ជារៀងរាល់ឆ្នាំ ក្នុងឱកាសពិធីបុណ្យជាតិធំម្តងៗ ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ តែងតែដាក់ចេញនូវផែនការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការសម្រួលចរាចរណ៍ជូនដល់ប្រជាពលរដ្ឋ។ ជាក់ស្តែង សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឲ្យរៀបចំ ការរក្សាសណ្តាប់ធ្នាប់ គ្រោះអគ្គីភ័យ និងរំដោះបញ្ហាកកស្ទះចរាចរណ៍ផងដែរ។ ការដាក់ចេញនូវផែនការ របស់លោកអភិបាលរាជធានីភ្នំពេញ ធ្វើឡើង នៅក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែមេសានេះ នៅសាលារាជធានីភ្នំពេញ។
ក្រោយបញ្ចប់កិច្ចប្រជុំនេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា ការយកចិត្តទុកដាក់ លើការងារសន្តិសុខសណ្តាប់ធ្នាប់នេះ ជាការងារដ៏សំខាន់បំផុត ដែលរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកទុកដាក់ពីព្រោះថា ក្រៅពីប្រជាពលរដ្ឋចាកចេញ ពីភ្នំពេញ ក៏នៅមានប្រជាពលរដ្ឋមួយចំនួនទៀត រស់នៅក្នុងរាជធានីភ្នំពេញ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ ការពារសន្តិសុខផងដែរ។
អ្នកនាំពាក្យរូបនេះបន្តថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ត្រូវមានភារកិច្ចត្រួតពិនិត្យ សន្តិសុខសណ្តាប់ នៅតាមគោលដៅ ដែលមានមនុស្សប្រមូលផ្តុំ ដូចជាវត្តអារ៉ាម រមណីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗជាដើម។ សម្រួលចរាចរណ៍ ដើម្បីកុំឲ្យមានការកកស្ទះ និងកាត់បន្ថយជាអតិបរិមា ដែលប្រជាពលរដ្ឋ បានសម្រុកចេញពីរាជធានីភ្នំពេញ នៅតាមច្រកផ្លូវជាតិសំខាន់ៗ។
ដោយឡែក បញ្ហាសំរាម ក៏ត្រូវតែមានការយកចិត្តទុកដាក់ផងដែរ ជាពិសេស នៅរាល់ពេលដែលបញ្ចប់ពិធីបុណ្យធំៗ នាពេលកន្លងមកនោះ ប្រជាពលរដ្ឋ ទទួលបាននូវផាសុកភាព នូវភាពសប្បាយរីករាយ សុវត្ថិភាព ដោយសារតែការប្រមូលសំរាមបានល្អ ធ្វើឲ្យទីក្រុងភ្នំពេញមានភាពស្រស់បំព្រង ហើយក្រោយពីពិធីបុណ្យបញ្ចប់ទីក្រុង បានកាត់បន្ថយនូវសំរាម ពាសវាលពាសកាល៕ ដោយៈសៅ វិសាល