ឥណ្ឌា​​នឹង​រៀបចំ​​ព្រឹត្តិការណ៍ ​Yoga Day ​និង​សម្ដែង​​សិល្បៈ​វ​ប្បធម៌​​ដ៏​ធំ​នៅ​កម្ពុជា​​

20-04-2018 9:20 am 709
  ស្តាប់
ឯកអគ្គរដ្ឋទូត​ឥណ្ឌា​លោកស្រី ម៉ា​នី​កា ចេ​ន និងលោក​ថោង ខុន
ស្តាប់ជាសំឡេង

​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​លោកស្រី ម៉ា​នី​កា ចេ​ន បាន​បញ្ជាក់ថា ឥណ្ឌា​នឹង​រៀបចំ​ព្រឹត្តិការណ៍ Yoga Day និង​រៀបចំ​ឲ្យមាន​ការសម្ដែង​សិល្បៈ​វប្បធម៌ដ៏​ធំ​នៅ​កម្ពុជា នាពេល​ឆាប់ៗ​ខាងមុខ​។​បំណង​នេះ ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​។​

​ក្នុងជំនួប​ពិភាក្សា​ជាមួយ​លោក​ថោង ខុន នៅ​ថ្ងៃទី​១៩ មេសា លោកស្រី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា បានបញ្ជាក់​ពី​ការខិតខំ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ពិសេស​លើ​វិស័យ​ទេសចរណ៍​។ ការរៀបចំ​ព្រឹត្តិការណ៍​សំខាន់ៗ​របស់​ឥណ្ឌា​នៅ​កម្ពុជា បានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​។​ក្នុងនោះ ព្រឹត្តិការណ៍​លំ​ហាត់ប្រាណ​តាមបែប Yoga នឹងធ្វើ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៨ ការសម្ដែង​សិល្បៈ​វប្បធម៌​រួមគ្នា​ដ៏​ធំ​មួយ នឹងធ្វើ​នៅ​ថ្ងៃទី​១០ ឧសភា ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ រួមទាំង​កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍រ​វាង​កម្ពុជា និង​ឥណ្ឌា​លើក​ទី​២​ផងដែរ​។​

​ក្រៅពី​ព្រឹត្តិការណ៍​ខាងលើ លោកស្រី​បាន​បញ្ជាក់ថា ភាគី​ឥណ្ឌា​នឹងមាន​រៀបចំ​សិក្ខាសាលា​ថ្មី​មួយ ដែល​ប្រមូលផ្ដុំ​ទៅដោយ​វិនិយោគិន​ឥណ្ឌា ទី​ភ្នាក់ងារទេសចរណ៍ និង​ការី​ទេសចរណ៍​ល្បីៗ​របស់​ឥណ្ឌា ដើម្បី​ធ្វើ​បទ​បង្ហាញ​ផ្លាស់ប្ដូរ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក សំដៅ​ជំរុញ​កំណើន​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​។​

​លោក​ថោង ខុន បានចាត់ទុក​ទីផ្សារ​ទេសចរណ៍​ឥណ្ឌា​ជា​ទីផ្សារ​ធំ ដែល​កម្ពុជា​ត្រូវតែ​យកចិត្តទុកដាក់ ក្នុង​ការទាក់ទាញ​អ្នកទេសចរ​ឥណ្ឌា​ឲ្យបាន​ច្រើន​ថែមទៀត ព្រោះ​បើ​គិត​លើ​វិស័យ​ទេសចរណ៍​សាសនា កម្ពុជា​ក៏​មិន​ខុសពី​ឥណ្ឌា​ប៉ុន្មាន​ដែរ​។ ដូច្នេះ​កម្ពុជា​មិនអាច​មើលរំលង​ទីផ្សារ​ទេសចរណ៍​ដ៏​ធំ​មួយ​នេះ​បានទេ​។​

​ក្នុង​ការជំរុញ​វិស័យ​ខាងលើ​ឲ្យបាន​លឿន លោក​ថោង ខុន សូមឲ្យ​លោកស្រី​ឯកអគ្គរដ្ឋទូ​តជួយ​ជំរុញ​ការហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា ឲ្យបាន​រហ័ស ខណៈ​ភ្ញៀវទេសចរ​ឥណ្ឌា​ដែល​មក​ទស្សនា​កម្ពុជា​កំពុងមាន​ការកើនឡើង​។​លោកស្រី​ឯកអគ្គរដ្ឋទូត​បាន​សន្យា​ជំរុញ​ការងារ​ខាងលើនេះ ឲ្យបាន​ឆាប់រហ័ស​បំផុត ហើយ​លោកស្រី​ក៏ ស្វាគមន៍​ឲ្យ​ក្រុមហ៊ុនអា​កាសច​រណ៍​កម្ពុជា ហោះហើរ​ត្រង់​ទៅកាន់​ឥណ្ឌា​វិញ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត