លោក​​​ថោង​​ ខុន​​​៖ ​​៣​​​ខែ​​​ទៀត​​​នឹង​​មាន​​​ជើង​​ហោះ​​ហើរ​​​ត្រង់​​​ពី​​​ឥណ្ឌូ​​នេ​​ស៊ី​​​មក​​​កម្ពុជា​​​

09-04-2018 1:40 pm 1734
  ស្តាប់
ស្តាប់ជាសំឡេង

​នៅក្នុង​ពិធីបុណ្យ​ភូមិ CATA ខួប​អនុស្សាវរីយ៍​២២​ឆ្នាំ ដែល​រៀបចំ​ដោយ​សមាគម​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា ប្រហែល​រយៈពេល​៣​ខែ​ទៀត (​ខែកក្កដា​) នឹងមាន​ជើងហោះហើរ​ត្រង់​ពី​ឥណ្ឌូនេស៊ី​មក​កម្ពុជា ខណៈដែល​ប្រទេសមួយ​នេះ ក៏​ជា​ទីផ្សារ​ទេសចរណ៍​ធំ​មួយ នៅ​អាស៊ីអាគ្នេយ៍​ផងដែរ​។ 

​ជាមួយគ្នា​នោះដែ​រលោក ថោង ខុន ក៏បាន​គូសបញ្ជាក់ថា កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ ចំនួន ៦.១​លាន​នាក់ នៅ​ឆ្នាំ​២០១៨ និង​ប្រមាណ​៧​លាន​នាក់​ឆ្នាំ​២០២០ ជាមួយនឹង​ចំណូល​ប្រមាណ​៥​ពាន់​លាន​ដុល្លារ និង​បង្កើត​ឱកាស​ការងារ​ប្រមាណ​១​លាន​នាក់ ហើយ​បច្ចុប្បន្ន​ក្រសួង​ទេសចរណ៍ បានផ្តល់​អាជ្ញា​បណ្ណ​ដល់​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​តាម​ប្រភេទ​នី​មួយៗ សរុប​ចំនួន​៨១៦​ក្រុមហ៊ុន រួមមាន​៖ Outbound Tour Operators ៥២​ក្រុមហ៊ុន​, Inbound Tour Operators ៤៩២​ក្រុមហ៊ុន​, Domestic Tour Operators ៤១​ក្រុមហ៊ុន និង Travel Agent ២៣១​ក្រុមហ៊ុន​។​

​នៅ​ក្នុងនោះដែរ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​រូបនេះ បាន​សំណូមពរ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់ ត្រូវខិតខំ​ពង្រឹងគុណភាព​សេវាកម្ម​ឲ្យបាន​ជាប្រចាំ ដើម្បី​ធានា​សេវាកម្ម​មួយ​ប្រកបដោយ​ទំនុកចិត្ត ជូន​ដល់​ភ្ញៀវទេសចរ និង​ត្រូវ​អនុវត្តតាម​សារាចរ​ណែ ស្តីពី​ការរៀបចំ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ខាងមុខនេះ​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៧ កន្លងទៅ កម្ពុជា​ទទួលបាន​ភ្ញៀវទេសច​អន្តរជាតិ ជាង​៥​លាន​នាក់ ដោយ​ក្នុងនោះ​ភ្ញៀវទេសចរ​ចិន ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១ វៀតណាម​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​២ និង​លេខ​រៀង​បន្តបន្ទាប់​មកពី​អឺរ៉ុប​៕ 

ព័ត៌មានផ្សេងទៀត