រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​៖​ចំណូល​ថវិការដ្ឋ​កើន​ជាង​២​ដង​ក្នុង​រយៈពេល​៥​ឆ្នាំនេះ​

20-04-2018 5:09 pm 1778
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក​អូន ព័ន្ធមុនីរ័ត្ន ថា រយះពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ ចំណូល​ចរន្ត​ថវិការដ្ឋ មាន​ការកើនឡើង​ជាង​២​ដង គឺ​ពី​ប្រមាណ​២,២៦៤ លាន​ដុល្លារ​ដល់ ៤,៥៦០​លាន​ដុល្លា​របើ​គិតពី​ឆ្នាំ​២០១៣ រហូតដល់​ឆ្នាំ​២០១៨​នេះ ។​

​ការលើកឡើង​របស់លោក​បែបនេះ គឺ​ក្នុង​ពិធី​ប្រកាស​ដាក់ឲ្យអនុវត្ត​យុទ្ធសា​ស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ ថវិកា​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២៥ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា​នេះ​។ លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ការកើនឡើង​នៃ​ចំណូល​ចរន្ត​ថវិការដ្ឋ​នេះ គឺ​រដ្ឋាភិបាល​បាន​អនុត្ត​ន៍​នូវ​គោលនយោបាយ​កំណែទម្រង់ ថវិកា​ដូចជា ការកសាង​បាន​ពេញលេញ នូវ​មូលដ្ឋានគ្រឹះ នៃ​ថវិកា​តាមរយៈ​ការពង្រឹង​យន្តការ កៀរគរ​ចំណូល​ថវិការដ្ឋ នឹង​គ្រប់គ្រង​ប្រសិទ្ធភាព​នៃ​ចំណាយ រួមទាំង​ការគ្រប់គ្រង​បំណុល​សាធារណៈ បានល្អ​ត្រឹមត្រូវ ដែល​អាចឲ្យ​រាជរដ្ឋាភិបាល គ្រប់គ្រង​បាន​នូវ​ឱនភាព​ថវិកា​, លើកកម្ពស់​នូវ​ប្រសិទ្ធ​ភាព​ថវិកា​បាន​កាន់តែ​ប្រសើរឡើង ព្រមទាំង​ប្រសិទ្ធភាព​ក្នុងការ​វិភា​ជ​ថវិការ​សម្រាប់​អនុវត្ត​គោលនយោបាយ​អទិភាព និង​ប្រសិទ្ធភាព ក្នុង​កិច្ចប្រតិបត្តិការ​, លុបបំបាត់បាន​នូវ​បំណុល សាច់ប្រាក់​កកស្ទះ​ដ៏​រ៉ាំរ៉ៃ ហើយ​ធានា​សម្រេច បាន​នូវ​ការអនុវត្ត​គោលនយោបាយ​សំខាន់ៗ របស់​រាជរដ្ឋាភិបាល​ក្នុងទិសដៅ​ការពារ​, កសាង និង​អភិវឌ្ឍ​ជាតិ​។​

​លោក​រដ្ឋមន្ដ្រី បាន​បន្ថែមទៀតថា ការកើនឡើង​នៃ​ចំណូល​ថវិកា​នេះ បាន​ផ្តល់ឲ្យ​រាជរដ្ឋាភិបាល បង្កើន​ចំណាយ​យ៉ាងច្រើន ទៅលើ​ការលើកកម្ពស់​គុណភាព និង​ការពង្រីក នៃ​សេវាសាធារណៈ ទាំង​តាមរយៈ​ចំណាយ​ចរន្ត​ថវិកាជាតិ និង​តាមរយៈ​ចំណាយ​វិនិយោគសាធារណៈ ។​

​លោក​អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់​បន្ថែមទៀតថា ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ​, ចំណាយ​សរុប​ថវិការដ្ឋ ត្រូវបាន​បង្កើន​ជិត​ពីរដង ក្នុងនោះ ចំណាយ​សរុប​របស់​ក្រសួង​អប់រំ យុវជន និង កីឡា ត្រូវបាន​បង្កើន​ជាង​បី​ដង​, ចំណាយ​សរុប​របស់ ក្រសួង​សុខាភិបាល ត្រូវបាន​បង្កើន​ជាង​ពីរដង​, ចំណាយ​សរុប​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវបាន​បង្កើន​ជិត​បី​ដង ហើយ​ចំណាយ​វិនិយោគ​ផ្ទាល់ ដោយ​ហិរញ្ញប្បទាន​ក្នុងប្រទេស ត្រូវបាន​បង្កើន​ជាង​ពីរ​ផងដែរ​។​

ព័ត៌មានផ្សេងទៀត