ទោះជា​​បរាជ័យ​​លើ​សំណើ​​ឲ្យមាន​​ការចរចា ក៏​ជប៉ុន​​នៅតែ​​បន្ត​ជួយ​ គ​.​ជ​.​ប​​

10-04-2018 3:04 pm 2195
  ស្តាប់
លោកស៊ិក ប៊ុនហុក ប្រធាន គជប និងលោក យូគី​អូ សៃ​តា (Yukio Saita) អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អាស៊ីអាគ្នេយ៍ នៃ​ក្រសួងការបរទេស​ជប៉ុន
ស្តាប់ជាសំឡេង

​រាប់​ថា​ជា​ការបរាជ័យ​របស់​ជ​ប៉ុន ដែល​មានបំណង​ចង់​ដើរតួនាទី​ជា​អ្នកសម្របសម្រួល ក្នុង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា តាមរយៈ​សំណើ​ចង់ឲ្យមាន​ជំនួប​ចរចា​រវាង​លោក​ហ៊ុន សែន និង​មេដឹកនាំ​ក្រុមប្រឆាំង​លោក​សម រង្ស៊ី​។ មតិ​ជាតិ​មួយចំនួន​ប៉ាន់ប្រមាណ​ថា ជប៉ុន​អាច​នឹង​ពិចារណា​ផ្អាក​ផ្តល់ជំនួយ​ដល់ គ​.​ជ​.​ប ដូច​អាមេរិក និង​សហភាព​អឺរុប​ដែរ​។ ប៉ុន្តែ​ផ្ទុយស្រឡះ បើទោះជា​សំណើ​ខ្លួន​ត្រូវបាន​លោក​ហ៊ុន សែន ច្រានចោ​លក្តី ក៏​ជប៉ុន នៅតែ​បន្ត​ជួយ​ដល់ គ​.​ជ​.​ប ដូចពេលមុនៗ​ដដែល​។ 

​ក្នុងជំនួប​ជាមួយ​លោក​ស៊ិក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក យូគី​អូ សៃ​តា (Yukio Saita) អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អាស៊ីអាគ្នេយ៍ នៃ​ក្រសួងការបរទេស​ជប៉ុន បាន​សន្យា​ផ្តល់​ហិប​ឆ្នោត មធ្យោបាយ​ដឹកជញ្ជូន និង​ថវិកា​ដល់​គជប សម្រាប់​ផ្ទេរ​ប្រព័ន្ធ Server ពី​ទីតាំង គ​.​ជ​.​ប បច្ចុប្បន្ន ស្ថិតនៅក្នុង​ក្រសួងមហាផ្ទៃ ទៅ​អគារ គ​.​ជ​.​ប ថ្មី ក្បែរ​រង្វង់​មូល​សម្តេច​សង្ឃ​ជួន ណាត​។​

​ប្រធាន គ​.​ជ​.​បលោក​ស៊ិក ប៊ុន​ហុក បាន​បន្តថា អ្នកជំនាញការ​ជប៉ុន នៃ​អង្គការ JICA បាន​សហការ​យ៉ាងសកម្ម​ជាមួយ គ​.​ជ​.​ប រាល់​ការបោះឆ្នោត​កន្លងមក ជាពិសេស​កាល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កាលពី​ថ្ងៃទី​៤ មិថុនា ឆ្នាំ​២០១៧ កន្លងទៅ​ថ្មីៗ​នេះ​។​

​បន្ថែម​ពីលើ​នេះ លោក យូគី​អូ សៃ​តា បញ្ជាក់​ឱ្យដឹងថា លោក​បាន​យល់​យ៉ាងច្បាស់​អំពី​ដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ របស់​គ​.​ជ​.​ប​។ លោក​បាន​បន្តទៀតថា ប្រទេស​ជប៉ុន បាន​ជួយ​កម្ពុជា​នៅលើ​វិស័យ​ជាច្រើន ជាពិសេស​ជួយ​ក្នុង​ការបោះឆ្នោត​ជា​រឿង​សំខាន់​ខ្លាំងណាស់​។ ប្រទេស​ជប៉ុន បាន​បញ្ជូន​អ្នកជំនាញការ ដែល​ធ្វើការ​ផ្ទាល់​ជាមួយ គ​.​ជ​.​ប គឺ​មានតម្លៃ​ដ៏​ប្រសើរ ដែល​លោក​សង្ឃឹមថា ជា​បទពិសោធន៍​ដ៏​ល្អ​សម្រាប់ គ​.​ជ​.​ប ហើយ​សង្ឃឹមថា​កិច្ចសហការ​យ៉ាង​ល្អ​នេះ​នឹង​បន្តទៀត​។ នេះ បើ​យោងតាម​ការបញ្ជាក់ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ គជប កាលពី​ថ្ងៃទី​០៩ មេសា​។​

​ជា​ការកត់សម្គាល់ នេះ​ជា​ការសន្យា​របស់​ជប៉ុន ជាថ្មី បន្ទាប់ខ្លួន​បានស្នើ​ដោយ​ត្រង់ ទៅ​ប្រមុខ​គណបក្សកាន់អំណាច​លោក​ហ៊ុន សែន ចង់ឲ្យមាន​ជំនួប​ចរចានយោបាយ​ជាមួយ​មេដឹកនាំ​ក្រុមប្រឆាំង គឺ​លោក​សម រង្ស៊ី ថ្មីៗ​នេះ​។ ប៉ុន្តែ​សំណើ​នេះ ត្រូវបាន​លោក​ហ៊ុន សែន​ច្រានចោល​ភ្លាមៗ​។​

​បើទោះជា​បរាជ័យ​ក្នុង​ការចង់​សម្របសម្រួល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ក៏ដោយ ក៏​ជប៉ុន នៅតែ​មិន​បង្ហាញ​ការ​អាក់អន់ស្រពន់ចិត្ត និង​មិន​កាត់ផ្តាច់​ជំនួយ​ដល់ គជប ដូច​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​ឡើយ​។ អ្នកវិភាគ លោក​មាស នី ធ្លាប់បាន​និយា​ថា កាយវិការ​ប្រទេស​ជប៉ុន​ពេលនេះ ទំនងជា​ប្រើ​យុទ្ធសាស្ត្រ គិតគូរ​អំពី​អត្ថប្រយោជន៍​របស់ខ្លួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​ចង់​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជាជាង​ការគិតគូរ​អំពី​បញ្ហា​ធ្លាក់ចុះ​ដុនដាប​នៃ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​៕

 ពាក្យគន្លឹះ  គជបជំនួយជប៉ុន

ព័ត៌មានផ្សេងទៀត