លោក​ហ៊ុន សែន ព្រមាន​”​វះកាត់​”​ជម្ងឺ​មន្ត្រី​ស្ពឹក​ស្រពន់​

20-04-2018 5:45 pm 11668
  ស្តាប់
ស្តាប់ជាសំឡេង

​មិនមែន​ជា​រឿង​ថ្មី​ឡើយ ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន តែងតែ​ព្រមាន​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់ខ្លួន ត្រូវ “ ឆ្លុះ​កញ្ចក់ ងូតទឹក ដុះ​ក្អែល និង​ព្យាបាល​”​។ ប៉ុន្តែ​ចាប់ពី​ចុងឆ្នាំ​២០១៧​មក ប្រមុខ​រដ្ឋាភិបាល បាន​ប្រកាស​ដាក់​ចេញ​នូវ​១​ចំណុច បន្ថែមទៀត គឺ “​វះកាត់​” ទៅលើ​មន្ត្រី​អសកម្ម ចេញ​ពី​ជួរ​រដ្ឋាភិបាល ដើម្បី​កុំឲ្យ​អ្នក​ទាំងនោះ បង្ក​ជា​ដំបៅ​មហារីក​ធ្ងន់ធ្ងរ ខណៈ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨ កាន់តែ​ខិត​ជិត​មក​ដល់​។​
​ថ្លែង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​២០១៧ និង​ការវាយតម្លៃ​សមិទ្ធផល​៥​ឆ្នាំ នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នា​ថ្ងៃ​ទី​២០ មេសា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បន្ត​ប្រកាន់ខ្ជាប់ នូវ​ការអនុវត្តន៍​តាម​គោលការណ៍ "​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​"​។ ចាប់ពី​ពេលនេះ​តទៅ រដ្ឋាភិបាល នឹង​មិន​ទុកឲ្យ​មាន​ជំងឺ​រាំរ៉ៃ នៅក្នុង​ខ្លួន​មន្ត្រី តទៅទៀត​ទេ គឺ​ត្រូវ​កាត់ចោល​តែម្តង​។​

សំឡេង​

​ទាក់ទង​នឹង​បញ្ហា​នេះ អង្គការ​សង្គម​ស៊ីវិល និង​អតីតមន្ត្រី​គណបក្សប្រឆាំង ចាត់ទុក​ការរម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា គឺជា​ការ​វាយ​បំបែក​កញ្ចក់​សង្គម ដែល​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​ការអំពាវនាវ របស់​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​មន្ត្រី​របស់​លោក​ឆ្លុះ​កញ្ចក់ ងូតទឹក ដុះ​ក្អែល ព្យាបាល និង​វះកាត់​។​

​ថ្លែង​ប្រាប់​ដល់​សារព័ត៌មាន​ក្នុងស្រុក​មួយ កាលពី​ពេល​ថ្មីៗ​នេះ លោក​ធន សារាយ ប្រធាន​សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC)  ដែល​បាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស បាន​មើលឃើញ​ថា ការដឹកនាំ​ប្រទេស​កម្ពុជា ពី​សំណាក់ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នាពេល​បច្ចុប្បន្ន​នេះ ទៅរក​របប​ឯក​បក្ស ព្រោះ​គ្មាន​បក្សប្រឆាំង ដែល​មាន​ឥទ្ធិពល​ខ្លាំង ដូច​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​ចាត់​ទុក​បក្ស​តូចៗ​ដទៃទៀត គ្មាន​អត្ថន័យ​អ្វី​នោះ​ទេ គឺ​គ្រាន់តែ​ជា​បក្ស​លម្អ ឲ្យឃើញ​ទៅ​ដូចជា​មាន​ដំណើរកា​រ​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​។ 

​លោក​អេង ឆៃអ៊ាង អតីតមន្ត្រី នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ភៀសខ្លួន ទៅ​ក្រៅប្រទេស​ផង​ដែរ​នោះ ធ្លាប់​លើក​ឡើង​ថា ដើម្បី​អាច​ឆ្លុះ​មើល​ភាព​អសកម្ម​របស់ខ្លួន​បាន គឺ​ត្រូវ​ពឹងផ្អែក​លើ​មជ្ឈដ្ឋាន​ខាងក្រៅ ដូចជា​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ហ៊ាន​ចង្អុល​ចំ​បញ្ហា និង ហ៊ាន​និយាយ​ការពិត​។ ប៉ុន្តែ ជា​អកុសល​រដ្ឋាភិបាល​បាន​បំផ្លាញ​របស់​ទាំងនេះ​ចោល​អស់​ទៅហើយ​។​

​អភិក្រម​ទាំង​៥ ដែលរួមមាន​៖ ឆ្លុះ​កញ្ចក់ ងូតទឹក ដុះ​ក្អែល ព្យាបាល និង​វះកាត់ ជា​សារ​ខ្លី​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែង​ដាស់តឿន​មន្ត្រី​ដែល​ធ្លាប់​ស្ពឹក​ស្រ​ពន់ ឱ្យ​ភ្ញាក់រលឹក ក្នុងន័យ​កំណែទម្រង់​ស៊ីជម្រៅ នៅក្នុង​ជួរ​គណបក្ស និង ជួរ​រាជរដ្ឋាភិបាល​។ 

​ជា​ការកត់សម្គាល់ ក្រោយ​ការព្រមាន ដាស់តឿន ជារឿយៗ ពី​លោក​នាយករដ្ឋមន្ត្រី គេ​សង្កេតឃើញថា បើទោះបីជា​មិនបាន​១០០% ក៏ប៉ុន្តែ ភាព​ភ្ញាក់រលឹក របស់​មន្ត្រី​មួយចំនួន បាន​បម្រើ​ផលប្រយោជន៍​យ៉ាងច្រើន ដល់​ប្រជាពលរដ្ឋ តាមរយៈ​ការធ្វើកំណែទម្រង់ ទៅលើ​ក្រសួង ស្ថាប័ន​របស់​ខ្លួន​។ ប៉ុន្តែ​មន្ត្រី​ខ្លះទៀត នៅតែ​ស្ពឹក​ស្រ​ពន់ ស្ទើរតែ​មិន​កំរើក​ដដែល​។​

​គេ​នៅ​ចាំបាន​ថា កាលពី​អំឡុង​ឆ្នាំ​២០១៦ រដ្ឋាភិបាល​បាន​សម្រេច​រុះរើ​គណៈរដ្ឋមន្ត្រី​ទ្រង់ទ្រាយ​ធំ​ជា​លើកដំបូង ដោយ​បាន​បញ្ចប់​មុខងារ​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ លោក​គាត ឈ​ន់ និង​លោក​ហោ ណាំហុង ត្រូវបាន​បញ្ចប់​មុខងារ​ជា​រដ្ឋមន្ត្រី ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ ក្នុងនោះ ក៏​មាន​ការផ្លាស់ប្តូ​ររដ្ឋមន្ត្រី​សរុប​ចំនួន​៨​រូប ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​។ 

ព័ត៌មានផ្សេងទៀត