លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញប្រគល់ពានរង្វាន់ឆ្នើម ដល់អតីតប្រធាន និងអនុប្រធានក្រុមប្រឹក្សាយុវជនអាស៊ីចំនួន ៥រូប ក្រោយកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាត ដែលរៀបចំធ្វើនៅខេត្តសៀមរាប។ កិច្ចប្រជុំនេះ បានធ្វើឡើងជាលើកទីមួយ និងស្របពេលដែលលោក ហ៊ុន ម៉ានី បានទទួលតំណែង ជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ីអាណត្តិទី៣ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩។
លោក ហ៊ុន ម៉ានី បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៣ ខែមេសា នៅសណ្ឋាគារសុខាសៀមរាបថា អតីតប្រធាន និងអនុប្រធាន ក្រុមប្រឹក្សាយុវជនអាស៊ី ជាបុគ្គលឆ្នើមទាំង៥រូប គឺជាឥស្សរៈជនជាន់ខ្ពស់ និងបានលះបង់ពេលវេលាជាច្រើនក្នុងការដឹកនាំយុវជន ក៏ដូចជាក្រុមប្រឹក្សាយុវជនអាស៊ីផងដែរ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាយុវជនអាស៊ី គឺជាអង្គការក្រៅរដ្ឋាភិបាលកម្រិតតំបន់បម្រើឱ្យយុវជន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៩២ ដើម្បីជំរុញសាមគ្គីភាព និងស្មារតីក្នុងលក្ខណៈជាគ្រួសារក្នុងមជ្ឈមណ្ឌលយុវជនវ័យក្មេងក្នុងអាស៊ី ព្រមទាំងដើម្បីពង្រឹងអង្គការយុវជនថ្នាក់ជាតិនីមួយៗក្នុងតំបន់។ សមាជិភាពនៃក្រុមប្រឹក្សាយុវជនអាស៊ី រួមមានអង្គការយុវជនថ្នាក់ជាតិនានាក្នុងអាស៊ី។ បច្ចុប្បន្ន អង្គការនេះ មាន២០ប្រទេសជាសមាជិក ដែលរួមមាន÷ ទី១- កម្ពុជា ទី២- ប្រ៊ុយណេ ទី៣- ឥណ្ឌូណេស៊ី ទី៤- ម៉ាឡេស៊ី ទី៥- ហ្វីលីពីន ទី៦- សិង្ហបុរី ទី៧- ថៃ ទី៨- បង់ក្លាដែស ទី៩- ចិន ទី១០- ហ្វីជី ទី១១- ឥណ្ឌា ទី១២- ជប៉ុន ទី១៣- កូរ៉េ ទី១៤- ម៉ាល់ឌីវ ទី១៥- ម៉ុងហ្គោលី ទី១៦- នេប៉ាល់ ទី១៧- ប៉ាគីស្ថាន ទី១៨- សាម័រ ទី១៩- ស្រីលង្កា និងទី២០- យេម៉េន។
នៅក្នុងកិច្ចប្រជុំឆ្នាំ២០១៦ មហាសន្និបាតក្រុមប្រឹក្សាយុវជនអាស៊ី បានបោះឆ្នោតជ្រើសរើសជាឯកច្ឆ័ន្ទដល់បងប្រធាន ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលតំណែងជាប្រធានសម្រាប់អាណត្ដិទី៣ ពីឆ្នាំ២០១៦ ដល់២០១៩៕ (ប្រភពៈ Seng Sovannara)