រុស្ស៊ី​បដិសេធ ​បំផ្លាញ​ភស្តុតាង​នៅ​កន្លែង​សង្ស័យប្រើ​អាវុធ​គីមី​វាយប្រហារ​នៅ​ស៊ី​រី​

17-04-2018 10:48 am 2372
  ស្តាប់
ស្តាប់ជាសំឡេង

​រុស្ស៊ី​បាន​ច្រានចោល​ការចោទប្រកាន់ថា ខ្លួន​បាន​បំផ្លាញ​ភស្តុតាង នៅ​កន្លែង​សង្ស័យ​ប្រើប្រាស់​អាវុធ​គីមី វាយប្រហារ​នៅ​ក្នុងប្រទេស​ស៊ី​រី​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​លោក​Sergei Lavrov បាន​និយាយ ពេល​ផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​BBC​ថា « ខ្ញុំ​អាច​ធានាបាន​ថា រុស្ស៊ី​មិនបាន​បំផ្លិចបំផ្លាញ នៅ​ទីតាំង ដែល​សង្ស័យ​ប្រើប្រាស់​សារធាតុ​គីមី​នោះទេ » ។ លោក Lavrov និយាយ​បដិសេធ​បន្ថែមទៀតថា ពុំមាន​សារធាតុ​គី​មីណា ត្រូវបាន​ប្រើប្រាស់ ដើម្បី​វាយប្រហារ​នៅ​ក្រុង​ដូ​ម៉ា​នោះឡើយ​។ 

​ការបដិសេធ​របស់​រុស្ស៊ី​បែបនេះ ធ្វើឡើង​ក្រោយ​អង់គ្លេស​និង​អាមេរិក បានបង្ហាញ​ការព្រួយបារម្ភ​ថា រុស្ស៊ី​ប្រហែល​ធ្វើដំណើរ​ទៅ​កន្លែង​សង្ស័យ មាន​ការប្រើប្រាស់​សារធាតុ​គីមី​ពុល វាយប្រហារ​នៅ​ឌូ​ម៉ា ហើយ​អាច​បំផ្លិចបំផ្លាញ​ភស្តុតាង​នៅ​លើដី មុនពេល​អង្គការ​ហាម​ឃាត់​អាវុធ​គីមី ធ្វើដំណើរ​ទៅដល់​ទីតាំង​នោះ ដើម្បី​ស្វែងរក​ការពិត​។​

​បើតាម​ការ​ឲ្យដឹងពី​រុស្ស៊ី​ថា ក្រុម​អ្នកជំនាញ​ខាង​អាវុធី​គីមី នឹង​ធ្វើដំណើរ​ទៅដល់​ក្រុង​ដូ​ម៉ានៅ​ថ្ងៃ​ពុធ ដើម្បី​បើក​ការស៊ើបអង្កេត លើ​ករណី​ប្រើប្រាស់​អាវុធ​គីមី​ខុសច្បាប់ វាយប្រហារ​កាលពីដើម​ខែ​មេសា​។ នៅពេលនេះ ក្រុម​ស៊ើបអង្កេត​កំពុង​រង់ចាំ នៅក្បែរៗ​នោះឯង ដើម្បី ត្រៀមខ្លួន​ធ្វើដំណើរ​ចូល​តំបន់​ស្ថិតក្រោម​ការសង្ស័យ​នៅ​ថ្ងៃស្អែក​។ 

​ក្រុង​ដូ​ម៉ា ជា​ទីតាំង​ឈរជើង​ដ៏​រឹងមាំ​ចុងក្រោយ របស់​ក្រុម​ឧទ្ទាម ប៉ុន្តែ​ពេលនេះ​ត្រូវបាន​កងទ័ព​ស៊ី​រី ដណ្តើម​និង​គ្រប់គ្រង​បាន​ទាំងស្រុង បន្ទាប់ពី​បើក​ប្រតិបត្តិការ​វាយលុក​ទ្រង់ទ្រាយ​ធំ នៅ​ដើមឆ្នាំ​២០១៨​។ ៧ ខែ​មេសា ឆ្នាំ​២០១៨ ជា​ថ្ងៃ​ដែល​យោធា​ស៊ី​រី ក្រោម​ការគាំទ្រ​ដោយ​រុស្ស៊ី បាន​បើក​ការវាយលុក​ទ្រង់ទ្រាយ​ធំ​លើកចុងក្រោយ​។ ពេលនោះ​ហើយ ដែល​ស៊ី​រី​និង​រុស្ស៊ី ត្រូវបាន​អន្តរជាតិ​ចោទថា បាន​ប្រើប្រាស់​សារធាតុ​គីមី​ពុល វាយប្រហារ បណ្តាលឲ្យ​ស្លាប់​ជន​ស៊ីវិល ជាង​៤០​នាក់ និង​រាប់រយ​នាក់​រង​ផលប៉ះពាល់​។ 

​ខណៈ​រក​អ្នកទទួលខុសត្រូវ ចំពោះ​ការប្រើ​អាវុធ​គីមី​មិនទាន់​ឃើញ​នៅឡើយ អាមេរិក បារាំង​និង​អង់គ្លេស បាន​សហការគ្នា ចូល​អន្តរាគមន៍​នៅក្នុង​ប្រទេស​ស៊ី​រី ក្នុង​គោលបំណង​ប្រឆាំង​ការផលិត ការរីក​រាលដាល និង​ការប្រើប្រាស់​អាវុធ​គីមី​។ ដើម្បី​បញ្ជាក់​ន័យ​ក្នុង​បេសកកម្ម​នេះ អាមេរិក​បាន​ប្រើប្រាស់​មី​ស៊ី​ល​ចំនួន​១០៥​គ្រាប់ បាញ់​កម្ទេច​ទីតាំង​ដែល​ផលិត និង​ផ្ទុក​សារធាតុ​គីមី​ចំនួន​៣​ទីតាំង​ក្នុងប្រទេស​ស៊ី​រី កាលពី​ថ្ងៃ​សៅរ៍​។ យ៉ាងណា មី​ស៊ី​ល​ទាំងនោះ ត្រូវ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ស៊ី​រី ស្ទាក់បាញ់​កម្ទេចចោល​បាន​៧១​គ្រាប់ តែ​អាមេរិក​បដិសេធ​៕

ព័ត៌មានផ្សេងទៀត