មានផ្សេងទៀត