ជប៉ុន​មាន​គោលបំណង​ជួយ​កម្ពុជា​ឲ្យក្លាយ​ទៅ​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០

08-04-2018 3:03 pm 5632
  ស្តាប់
ស្តាប់ជាសំឡេង

​លោកតា​រ៉ូ កូ​ណូ​(Taro Kono)​រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​លើកឡើង​នៅ​កិច្ច​ជំនួប​ពិភាក្សា​ការងារ រវាង លោក​ជា​មួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី​៨ ខែ​មេសា​ថា បំណង​របស់​ជប៉ុន​គឺ​ធ្វើយ៉ាងណា​ជួយ​មកដល់​កម្ពុជា​អោយ​ក្លាយទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កំរិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​។​

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន ក៏​បាន​បញ្ជាក់​ដែរ​ថា ជប៉ុន មាន​ចំណាប់អារម្មណ៍​ជួយ​ដល់​ប្រទេស​កម្ពុជា​លើ​វិស័យ​មួយចំនួន​ដូចជា​ឡូ​ជី​ស្ទីក ដោយ​មាន​ការគ្រប់គ្រង​កំពង់ផែ តំបន់​សេដ្ឋកិច្ច​ពិសេស និង​ការអភិវឌ្ឍ​ធនធាន មនុស្ស​។ លើសពីនេះទៅទៀត​ជប៉ុន នឹង​ជួយ​កម្ពុជា​លើ​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​ទីក្រុង​ភ្នំពេញ ក៏ដូចជា​កិច្ច​ការពារ​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ​។​

​លោកតា​រ៉ូ កូណូក៏​បញ្ជាក់បន្ថែម​ថា ជប៉ុន នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ​គឺ ជប៉ុន​-​មេគង្គ នៅពេល​ខាងមុខ ហើយ​លោក​ក៏​បាន​គោរព​អញ្ជើញ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ផង​ដែរ ដែល​ផ្តោត​ទៅលើ​កិច្ចសហប្រតិបត្តិការ​សំ​រាប់​ថ្ងៃ​អនាគត ជា​ពិ​សសេស​លើ​ការតភ្ជាប់ ដែល​ជា​អាទិភាព​មួយ រួម​ទាំង​វិស័យ​សុខាភិបាល និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ជាដើម​។​

​នៅ​ក្នុង​កិច្ច​ជំនួប​នោះ​ដែរ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​កន្លង​មក​ជួយ​ដល់​កម្ពុជា​ទាំង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ទឹកស្អាត ការពារ​ទឹកជំនន់​និង​សង្គ្រោះ​បន្ទាន់ ព្រមទាំង​បាន​សំដែង​នូវ​ការគាំទ្រ​ចំពោះ​កិច្ចប្រជុំ​កំពូល​-​មេគង្គ ជប៉ុន នាពេលខាងមុខ ដោយ​លោកនាយក​រដ្ឋមន្ត្រី​ចាត់ទុកថា​ជា​កិច្ចប្រជុំ​ដែល​មាន​សារសំខាន់ ជាពិសេស​ការតភ្ជាប់​ទំ​នាក់​ទំនង​ស្របគ្នា​នឹង​ការធ្វើ​សមាហរណកម្ម​អាស៊ាន​។​

​លោក​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បន្ថែមថា កាលពី​ឆ្នាំ​២០១៣ កម្ពុជា និង​ជប៉ុន​បាន​លើក​ទំនាក់ទំនង​អោយ​ទៅជា​ទំនាក់ទំនង​ដៃគូរ​ជា​យុទ្ធសាស្ត្រ ហើយ​ថែមទាំង​ជំរុញ​និង​បង្កើន​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ដែល​ទាំងអស់​នេះ​ជា​សក្តានុពល និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ផងដែរ​។​

​គួរ​បញ្ជាក់ដែរថា លោក Taro Kono ធ្លាប់បាន​មក​កាន់​ប្រទេស​កម្ពុជា​ម្តង​នៅ​ឆ្នាំ​១៩៩២ ហើយ ឪពុក​របស់​លោក​ក៏​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន​ផង​ដែរ និង​ធ្លាប់​បាន​មក​រួម​ចំណែក​ក្នុង​ការជួយ​ដល់​កម្ពុជា​កន្លងមក​ក្នុង​ការស្វែងរក​សន្តិភាព និង​ក្នុង​ការជំរុញ​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​៕

 

 

 

 

 

 

 


ព័ត៌មានផ្សេងទៀត