អគ្គស្នងការ​​នគរបាល​​ជាតិ​​ថា​​ពល​រដ្ឋ​​យល់​ដឹង​​ពី​​សន្តិសុខ​​ជាតិ​​ច្រើន​ជាង​​មុន

10-04-2018 4:08 pm 900
  ស្តាប់
ស្តាប់ជាសំឡេង

​អគ្គស្នងការ​នគរបាល​ជាតិ គឺ លោក​នេត សាវឿន បាន​ថ្លែង​កោតសរសើរ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​យល់ដឹង​ច្រើនជាង​មុន ដោយ​មិនបាន​ខ្វាយខ្វល់​ចំពោះ​ការ​ញុះញង់​របស់​ជន​មួយ​ក្តាប់​តូច​នៅ​ក្រៅប្រទេស ដែល​តែងតែ​ធ្វើការ​បំផុសបំផុល​ឲ្យ​ប្រជាពលរដ្ឋ​ជេរប្រមាថ​ថ្នាក់ដឹកនាំ​ដោយ​ចោទ​ពី​ហេតុផល​ផ្សេងៗ​នោះ​។​

​អគ្គស្នងការ​នគរបាល​ជាតិ​រូបនេះ​ពន្យល់ថា ការ​ស្ងប់ស្ងាត់ និង​មិន​ខ្វាយខ្វល់​របស់​ប្រជាពលរដ្ឋ​ចំពោះ​ការ​ញុះ​ញ​ង​ពី​សំណាក់​ជន​នៅក្រៅ​សំណាញ់​ច្បាប់​នោះ មិន​កើតចេញពី​ការគំរាមកំហែង​របស់​កម្លាំង​សមត្ថកិច្ច​នោះឡើយ គឺ​កើតចេញពី​ការពិចារណា និង​សមស្រប​ទៅតាម​ជីវភាព​រស់នៅ​របស់​ពួកគាត់​ជាដើម​។​លោក​ថា នាពេល​បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការយល់ដឹង​ច្រើនជាង​មុន​ទាក់ទង​នឹង​សន្តិសុខ​ជាតិ​។​

ជា​ការកត់សម្គាល់ ការលើកឡើង​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​នេះ ធ្វើឡើង​ក្រោយ​លោក​សម រង្ស៊ី រួម​និង​ថ្នាក់ដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស បាន​អំពាវនាវ​ជារឿយៗ ឲ្យ​ប្រជាពលរដ្ឋ​ប្រមូលផ្ដុំ​កម្លាំង​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​បង្ខំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ចុះ​ចេះ​ពី​តំណែង​។ ការអំពាវនាវ​នេះ​ទៀតសោត ត្រូវបាន​លោក​សម រង្ស៊ី​អះអាងថា លោក​ហ៊ុន សែន​មិន​ងាយ​នឹង​ចុះចេញ​ដោយ​ស្ម័គ្រចិត្ត​ទេ ពីព្រោះ​គាត់​ខ្លាច​ប្រជារាស្ត្រ​សងសឹក​គាត់ ដោយសារ​ឧក្រិដ្ឋកម្ម​របស់គាត់​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងទៅនេះ​។​

​យ៉ាងណាក្តី ប្រមុខ​ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​អំពាវនាវ​ជាថ្មី​ម្ដងទៀត​ផងដែរ ដល់​គ្រប់​នាយកដ្ឋាន អង្គភាព និង​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ខ្ជាប់ខ្ជួន​ទាក់ទង​ការ​ទប់ស្កាត់នូវ​ចលនា​បំផុសបំផុល​តាម​មូលដ្ឋាន​របស់ខ្លួន ដែល​ត្រូវបាន​ចាត់ទុកថា ជា​កត្តា​ធ្វើឲ្យ​អសន្តិសុខ​សង្គមជាដើ​មនោះ​៕ដោយ៖ ធុច ធារ៉ា

ព័ត៌មានផ្សេងទៀត