រដ្ឋមន្ត្រីការបរទេស​ជប៉ុន នាំ​ជំនួយ​ជាង​៩០​លាន​ដុល្លារ​ឲ្យ​កម្ពុជា​

08-04-2018 10:51 am 1350
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក តា​រ៉ូ កូ​ណូ (Taro Kono) មក​បំពេញ​ទស្សនៈកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា នៅ​ថ្ងៃអាទិត្យ​នេះ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​ដើម្បី​អបអរសាទរ​ខួប​៦០​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។ ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​មក​កម្ពុជា​លើក​នេះ បាន​នាំមក​នូវ​ជំនួយ​សរុប​ជាង​៩០​លាន​ដុល្លារ ដល់​កម្ពុជា​ផងដែរ​។

​នៅ​ព្រឹក​ថ្ងៃទី​០៨ មេសា​នេះ លោកតា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ជប៉ុន បាន​មកដល់​កម្ពុជា ដើម្បី​បំពេញ​ទស្សនៈកិច្ច​ផ្លូវការ​រយៈពេល​១​ថ្ងៃ​។ ទស្សនៈកិច្ច​ផ្លូវការ​មួយ​នេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ជប៉ុន​-​កម្ពុជា និង​ធ្វើ​ការចុះហត្ថលេខា​លើ​ហិរញ្ញប្បទាន​ចំនួន ៩.៧១៦​លាន​យ៉េន​ផងដែរ​។​

​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស កាលពី​ម្សិលមិញ ឲ្យដឹងថា ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា លោក តា​រ៉ូ កូ​ណូ នឹង​ជួបពិភាក្សា​ការងារ​ជាមួយ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​វិមាន​សន្តិភាព ជួបពិភាក្សា​ទ្វេភាគី ជាមួយ​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ផងដែរ​។
​ឯ​ការចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ នៃ​ការពិភាក្សា ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន ដល់​រដ្ឋាភិបាល​កម្ពុជា ធ្វើឡើង​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន ក្រោម​អធិបតីភាព​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។​

​ក្រសួងការបរទេស​កម្ពុជា បានបញ្ជាក់​ពី​ការផ្តល់​ហិរញ្ញប្បទាន​ជំនួយឥតសំណង​នេះ​ផង​ដែល ទី​១​គឺ​ការចុះហត្ថលេខា លើ​ហិរញ្ញប្បទាន​ឥត​សំណង​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៥០០ លាន​យ៉េន គឺ​ប្រមាណ​ជាង ៤.៦​លាន​ដុល្លា​រអា​មេ​រិច សម្រាប់​អនុវត្ត​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា និង​ទី​២ ឥណទាន​សម្បទាន ឬ​កម្ចី ដែលមាន​ការប្រាក់​ទាប​ប្រមាណ​ជា ៩.២១៦ លាន​យ៉េន ឬ​ប្រមាណ​ជិត​៨៦​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន និង​ចែកចាយ​អគ្គីសនី នៅ​ភ្នំពេញ​ជំហាន​ទី​២​។​

​គួរ​រំលឹក​ផងដែរ ពេល​ថ្មី​នេះ​ជប៉ុន​ក៏បានផ្តល់​គ្រឿងចក្រ​កម្ទេច​មីន​ធុន​ធ្ងន់ និង​គ្រឿងបន្លាស់​ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជិត​៤​លាន​ដុល្លារ​អាមេរិក ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​។ ក្រៅពីនេះ ទឹកប្រាក់​ប្រមាណ​៨​លាន​ដុល្លា​ទៀត ជប៉ុន​បាន​ផ្តល់ឲ្យ​កម្ពុជា​សម្រាប់​ការ​បោសសម្អាត​មីន និង​កាកសំណល់​ជាតិ​ផ្ទុះ ក្នុង​ឆ្នាំ​២០១៨​នេះ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត