លោក​ហ៊ុន សែន​៖ មាន​ហេតុផល​៣​សំខាន់ ដែល​នាំ​ឲ្យ​បង្កើត​«​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​»

11-04-2018 10:27 am 1262
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុង​ពិធី បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ «​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​» នា​ថ្ងៃ​ទី​១១ មេសា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​មានប្រសាសន៍ថា មាន​មូលហេតុ​ចំនួន​៣ ដែល​នាំ​ឲ្យ​រូបលោក និង​ភរិយា គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ បង្កើត​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​៖

១៖ ការលើកកម្ពស់​សុខុមាល​ភាព​មាតា ទារក និង​កុមារ គឺជា​អាទិភាព​ចម្បង​មួយ​នៅក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ គាំពារ​សង្គម​របស់​រា​ជ​រដ្ឋាភិបាល​។ បច្ចុប្បន្ន កុមារ​ដែល​មាន​អាយុ​ចាប់ពី​៩​ឆ្នាំ​ចុះ មាន​ចំនួន​ប្រមាណ ២០​ភាគរយ ហើយ​បើ​គិត​ពី​អាយុ ១៤​ឆ្នាំ​ចុះ គឺ​មាន​ចំនួន​រហូត​ដល់​ជាង ៣០​ភាគរយ នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​។ ពួកគេ គឺ​ជា​អនាគត ១០០​ភាគរយ​របស់​ប្រទេស​កម្ពុជា ដោយ​ពួកគេ​ជា​កម្លាំង​ពលកម្ម​បម្រើ​ប្រទេសជាតិ​នា​បណ្តា​ឆ្នាំ​ខាង​មុខ និង​ជា​ឪពុក​ម្តាយ​ជំនាន់​ក្រោយ​។ ហេតុនេះ សុខភាព​របស់​ពួកគេ គឺជា​កត្តា​ចម្បង​សម្រាប់​រីកចម្រើន​នៃ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​នា​អនាគត​។ លើ​មូលដ្ឋាន​នៃ​ទស្សនវិជ្ជា​នេះហើយ ទើប​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុ​កការវិនិយោគ លើ​សុខភាព​កុមារ​ជា​អាទិភាព​ខ្ពស់​បំផុត​មួយ​របស់​ខ្លួន​។​

២៖ រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​មន្ទីរពេទ្យ​គន្ធបុប្ផា ពីព្រោះ​តែ​ទទួលស្គាល់​នូវ​ស្នាដៃ និង​គុណភាព​នៃ​ការផ្តល់​សេវា​ថែទាំ​មាតា ទារក និង​កុមារ​របស់​មន្ទីរពេទ្យ​នេះ​។ ក្នុង​ខណៈ​ដែល​ថវិកា និង​ធនធាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅមានកម្រិត និង​មិន​អាច​អនុញ្ញាតឲ្យ​សម្រេចបាន​នូវ​មហិច្ឆតា​បង្កើតម​ន្ទីរ​ពេទ្យ​ប្រភេទ​នេះ នៅ​ទូទាំង​ប្រទេស​បាន រាជរដ្ឋាភិបាល​មាន​ទស្សនវិស័យ​រក្សា​មន្ទីរពេទ្យ​នេះ ជា​មន្ទីរពេទ្យ​គំរូ​ដំបូង​គេ​។ ទោះជា​យ៉ាងណាក្តី យើង​មាន​មន្ទីរពេទ្យ​គន្ថបុប្ផា ៥​កន្លែង​ទៅ​ហើយ​។ ចំពោះ​មុខ​នេះ យើង​ប្តេជ្ញា​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​តាម​លទ្ធភាព​ដែលមាន ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​តាំង​៥​នេះ ឲ្យ​បន្ត​ផ្តល់​សេវា​សុខាភិបាល ដោយ​មិន​ស្វែងរក​ប្រាក់ចំណេញ និង​ផ្តល់​ការថែទាំ​ដល់​កុមារ ដោយ​មិន​ចាំបាច់​បង់ប្រាក់ និង​ដោយ​មិន​មាន​ការរើសអើង​។ 

៣៖ នៅ​លើ​ទិដ្ឋភាព​ហិរញ្ញវត្ថុ ទន្ទឹម​នឹង​ការបង្កើន​ថវិការដ្ឋ ជា​បន្តបន្ទាប់​ក្នុប​ពេល​កន្លងមក រួមទាំង​ការវិភាជន៍​ប្រាក់ចំណូល ពី​ទេសចរ​បរទេស ចូល​ទស្សនា​ប្រាសាទ​អង្គរ ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ផង ពេលនេះ​គឺជា​ខណៈ​ដ៏​សមរម្យ​បំផុត ដែល​គួរ​គប្បី​មាន «​មូលនិធិ​គន្ធបុប្ផា​» មួយ​ផ្ទាល់ខ្លួន​។ រាជរដ្ឋាភិបាល​ទទួល​ស្គាល់​ថា មិន​អាច​បន្ត​ពឹងផ្អែក​លើ​លោក​សាស្ត្រាចារ្យ Beat Richner ជា​រៀងរហូត​នោះទេ ក្នុងការ​កៀរគរ​វិភាគទាន​សប្បុ​រស​ធម៌ សម្រាប់​ធានា​ចីរភាព​នៃ​កិច្ចដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយសារ​ហេតុ​នេះ «​មូលនិធិ​គន្ធបុប្ផា​ប្រទេស​ស្វីស​» អាច​នឹង​ថមថយ​ចុះ​នៅពេល​ណា​មួយ​។ ម្យ៉ាងវិញទៀត កម្លាំង​សេដ្ឋកិច្ច ធនធាន​ហិរញ្ញវត្ថុ និង​កម្លាំង​ទឹកចិត្ត​សប្បុរសធម៌ របស់​សប្បុរសជន​ក្នុងស្រុក ក៏​កាន់តែ​មាន​ភាពរឹងមាំ រួមជាមួយ​នឹង​ឧត្តមគតិ និង​ឆន្ទៈ​គាំទ្រ​របស់​មជ្ឈដ្ឋាន​សាធារណៈ​នៅក្នុង​ប្រទេស ក៏​កាន់តែ​មាន​ភាពរស់រវើក​ក្នុង​ការជំរុញ​សកម្មភាព​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ផងដែរ​។​

​សូមបញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី បានប្រកាសថា ការបង្កើត​នូវ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​បន្ត​នូវ​សកម្មភាព​មនុស្សធម៌ របស់​មន្ទីរពេទ្យ​ជួយ​ព្យាបាល ជម្ងឺ​កុមារ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។ ប្រមុខ​រដ្ឋាភិបាល ក៏បាន​អំពាវនាវ​ដល់​អ្នក​មាន​ធនធាន និង​មហាជន​ទាំងអស់ ចូលរួម​គាំទ្រ​នូវ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ផងដែរ​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  មូលនិធិគន្ធបុប្ផា

ព័ត៌មានផ្សេងទៀត