ទូត​អាមេរិក​ប្រាប់​ពលរដ្ឋ​ខ្លួន​ឲ្យ​ប្រុងប្រយ័ត្ន​ពី​សុវត្ថិភាព​អំឡុង​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​

12-04-2018 4:17 pm 1948
  ស្តាប់
ស្តាប់ជាសំឡេង

​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១១ មេសា បាន​ផ្ញើ​សារ​ក្រើនរម្លឹក ដល់​ប្រជាជន​របស់​ខ្លួន រស់​នៅក្នុង​ប្រទេស​កម្ពុ​ជា ប្រុងប្រយ័ត្ន ពី​សុវត្ថិភាព បន្ទាប់ពី​លេចលឺ​ព័ត៌មាន​ថា មាន​សកម្មជន​មួយក្រុម មាន​គម្រោង ប៉ុនប៉ង​បង្កៃ​គ្រឿង​ផ្ទុះ នៅក្បែរ​រមណីយដ្ឋាន វត្តភ្នំ និង​នៅ​ទីកន្លែង​កម្សាន្ត​ដទៃទៀត ក្នុង​ក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប ក្នុងអំឡុង​ពិធី​បុណ្យចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរ ចាប់ពី​ថ្ងៃ​ទី​១២-១៦ មេសា​ខាង​មុខ​។​
​ស្ថានទូត​អាមេរិក បាន​បញ្ជាក់​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ថា «​សកម្មភាព​ដែល​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​ប្រុងប្រយ័ត្ន នៅតាម​តំបន់ ដែល​មាន​មនុស្ស​កកកុញ​ច្រើន​, ប្រសិនបើ​ប្រទះឃើញ​វត្ថុ​គេ​ទុកចោល​គួរឲ្យ​សង្ស័យ ត្រូវ​ចាកចេញ​ពី​ទីនោះ​ជា​បន្ទាន់​។ ត្រូវ​តាមដាន​ការវិវត្តន៍​ស្ថានការណ៍​ថ្មីៗ ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក និង​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ចំពោះ​ស្ថានភាព​នៅ​ជុំវិញខ្លួន​»​។​

​សារ​ក្រើនរម្លឹកនេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា មាន​សកម្មជន​មួយក្រុម ដែល​ជា​បណ្តាញ​របស់ បុគ្គល​ឈ្មោះ សម សេរី មាន​ផែនការ​រៀបចំ​ការ​បំផ្ទុះ​នៅ​វត្តភ្នំ និង​នៅ​សៀមរាប ដើម្បី​រំខាន​ការលេង​សប្បាយ របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​។ ប៉ុន្តែ​ផែនការ​ទាំងនេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ដឹង​មុន និង បានរៀបចំ​វិធាន​ការរក្សាសន្តិសុខ តឹងរឹង​បំផុត មិន​ឲ្យ​បំណង​ទុច្ចរិត​របស់​ក្រុម​ជន ដែល​លោក​ហៅ​ថា​ជន​ក្បត់ជាតិ​នេះ ធ្វើ​បាន​សម្រេច​នោះ​ឡើយ​។​

​បើ​តាម​ការបញ្ជាក់​ពី ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខាងមុខនេះ កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជាង​១​ម៉ឺន​នាក់ នឹង​ត្រូវ​ដាក់​ពង្រាយ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ដែល​ចូលរួម​លេង​កម្សាន្ត នៅ​តាម​ទី​រមណីយដ្ឋាន និង​កន្លែង​ជួបជុំ​កម្សាន្ត​ផ្សេងៗ ក្នុង​រាជធានី​ភ្នំពេញ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត