លោក​ហ៊ុន សែន ផ្ញើ​សារ​ជូនពរ និង​បង្ហាញ​ពី​សមិទ្ធផល​ធំៗ​សម្រេចបាន​ក្នុង​ឆ្នាំ​ចាស់​

09-04-2018 12:39 pm 832
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរ ឆាប់ៗ​ខាងមុខនេះ លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ផ្ញើ​សារ​ជូនពរ ដល់​ប្រជាពលរដ្ឋ​ខ្មែរ រស់នៅក្នុង និង​ក្រៅប្រទេស ប្រទូ​ទាំងប្រទេស រួម​នឹង​ការបង្ហាញ​ពី​សមិទ្ធផល​សំខាន់​ជា​ច្រើន ដែល​រដ្ឋាភិបាល​សម្រេច​បាន ក្នុង​ឆ្នាំ​កន្លងទៅ​ផង​ដែរ​។ 

​សារលិខិត​ជូនពរ របស់​ប្រមុខ​រដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​០៣ មេសា បាន​បង្ហាញ​ពី​ការងារ​ធំៗ ជា​ច្រើន​វិស័យ​ដែល​រាជរដ្ឋាភិបាល សម្រេចបាន​ក្នុង​ឆ្នាំ​កន្លង​ទៅ រួម​មាន​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវលំ​ជនបទ ស្ពាន​ឆ្លងកាត់​ទន្លេ និង​ស្ពាន​អាកាស​រាជធានី​ភ្នំពេញ ជាដើម​។  ជាក់ស្តែង​នៅ​ដើមឆ្នាំ​២០១៨​នេះ រដ្ឋាភិបាល​នឹង​ដាក់​ឲ្យ​ដំណើរការស្ពាន​អាកសា​ថ្មី​មួយទៀត នៅ​ស្តុប​ផ្សារ​ដី​ហុយ និង​ស្ពាន​បាឡេ​ឆ្លងកាត់​ទន្លេសាប ពី​ទីលាន​សួន​ប្រជាធិបតេយ្យ ទៅ​តំបន់​ជ្រោយចង្វារ ប្រវែង​៥០០​ម៉ែត្រ ព្រមទាំង​ស្ពានបេតុង​កោះ​ប៉ែន ពី​ស្រុក​កំពង់សៀម​មកកាន់​ក្រុង​កំពង់ចាម ដែល​ចំណាយ​ថវិកា​ជាង​១៣​លាន​ដុល្លារ​អាមេរិក​។​

​ជាមួយគ្នានេះ រដ្ឋាភិបាល​ក៏​បាន ដាក់ឲ្យ​ដំណើរការ​ខ្សែ​រថភ្លើង ពី​ស្ថានីយ៍​រថភ្លើង​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សេវា​ដឹកជញ្ជូន​តាម​ផ្លូវទឹក​ផងដែរ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ ក្នុង​រាជធានី​ភ្នំពេញ​។​ ​ដោយឡែក សម្រាប់​វិស័យ​កសិកម្ម ប្រមូល​ទិន្នផល​ស្រូវប្រាំង និង​ស្រូវ​វស្សា​បាន​ប្រមាណ​ជិត​១០​លាន​តោន កើនឡើង​ប្រមាណ៤​​.៥០% និង​នាំចេញ​ទៅ​ទីផ្សារ​បរទេស បាន​ជាង​៦០​ម៉ឺន​តោន កើនឡើង​ប្រមាណ​១៨%​។​

​លោកនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ទៀតថា សម្រាប់​វិស័យ​ថាមពល​អគ្គិសនី​វិញ នៅ​ឆ្នាំ​២០១៧ គឺ​បាន​ផ្គត់ផ្គង់ ដល់​គេហដ្ឋាន​ប្រជាពលរដ្ឋ ជាង​២​លាន​ខ្នង​ផ្ទះ និង​គ្របដណ្តប់​ដល់​ភូមិ សរុប​១៤,៣៦៤​ភូមិ ស្មើ​ប្រមាណ​៨១% នៅ​ទូទាំង​ប្រទេស​។  

​រីឯ​វិស័យ​ឧស្សាហកម្ម​វិញ ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ថា រហូតមកដល់​បច្ចុប្បន្ន​នេះ កម្ពុជា មាន​រោងចក្រ​សរុប​ជាង​១,៥០០ រោងចក្រ ដែល​បាន​ស្រូប​កម្លាំង​ពលករ​សរុប​ប្រមាណ​ជាង​១​ល​ាននាក់​។ ក្នុង​នោះ​កម្មករ​-​កម្មការិនី ក៏​ទទួលបាន​ការដំឡើង​ប្រាក់ខែ​ចំនួន ១៧០​ដុល្លារ រួម​នឹង​ការ​ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត តាមរយៈ​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​។​

យ៉ាងណាមិញ ទាក់ទង​នឹង​វិស័យ​សំណង់ ​ក៏​មាន​ការរីកលូតលាស់ ​គួរឲ្យ​កត់សម្គាល់​ផងដែរ ដោយ​បច្ចុប្បន្ននេះ កម្ពុជា មាន​អគារ​ខ្ពស់ៗ​ចាប់ពី​៥​ជាន់ ទៅ​៤០​ជាន់​ឡើង ជិត​១​ពាន់​ទីតាំង ខណៈ​ដែល​កម្ពុជា​ក៏​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ជាង​៥​លាន​៦​សែន​នាក់ កើនឡើង​ប្រមាណ​ណ​១១,៦% ធៀប​នឹង​ឆ្នាំ​២០១៦ និង​បាន​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ ប្រមាណ​ជាង​៦២​ម៉ឺន​នាក់​។ ដោយឡែក ចំណូល​ពី​វិស័យ​ទេសចរណ៍ បាន​កើនឡើង​ដល់​ជាង​៣,៨០០លាន​ដុល្លារ​អាមេរិក កើនឡើង​១៧%​។​

​ចំពោះ​ការងារ​បរទេស​វិញ រដ្ឋាភិបាល​បាន​ខិតខំ​បំពេញ​បេសកម្ម ការទូត នៅលើ​ឆាក​អន្តរជាតិ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ លើ​គ្រប់​វិស័យ ដោយ​ទទួលបាន​នូវ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា ដូចជា​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី កន្លង​ទៅ​ថ្មីៗ​នេះ​។ ទន្ទឹមនេះ រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចូលរួមចំណែក បញ្ជូន​កងយោធពល​ខេមរភូមិន្ទ ជា​បន្តបន្ទាប់ ទៅ​ចូលរួម​បំពេញ​បេសកម្ម ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ ដែល​មកដល់​បច្ចុប្បន្ន មាន​ចំនួន​៣,៥៧១​នាក់ ក្នុងនោះ​ស្រី​១៩៦​នាក់​៕ ដោយៈសៅ វិសាល


ព័ត៌មានផ្សេងទៀត