លោក​កឹម សុខា ច្រានចោល​សម្តី​មេធាវី​របស់ខ្លួន ដែលថា​ចង់ឲ្យ​គណបក្ស​ទាំងពីរ​ចរចា​

07-04-2018 4:46 pm 1267
  ស្តាប់
ស្តាប់ជាសំឡេង

​លោក កឹម​សុខា បាន​សរសេរ​សារ​នៅលើ​បណ្តាញ​សង្គម​Facebook របស់លោក ដោយ​បានដិ​សេធ​ការចុះផ្សាយ​ដែលថា​លោក​ចង់ឲ្យ​អតីត​គណបក្សប្រឆាំង និង​គណបក្សកាន់អំណាច ជួបគ្នា ដើម្បី​ដោះស្រាយ​វិបត្តនយោបាយ​បច្ចុប្បន្ន​។ ការចុះផ្សាយ​នេះ គឺ​ការ​ស្រង់​សម្តី​លោក ហែម សុជាតិ ដែលជា​មេធាវី​ការ​ក្តី​របស់លោក ក្នុង​វិទ្យុ​អាស៊ីសេរី​កាលពី​សុក្រ​នេះ​។

​ការប្រកាស​បដិសេធ និង​ច្រានចោល របស់​អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ ធ្វើឡើង បន្ទាប់ពី​វិទ្យុ​អាស៊ីសេរី​បាន​ផ្សាយ​ថា មេធាវី​របស់លោក គឺ​លោក ហែម សុជាតិ បាន​និយាយថា លោក កឹម សុខា ចង់ឲ្យ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ ជួបចរចារ​ដើម្បី​ដោះស្រាយ​វិបត្តនយោបាយ​បច្ចុប្បន្ន ហើយ​លោក​កឹម សុខា លើកឡើងថា​ជម្លោះ​នយោបាយ​បច្ចុប្បន្ននេះ គ្មាន​ជម្រើស​អ្វី​ល្អ​ក្រៅពី​ការចរចា រវាង​ខ្មែរ និង​ខ្មែរ​នោះឡើយ​។​
​ជា​ការឆ្លើយតប​លោក​កឹម សុខា​បានបញ្ជាក់​នៅលើ​ទំព័រ Facebook របស់លោក​ថា «​សូមបញ្ជាក់ថា លោក​ហែម សុជាតិ ពុំបាន​ជួប​ជាមួយ​លោក​កឹម សុខា​ដូចដែល​បាន​ចុះផ្សាយ​ឡើយ ហើយ​សម្តី​របស់លោក ហែម សុជាតិ គឺជា​មតិ​ផ្ទាល់ខ្លួន​របស់លោក​។ អាស្រ័យហេតុនេះ​សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​កុំ​មាន​ការយល់ច្រលំ​»​។​

​បើ​គិត​មកដល់ពេលនេះ​មាន​រយៈពេល​ជិត​៨​ខែ​មកហើយ​ដែល លោក​កឹម សុខា​អតីត​ប្រធាន​គណបក្សប្រឆាំ​ត្រូវបាន​ឃុំខ្លួន ក្រោម​បទ​ចោទប្រកាន់ថា​ក្បត់ជាតិ​។ លោក​ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧​កន្លងទៅ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៨ នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ពី​គោលជំហរ​ដាច់ខាត​គឺ​មិន​ជួបចរចា​ជាមួយ​ក្រុម​ក្បត់ជាតិ ក៏​ព្រោះ​ក្រុម​អតីត​មេដឹកនាំ​គ​បណ​បក្សប្រឆាំង លោក​សម រង្សី គ្មាន​ឆន្ទៈ​ស្មោះ​ក្នុង​ការស្វែងរក​ការចរចា នឹង​តែងតែ​វាយប្រហា​រលោក និង​រដ្ឋាភិបាល​របស់​លោក​ជា​បន្តបន្ទាប់​៕

ព័ត៌មានផ្សេងទៀត