ចិន​ឲ្យ​កម្ពុជា​ដាក់ទោស​ពលរដ្ឋ​ខ្លួន​ដែល​ប្រព្រឹត្ត​ខុសច្បាប់​នៅ​កម្ពុជា​

19-04-2018 4:27 pm 1807
  ស្តាប់
ស្តាប់ជាសំឡេង

​ចិន​បានប្រកាស​ពី​គោលជំហរ មិន​គាំទ្រ​ពលរដ្ឋ​ខ្លួន​ដែល​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​នៅ​កម្ពុជា ហើយ​ថែមទាំង​ស្នើឲ្យ កម្ពុជា​ដាក់​ទោសទណ្ឌ បន្ថែមទៀត​ចំពោះ​ពលរដ្ឋ​ចិន និង​អ្នកវិនិយោគ​ចិន​ទាំងឡាយណា ដែល​បង្ក​ភាពអនាធិបតេយ្យ និង​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ក្នុងប្រទេស​កម្ពុជា​។ ការលើកឡើង​នេះ​ក្នុងជំនួប​ពិភាក្សា​រវាង​អគ្គស្នងការ​នគរបាល​ជាតិ លោក​នេត សាវឿន ជាមួយ​លោក​លាង ជី​ង​រ៉ុង អគ្គនាយក នៃ​អគ្គនាយកដ្ឋាន កិច្ច​សហ ប្រតិបត្តិការ​អន្តរជាតិ ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ចិន នៅ​ថ្ងៃទី​១៩ មេសា នេះ​។​

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅក្រោយ​ជំនួប​ខាងលើ លោក​គៀត ច័ន្ទ​ថា​រិទ្ធ អគ្គស្នងការ​រង​នគរបាលជាតិ ឲ្យដឹងថា ចិន​នៅតែ​បន្ត​សហការ​ជាមួយ​កម្ពុជា ជាពិសេស​ផ្នែក​សន្តិសុខ​។ លោក​ថា ចិន​បាន​គាំទ្រ​ចំពោះ​វិធានការ​របស់​កម្ពុជា ចំពោះ​ពលរដ្ឋ​ចិន​ដែល​ប្រព្រឹត្ត​ខុសច្បាប់​នៅ​កម្ពុជា​នា​ពេលកន្លងមក​។ លោក​បន្ថែមថា លោក លាង ជី​ង រ៉ុង​(LIAO JINGRONG) ក៏បាន​ប្រាប់​ពលរដ្ឋ​ចិន​ដែល​មក​រស់នៅ​ក្នុងប្រទេស​កម្ពុជា ត្រូវតែ​គោរព​ច្បាប់ និង​ប្រពៃណី​នៃ​ការ​រស់​ពលរដ្ឋ​កម្ពុជា ហើយ​លោក ក៏​បាន​ស្នើឲ្យ លោក​នេត សាវឿន ជួយ​ការពារ និង​បង្កើន​សន្តិសុខ ចំពោះ​ពលរដ្ឋ​ចិន ដែល​បានមក​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។​

​គួរ​បញ្ជាក់ថា​កន្លងមក​សមត្ថកិច្ច​នគរបាល និង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្នុង​រាជធានី​ភ្នំពេញ​ធ្លាប់ធ្វើ ការបង្ក្រាប​ក្រុម​ម៉ាហ្វីយ៉ា ជនជាតិ​តៃវ៉ាន់ ប្រមាណ​ជាង​៥០០​នាក់ ដែល​ចូល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា ដូចជា ជួញដូរ​គ្រឿងញៀន និង​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ជាដើម​។ ជនបង្ក​ទាំងអស់នោះ​ក៏​ត្រូវបាន​ចាប់បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​របស់ខ្លួន​វិញ​ហើយ​ដែរ​៕

ព័ត៌មានផ្សេងទៀត